កំណើន​អ្នកជំងឺ​ធនាគារ​CIMB​បន្ត​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក​បាទី​២​ឆ្នាំ​ជាប់​គ្នា​

160
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរពេទ្យបង្អែក​បាទី​ជា​រៀងរាល់ខែ​មាន​អ្នកជំងឺ​ប្រមាណ ពី ៣៥០-៤៥០​នាក់ មក​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុងនោះ​មាន​ស្ត្រី​សម្រាលកូន​ប្រមាណ ៧០-៨០​នាក់​ផងដែរ​។​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់ របស់​អ្នកជំងឺ ដែលមាន​ចំនួន​កើន​ឡើងជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី​ភីអិលស៊ី​(​ធនាគារ​CIMB)​បាន​បន្ត​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ពេទ្យ​សំខាន់ៗ​បន្ថែមទៀត ដល់​មន្ទីរពេទ្យបង្អែក​បាទី ខេត្តតាកែវ ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​។

​សកម្មភាព​សប្បុរសធម៌​សម្រាប់​២​ឆ្នាំ​បន្តបន្ទាប់​របស់​ធនាគា​រ​CIMB​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយមាន​ការចូលរួម​ដោយផ្ទាល់ ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ធនាគារ ក្រោម​ពាក្យស្លោក «​ធនាគារ CIMB​បន្ត​យកចិត្តទុកដាក់​លើ​សុខភាព​មាតា​និង​កុមារ​»​។​លើសពី​ឆ្នាំមុន​ធនាគារ​CIMB​បានប្រគល់​ឧបករណ៍​ពេទ្យ​ចាំបាច់​បំផុត​មួយចំនួន​ដល់​មន្ទីរពេទ្យ​ដូចជា​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ​ព្រមទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​នេះ​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​ឆ្លងតាម​គម្រោង​នៃ​ការទទួលខុសត្រូវ​ក្នុងសង្គម​(CSR)​និង​ការផ្តល់​វិភាគទាន តាមរយៈ​នៃ​ការប្រគល់ ទៅកាន់​សហគមន៍​វិញ នូវ​ចំណែក​នៃ​ផល​អាជីវកម្ម របស់​ធនាគារ CIMB ។​យើងខ្ញុំ​បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន ដូចជា​អប់រំ​សិក្សាធិការ (​ការផ្តល់​អាហារូបករណ៍​) – បរិស្ថាន (​ការដាំ​ដើមឈើ​) – សុខាភិបាល (​ថ្មី​នេះ រួមចំណែក​ជាមួយ​ធនាគារជាតិ​។​

​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពី​ប្រទេស​អូស្ត្រាលី​ដែល​ជួយឧបត្ថម្ភ​ព្យាបាល​អ្នកជំងឺ​ភ្នែក​ដល់​អ្នកជំងឺ​រាប់រយ​នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​ស៊ូ​វៀត​)​ហើយ​។​ដោយឡែក​សម្រាប់​មន្ទីរ​ពេទ្យ​បាទី​នេះ​ធនាគារ​យើងខ្ញុំ​បាន​ចូលរួម​ឧបត្ថម្ភ​ជា​លើក​ទី​២​។​ចំណុច​ពិសេស​ដែល​ទាក់ទាញ​ធនាគារ​CIMB​យើងខ្ញុំ​មកកាន់​មន្ទីរពេទ្យបង្អែក​បាទី​ម្តងទៀត​គឺ​ស្ថិតក្នុង​គោលបំណង​ធានា​និរន្ត​ភាព​នូវ​ការជួយ​ឧ​ប​ត្ត​ម្ភ​របស់​ធនាគារ​យើងខ្ញុំ​នឹង​ស្ថិតស្ថេរ​ជា​កាល​រៀង​ទៅ​។​

​ការឧបត្ថម្ភ​លើក​ទី​២​នេះ​គឺ​រួមមាន​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ​កៅអី​សម្រាប់​អ្នកជំងឺ​រង់ចាំ​តុ​ចល័ត​ពិនិត្យ​អ្នកជំងឺ​គ្រែ​សង្គ្រោះ​អ្នកជំងឺ​បន្ទាន់​ឧបករណ៍​វាស់​កំហាប់​អ៊ុក​ស៊ី​សែន​ក្នុង​ឈាម​និង​គ្រែ​ពិនិត្យ​អេកូ​ជាដើម​»​។​ស្ថិតក្នុង​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​លោក​វេជ្ជបណ្ឌិត​សៅ​ចាន់ថា​ប្រធាន​មន្ទីរពេទ្យបង្អែក​បាទី​បាន​មានប្រសាសន៍ថា​៖«​បច្ចុប្បន្ន​ក្រៅពី​អ្នកជំងឺ​នៅក្នុង​មូលដ្ឋាន​និង​ក្នុង​ខេត្តតាកែវ​ក៏មាន​អ្នកជំងឺ​មកពី​ខេត្ត​ជិតៗ​មក​ទទួល​សេវាកម្ម​ព្យាបាល​ពី​មន្ទីរពេទ្យបង្អែក​បាទី​ផងដែរ​។​

​ស្រប​ពេលដែល​អ្នកជំងឺ​ការកើនឡើង​ជា​លំដាប់​ឧបករណ៍​ពេទ្យ​ដែល​ធនាគារ​CIMB​យកមក​ប្រគល់ជូន​មន្ទីរពេទ្យបង្អែក​បាទី​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដល់​ការព្យាបាល​អ្នកជំងឺ​ដែល​ញុំ​ា​ង​ឲ្យ​ការព្យាបាល​អ្នកជំងឺ​កាន់​តែមាន​ប្រសិទ្ធ​ភាពល្អ​។​

ជាក់ស្តែង​ដូចជា​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ​និង​ឧបករណ៍​វាស់​កំហាប់​អ៊ុក​ស៊ី​សែន​ក្នុង​ឈាម​នេះ​ជាដើម​គឺជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដ៏​ទំនើប​ដែល​ជួយ​ដល់​ការតាមដាន​និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ទូទៅ​ប្រកបដោយ​ប្រសិទ្ធភាព​។​តាងនាម​ឱ្យ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​បាទី ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ធនាគារ CIMB ដែល​បន្ត​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​យើងខ្ញុំ លើក​ទី​២​នេះ ហើយ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្ត​ឧបត្ថម្ភ នៅ​ឆ្នាំ​ខាងមុខៗ​ផងដែរ​»​។​

​លោក​សាន​ពិសី​ជា​បុគ្គលិក​ធនាគារ​CIMB​មួយរូប​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់ជូន​សម្ភារៈ​ពេទ្យ​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ថ្ងៃនេះ គឺជា​លើក​ទី​៤​ហើយ ដែល​ខ្ញុំ​បាន​ចូលរួម​ការងារ​សង្គម ជាមួយ​ធនាគារ​CIMB​ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បាន​ចូលរួម​កម្មវិធី​បរិច្ចាគ​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរពេទ្យបង្អែក​បាទី​នាពេលនេះ​។​

​បើតាម​ការសង្កេត​រប​ស់​ខ្ញុំ​ផ្ទាល់​អ្វីដែល​ធនាគារ​បាន​បរិ​ច្ចាគ​នា​ថ្ងៃនេះ​គឺ​ពិតជា​បំពេញ​ដល់​តម្រូវការ​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក​បាទី​ដែល​ជួយ​ដល់​ការព្យាបាល​អ្នកជំងឺ​រាប់រយ​នាក់​ក្នុង​មួយខែៗ​។​ដូច្នេះ​ការងារ​សង្គម​របស់​ធ​នាគារ​CIMB​នេះ​បានរួម​ចំណែក​ដល់​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​លើកស្ទួយ​ដល់​វិស័យ​សុខាភិបាល​ផងដែរ​។​សម្រាប់​ខ្ញុំ​ខ្ញុំ​នឹងចូលរួម​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​តាម​លទ្ធភាព​ជាមួយ​ធនាគារ​CIMB​លើក​ក្រោយៗ​ទៀតផង​ដែរ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅក្នុង​ប្រទេស​។​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ​ធនាគារ​CIMB​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ដែល​រួមមាន​វិស័យ​សំខាន់ៗ​ដូចជា​វិស័យ​អប់រំ​ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា​ក្នុងប្រទេស​កម្ពុជា​។​

​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស​វិស័យ​សុខាភិបាល​ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម​និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​មន្ទីរពេទ្យបង្អែក​បាទី​និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម​វិស័យ​សង្គមកិច្ច​ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា​ព្រមទាំង​ផ្នែក​បរិស្ថាន​ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ​នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​៕S/