កំណើន​នៃ​ការចិញ្ចឹម​ទា លើស​តម្រូវ​ការធ្វើ​ឲ្យ​ពង​ទា​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំមុន​

771
ចែករម្លែក

ដោយ​: ចាន់ ថន / កណ្តាល​: សព្វថ្ងៃ​គេ​សង្កេតឃើញ​ពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ងាក​មក​ចិញ្ចឹម​ទាយ​កពង​លក់ ដោយ​ពួកគាត់​គិតថា មុខរបរ​មួយ​នេះ អាច​ផ្តល់​ប្រាក់ចំណូល​ច្រើន​គួរសម បន្ទប់​ពី​ធ្វើស្រែ​ចម្ការ​រួច និង​បាន​ជួយ​ឲ្យ​ជីវភាព ពួកគាត់​ប្រសើ​ឡើង​។​

​អ្នកស្រី លិ​ន គ​ន្ធា ជា​កសិករ​រស់នៅ​ភូមិរ​កាជ​ន្លឹ​ង​ទី​២ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ ឥឡូវ​កសិករ​ជាច្រើន​នាក់​នៅក្នុង​ភូមិ​របស់គាត់ បាននាំគ្នា​ចាប់​របរ​មួយទៀត គឺ​ចិញ្ចឹម​ទាយក​ពង​លក់ ព្រោះ​វា​អាចជួយ​រកប្រាក់​ចំណូល​បាន​គួរសម​។ អ្នកស្រី​បាន​បន្តទៀតថា កាលពី​ដំបូង​ពុំ​សូវ​មាន​អ្នក​ចិញ្ចឹម​ទេ​។ ក្រោយពី​ធ្វើស្រែ​ចម្ការ​រួច តែងតែ​នាំគ្នា​ស្វែងរក​ការងារ​នៅក្រៅ​ស្រុក ដូចជា​កម្មករសំណង់ ឬ​ជា​កម្មករ​នៅតាម​បណ្តាល​រោងចក្រ សហគ្រាស​ផ្សេងៗ នៅឯ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​នានា និង​ខ្លះទៀត​ក៍​ចំណាក​ទៅ​ក្រៅប្រទេស​ក៏មាន​។ តែ​ឥឡូវ​ដោយ​ពលរដ្ឋ​សម្លឹង​ឃើញថា មុខរបរ​ចិញ្ចឹម​ទា នាពេល​បច្ចុប្បន្ននេះ អាច​រកប្រាក់​ចំណូល​បាន​គ្រាន់បើ និង​អាច​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​ប្រពន្ធ​កូន​ទៀតផង ជាហេតុ​នាំ​ឲ្យ​មាន​កំណើន​អ្នក​ចិញ្ចឹម​កើន​ឡើងជា​រៀងរាល់ខែ​។ បើទោះបី​តម្លៃ​ពង​ទា​ធ្លាក់ចុះ​យ៉ាងណាក៏ដោយ​។ អ្នក​ចិញ្ចឹម​ទា​នៅតែ​បន្ត​ចិញ្ចឹម​ពីមួយ​ទៅមួយ ព្រោះ​វា​នៅតែ​អាច​រក​កម្រៃ​បាន​ខ្លះៗ​ដែរ​។ អ្នកស្រី​បន្ថែមថា សត្វ​ទា​គឺ​ចាប់ផ្តើម​ចិញ្ចឹម​នៅ​ដើមខែ​វិ​ច្ឆ​កា រហូតមកដល់​ខែកុម្ភៈ យើង​អាច​ចាប់ផ្តើម​ប្រមូល​ផល​បណ្តើរៗ​ហើយ​។​

​គួររំលឹកថា ចំពោះ​សត្វ​ទា​ពេញវ័យ​ពង​ចំនួន ១,៥០០​ក្បាល ក្នុង​មួយថ្ងៃ​ស៊ី​ចំណី​អស់​ចំនួន​៦​បាវ​។ ក្រៅពីនោះ គឺ​ប្រលែង​ឱ្យ​វា​ដើររក​ចំណី​នៅតាម​វាលស្រែ និង​ប្រឡាយ ដែល​អាច​ទទួល​ពង​បាន​ប្រមាណ ច​ម្លោះ​ពី​១,០០០​ទៅ​១,៣០០​គ្រាប់​ដែរ​ក្នុង​មួយ​យប់​។ រីឯ​តម្លៃ​នៅពេល​បច្ចុប្បន្ន​គេ​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ ក្នុង​១​គ្រាប់​ចន្លោះ​ពី​៣១០​រៀល​ទៅ ៣៨០​រៀល ហើយ​តម្លៃ​នេះ​ទាប​ជាង​ឆ្នាំមុន​។ ព្រោះ​កន្លងមក​ពង​ទា​១​គ្រាប់​លក់បាន​តម្លៃ​៣៩០​រៀល​ទៅ​៤១០​រៀល​។ តែ​សព្វថ្ងៃ​វិញ​តម្លៃ​ពង​ទា​ចុះ ខណៈពេលដែល​ការចិញ្ចឹម​កើនឡើង​ច្រើន​។ ជា​មធ្យម​ទា​ចំនួន​១,៥០០​ក្បាល គាត់​អាច​រកប្រាក់​ចំណូល​បាន​ចន្លោះ​ពី​៨០,០០០​រៀល​ទៅ​១០០,០០០​រៀល​ក្នុង​មួយថ្ងៃ​។​

​ជាមួយគ្នា​នោះ លាមក​របស់​ទា គេ​អាច​លក់បាន​ថែម​ទៀតផង ដោយ​ក្នុង​១​បាវ​បាន​តម្លៃ​៣,០០០​រៀល ទៅ​៣,៥០០​រៀល​។ រាល់ថ្ងៃនេះ កសិករ អ្នក​ដាំ​ដុះ​កំពុង​ត្រូវការ​លា​កមទា ដើម្បី​ធ្វើ​ជីធម្មជាតិ​។ លាមក​ជ្រូក គោ មាន់ ទា កាន់តែច្រើន កសិករ​កាន់​តែមាន​តម្រូវការ​ខ្ពស់ សម្រាប់ធ្វើ​ជី​ដាក់​តាម​វាលស្រែ​។​

​ចំពោះ​លោក គង់ ណឹ​ម មេឃុំរ​កាជ​ន្លឹ​ង​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​កំណើន​នៃ​ការចិញ្ចឹម​ទាយក​ពង​បាន​កើនឡើង​កាន់តែ​ច្រើនឡើង ព្រោះ​មុខរបរ​នេះ អាចជួយ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ពួកគាត់​ធូរធា​ជាង​មុន​។ មិនតែប៉ុណ្ណោះ លាមក​ទា​ក៏​អាច​លក់​បានដែរ ព្រោះ​កសិករ ភាគច្រើន​កាន់តែ យល់ដឹង​ពី​គុណប្រយោជន៍​របស់​ជីធម្មជាតិ​ ​ដើម្បី​យកទៅដាក់​ស្រែចម្ការ គាត់​បាន​បន្ថែមទៀតថា សព្វថ្ងៃ​អ្នក​ចិញ្ចឹម​ទា ខ្លះ​ក៏មាន​ឡាន​ជិះ​ម៉ូតូ​ទំនើបៗ​។ ក៏ប៉ុន្តែ​ចំនួន​បរិមាណ​ការចិញ្ចឹម​ទា ប៉ុន្មាន​លោក​មិនទាន់​ដឹង​ច្បាស់​ទេ ព្រោះ​វា​មានការ​កើនឡើង​រៀងរាល់ថ្ងៃ​៕ ល​