កំណើន​ប្រជាសាស្ត្រ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អ​កំពុង​ជំរុញ​ការវិនិយោគ​នៅក្នុង​ខណ្ឌ​សែន​សុខ​

220
ចែករម្លែក
ផ្សារ​ទំនើប​ថ្មី​ដែល​នឹង​លេច​វត្ត​មាននៅ​លើផ្លូវ​ហាណូយ​ឆ្នាំ​២០២០(​រូបថត​ឯកសារ​)

ដោយៈ​ច្រាយ ចំណាន​/ភ្នំពេញៈ កំណើន​ប្រជាសាស្ត្រ និង​ភាពល្អប្រសើរ​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​ឲ្យ​តំបន់​ផ្លូវ​ហាណូយ ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយ នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។​
​ ​ផ្លូវ​ដ៏​សំខាន់​នេះ​បានប្រែក្លាយ​ពី​តំបន់​ធ្លាប់​ស្ងប់ស្ងាត់​កាលពី​ប្រាំ​ឆ្នាំមុន មកជា​តំបន់​ដែល​ការធ្វើ​ចរាចរ​យ៉ាង​មមាញឹក ដោយសារ​មហាវិថី​នេះ​បាន​ត​ភ្ជាប់​ជាមួយ​ផ្លូវ​សំខាន់ៗ​នៅ​តំបន់​នោះ​ដូចជា មហាវិថី​ឈ្នះ ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​) ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​សម្តេច​ជាស៊ីម ផ្លូវ​ឧកញ៉ា​ម៉ុង រិ​ទ្ឋី​ជាដើម​។​


​ ​ជាមួយនឹង​ការរីកចម្រើន និង​កំណើន​នៃ​លំហូរ​ប្រជាជន ចូលមក​កាន់​រាជធានី​ភ្នំពេញ​កើនឡើង​ជាប្រចាំ​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំនេះ បានធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឆ្ពោះទៅកាន់​តំបន់​នេះ​កាន់តែច្រើន ដែលមាន​បុរី និង​ខុន​ដូ​ជាច្រើន​បាន និង​កំពុង​សាងសង់​នៅ​តំបន់​នេះ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ ដែលជា​បណ្តុំ​ទីផ្សារ​បោះ​ដុំ​ទំនិញ​គ្រប់់​ប្រភេទ និង​ជា​ផ្សារ​ទំនើប​ដែលមាន​លក់ទំនិញ អាហារ​និង​ភេសជ្ជៈ​ចម្រុះ ការិយាល័យ ឧទ្យាន​អាហារ នឹង​បង្ហាញ​វត្ត​មាននៅ​តំបន់​នេះ​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ​។​


​នាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​B2B Park លោក​ធួន ស៊ីណាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១១ កញ្ញា​នេះ​ថា ដោយ​មើលឃើញ​សក្តានុពល​តំបន់​នេះ​កំពុងមាន​ភាព​រីកចម្រើន និង​កំណើន​ប្រជាសាស្ត្រ​កាន់តែច្រើន តំបន់​ផ្លូវ​ហាណូយ​គួរ​មាន​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើនប្រជាជន​រស់នៅក្នុង​តំបន់​នេះ​។​

ផ្សារ​ទំនើប​ថ្មី​ដែល​នឹង​លេច​វត្ត​មាននៅ​លើផ្លូវ​ហាណូយ​ឆ្នាំ​២០២០(​រូបថត​ឯកសារ​)


​លោក​បន្តថា “​ការបង្ហាញ​វត្តមាន​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​(AEON MALL), ម៉ាក្រូ​(MAKRO), ក្លូ​ប៊​ល ហោ​ស​(Global House) មិនមែនជា​បញ្ហា​នោះឡើយ​។ យើង​មិន​ប្រកួតប្រជែង​គ្នា​នោះទេ តែ​វា​ជាការ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​យើង​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន​”​។​លោក​បន្ថែមថា “B2B Park​នឹង​ដើរតួនាទី​ជា​បណ្តុំ​ទំនិញ សេវាកម្ម​ម្ហូបអាហារ ការកម្សាន្ត ការិយាល័យ​និង​ជា​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​បោះ​ដុំ​ថ្មី​មួយ​នៃ​រាជធានី​ភ្នំពេញ​”​។​


​ ​គម្រោង​នេះ​បាននិងកំពុង​តាំង​នៅលើ​ទីតាំង ដែលមាន​បុរី​ចំនួន​៧​កន្លែង​ព័​ទ្ឋ​ជុំវិញ ស្ថាប័ន​រដ្ឋាភិបាល ធនាគារជាតិ ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ ធនាគារ សាលារៀន និង​អាចធ្វើ​ដំណើរ​ត្រឹម​១៥​ទៅ​២០​នាទី ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
​លោក​ធួន ស៊ីណាន​បាន​បន្តថា ជាមួយ​សកម្មភាព​នៃ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​នេះ ការវិនិយោគ​ផ្សារ​ទំនើប​និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ ត្រូវបាន​អ្នក​អភិវឌ្ឍន៍​គិតដល់​ការបង្កើត​ផ្សារ​សហគមន៍ រោងភាពយន្ត ចំណត​យានយន្ត សមស្រប ដើម្បី​ឆ្លើយតប​នឹង​អតិថិជន និង​កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​នៅ​កម្ពុជា​។​


​ជាមួយនឹង​ពាក្យស្លោក “​អនាគត​ចាប់ផ្តើម​ពី​ទីនេះ​” B2B Park មាន​កម្ព់ស់​ប្រាំមួយ​ជាន់​ជាមួយនឹង​ការ​រចនា​អគារ​ដ៏​ទាក់ទាញ និង​មាន​ភាព​រស​រវ៉ើក នៅលើ​ផ្ទៃដី​ទំហំ​ជាង ២៣.០០០​ម៉ែត្រការ៉េ ក្រោម​ការបែងចែក​ជាទី​តាំងពិព័រណ៍​ពាណិជ្ជកម្ម ផ្សារ​សហគមន៍ ការិយាល័យ​ជួល ឧទ្យាន​អាហារ និង​ភេសជ្ជៈ រោងភាពយន្ត និង​លំហរ Sky bar ស្ថិតនៅ​ជាន់​ទី​៥​។​
​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​ថ្លែងថា នៅ​តំបន់​ខាងលើនេះ មាន​ភាព​ទាក់ទាញ​ខ្លាំង និង​មាន​តម្រូវ​ការបញ្ជាទិញ​ខ្ពស់​។ លោកស្រី​បាន​បន្តទៀតថា បច្ចុប្បន្ន បើទោះជា​មាន​ផ្សារ​ទំនើប​ច្រើន ក៏ពិតមែន ប៉ុន្តែ​វា​នៅតែ​ទាមទារ​ឱ្យមាន​ផ្សារ​ទំនើប​បន្ថែមទៀត ដែលមាន​ការផ្គត់ផ្គង់​ផលិតផល​ផ្សេងៗ​គ្នា មិនមែនជា​ការប្រកួត​ប្រជែង​។​


​លោកស្រី​បាន​បញ្ជាក់ថា “​នៅក្នុង​ខណ្ឌ​សែន​សុខ​នាពេល​បច្ចុប្បន្ន ចំនួន​ផ្សារ​ទំនើប​នៅ​មិនទាន់​លើស​តម្រូវការ​នោះទេ ហើយ​កម្លាំង​នៃ​ការបញ្ជារ​ទិញ​នៅតែ​បន្ត​មាន​កំណើន​”​។​
​ជាមួយគ្នានេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម មានប្រសាសន៍ថា សែន​សុខ គឺជា​ខណ្ឌ​មួយ​ដែលមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​លំនៅដ្ឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់​ដោយ សារ​តែមាន​លំហូរ​ប្រជាសាស្ត្រ​ជាច្រើន ចូលទៅ​រស់នៅក្នុង​ខណ្ឌ​មួយ​នេះ ហើយ​មាន​ភាព​អំណោយផល​លើ​កត្តា​ភូមិសាស្ត្រ​។​


​លោក​បាន​បន្តទៀតថា “​នៅក្នុង​ខណ្ឌ​មួយ​នេះ មាន​ផ្លូវ​សេដ្ឋកិច្ច​សំខាន់ៗ​ជាច្រើន ជាពិសេស​ផ្លូវ​ហាណូយ ដែល​កំពុង​តែមាន​ភាព​រីកចម្រើន និង​អភិវឌ្ឍ​ទៅលើ​សំណង់​អាគារ​ខ្ពស់ៗ​ជាច្រើន ដែល​កាន់តែ​ធ្វើឱ្យ​តំបន់​មានតម្លៃ​កាន់តែ​ថ្លៃ​”៕សរន