កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់​ទាប​បំផុត តែ​វា​នៅតែ​រីកចំរើន​ខ្លាំង​ជាង​គេ​នៅ​ក្នុង​លោក​

496
ចែករម្លែក

​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​បាន​កើន​៦,៣​ភាគរយ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន មក​ដល់​ចំនួន​៤៥,០៩​លាន​លាន​យ័ន​(៦,៦​លាន​លាន​ដុល្លារ​) នេះ​បើ​តាម​ទិន្នន័យ​មក​ពី​ការិយាល័យ​ជាតិ​ស្ថិតិ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​កក្កដា​។​

​យោង​តាម​សារព័ត៌មាន​ចិន​ស៊ីនហួ កំណើន​នេះ​ស្រប​តាម​គោលដៅ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​កំណើន​៦-៦,៥​ភាគរយ​សំរាប់​ឆ្នាំ​២០១៩​។​តែ​បើ​តាម​សារព័ត៌មាន​លោក​​ខាងលិច ចំនួន​នេះ​តំណាង​អោយ​កំណើន​យឺត​បំផុត​នៅ​រយៈពេល​ជិត​៣​ទសវត្សរ៍​មក​នេះ​ចំពេល​ចិន​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​និង​តំរូវការ​ពិភពលោក​ចុះ​​ខ្សោយ​។​

​ការិយាល័យ​បាន​បញ្ចេញ​អោយដឹងទៀតថា នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​នេះ​កំណើន​សេដ្ឋកិច្ច​ចិន​សំរេចបាន​៦,២​ភាគរយ ទាប​ជាង​៦,៤​ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​បើ​តាម​សារព័ត៌មាន​លោកខាងលិច សេដ្ឋកិច្ច​រីកចំរើន​យឺត​នេះ​វា​កាន់តែ​ធ្វើអោយ​ចិន​ពិបាក​តតាំង​ជាមួយ​អាម៉េរិក ដែល​កំពុង​ប្រើ​ពន្ធ​ជា​ឧបករណ៍​តថ្លៃ​ដើម្បី​បង្ខំ​អោយ​ចិន​​បើកចំហ​ទីផ្សារ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិ​ខាងលើ​លោក ម៉ៅ សេង​យ៉ុង បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ដំណើរការ​សេដ្ឋកិច្ច​ជាទូទៅ​មាន​លំនឹង​និង​នៅតែ​ស្ថិត​ក្នុង​កំរិត​​សមស្រប​មួយ ដោយ​ការរីកចំរើន​មាន​នៅក្នុង​វិស័យ​មួយចំនួន​។​

​ម៉ៅ​បាន​និយាយថា កំណើន​៦,៣​ភាគរយ​នេះ សំរេចបាន​ចំ​ពេល​កំណើន​សេដ្ឋកិច្ច​ស​កល​កាន់តែ​ធ្លាក់​ចុះ កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​ចុះខ្សោយ​និង​សម្ពាធ​ក្នុងស្រុក ដែល​ធ្វើ​​អោយ​មហាអំណាច​ចិន​នៅតែមាន​សេដ្ឋកិច្ច​រីកចំរើន​លឿន​បំផុត​ជាង​គេ​នៅក្នុង​លោក​។​

​ទិន្នន័យ​បង្ហាញ​វិស័យ​សេវា​តំណាងអោយ​៥៤,៩​ភាគរយ​និង​មាន​កំណើន​៧​ភាគរយ ការប្រើប្រាស់​ចូលរួមចំណែក​កំណើនសេដ្ឋកិច្ច​៦០,១​ភាគរយ ការលក់​រាយ​កើន​៨,៤​ភាគរយ ការ​​វិនិយោគ​កើន​៥,៨​ភាគរយ តែ​ទិន្នផល​ឧស្សាហកម្ម​កើន​៦​ភាគរយ ដោយ​ធ្លាក់​ចុះ​ពី​កំណើន​៦,៥​ភាគរយ​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា កំណើន​ឆមាស​ទី​១​នេះ​ផ្តល់​មូលដ្ឋាន​ល្អ​មួយ​សំរាប់​ប្រទេស​សំរេច​បាន​កំណើន​ប្រចាំឆ្នាំ​តាម​គោលដៅ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ធំ រួម​មាន​ការកាត់បន្ថយ​ពន្ធ​ដ៏​ច្រើន​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​តែ​វា​នៅតែ​មិន​គ្រប់គ្រាន់​​សំរាប់​ទូទាត់​ការថយចុះ​ទាំង​នៅក្នុង​ស្រុក​និង​តំរូវការ​មកពី​ក្រៅ ដែល​មួយ​ផ្នែក​បង្កឡើង​ពី​សង្គ្រាម​វាយ​ពន្ធ​របស់​អាម៉េរិក​លើ​ទំនិញ​ចិន​៕​ដោយ​៖​វាសនា​

ការនាំចេញ​សរុប​របស់​ចិន​នៅ​ឆមាស​ទី​១​បាន​កើន​០,១​ភាគរយ​