កំណែទម្រង់​ប្រឡង​បាក់​ឌុប គួរតែ​ជា​គំរូ​មួយ​

231
ចែករម្លែក

​លទ្ធផលនៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប ឆ្នាំ​២០១៩ នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ថា មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៧៩.០៥២ នាក់ ត្រូវជា ៦៨, ៦២ ភាគរយ​។ ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស អេ​(A ) មាន​ចំនួន ៤៤៣ នាក់ ,​និទ្ទេស​ប៊ី​( B )​ចំនួន ២.៤៣០ នាក់ ,​និទ្ទេស​ស៊ី​( C) ចំនួន ៥.៨៤៧ នាក់ ,​និទ្ទេស ឌី​(D )​ចំនួន ១៤.១០០ នាក់ និង​និទ្ទេស​អ៊ី​( E) មាន​ចំនួន ៥៦.២៣២ នាក់​។

​ក្នុងចំណោម​បេក្ខជន ជាប់​និទ្ទេស A ទាំង ៤៤៣ នាក់ គឺ​រាជធានី​ភ្នំពេញ បាន​នាំមុខគេដាច់ ដែលមាន​បេក្ខជន​ចំនួន ១៤១ នាក់ ខេត្តសៀមរាប ៣៨ នាក់ ខេត្តបាត់ដំបង ៣២ នាក់ តាកែវ ២៩ នាក់ កំពង់ចាម ២៧ នាក់ ខេត្ត​ព្រែ​វែង ២៧ នាក់ បន្ទាយមានជ័យ ២៥​នាក់ កណ្តាល ២៣​នាក់ ត្បូងឃ្មុំ ១៥​នាក់ កំពង់ធំ ១៤​នាក់ ព្រះសីហនុ ១៣​នាក់ ស្វាយរៀង ៨​នាក់ ពោធិ៍សាត់ ៧​នាក់ កំពង់ឆ្នាំង ៦​នាក់ កំពង់ស្ពឺ ៦​នាក់ ក្រចេះ ៤​នាក់ រតនគិរី ២​នាក់ កោះកុង ម្នាក់ មណ្ឌលគិរី ម្នាក់ និង​ឧ​ត្ត​រ​មានជ័យ ម្នាក់​។​
​ ​
​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ដោយមាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង ១១៧០៤៣ នាក់ អវត្តមាន ១៨៣៨ នាក់​មាន​បញ្ហាសុខភាព​មិនអាច​បន្ត​ប្រឡង ១១ នាក់ និង​បេក្ខជនត្រូវបាន​ក្រសួង​អប់រំ​ទម្លាក់​ដោយស្វ័យប្រវត្តិ ចំនួន ២ នាក់​។​

​នៅ​ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ទី​៦ នៃ​ដំណើរការ​កំណែទម្រង់​ប្រឡង​បាក់​ឌុប​។ ពោលគឺ ចាប់តាំងពី​ដំណើរ​សំណេរ រហូតដល់​ដំណើរការ​កំណែ ជាពិសេស​ការ​បូក​ស្រង់​ពិន្ទុ និងការប្រកាស​លទ្ធផល គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ និង​ប្រកបដោយ​សុ​ក្រឹត្យ ភាព ១០០ ភាគរយ​។​

ដូច្នេះ​លទ្ធផល​នៃ​ដំណើរ​ការប្រឡង​នៅ​ឆ្នាំ​២០១៩​នេះ បង្ហាញ​កាន់តែច្បាស់​ថា កំណែទម្រង់​ការប្រឡង​បាក់​ឌុប​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន នៅតែទទួលបាន​ការអបអ​រ​សាទរ និង​ការគាំទ្រ ដូច​ប្រាំឆ្នាំកន្លងមក​​រាប់​ចាប់​តាំង ពី​ឆ្នាំ​២០១៤​។

​នៅក្នុង​ដំណើរការ​ប្រឡង​នៅ​ឆ្នាំ​២០១៩​នេះ មិនមាន​ការចូលរួម​សង្កេតការណ៍​ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច​បណ្តា​ប្រាំ​ឆ្នាំកន្លងមក​ទេ​។ តែ​វិន័យ និង​ការ​រឹតបន្តឹង ពិសេស​បេក្ខជន ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​ឡើយ​។ នេះ​ជា​ជោគជ័យ ដែល​មហាជនមិនអាច​មិន​សរសើរ មិនបាន​លើ​កំណែទម្រង់​នៃ​ការប្រឡង​បាក់​ឌុប​។​

​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​បេក្ខជន​ប្រឡង​ជាប់ តាមរយៈ​ពាក្យស្លោក​ថា “​អ្នកចេះ គឺជា​ប់​” មាន​ចំនួន​កើនឡើង​។ បេក្ខជន​ប្រឡង​ជាប់ គឺ​ជាប់​ដោយ​សមត្ថភាព​។ ក្នុងនោះ នៅ​ឆ្នាំ​២០១៩​នេះ កំណើន​នៃ​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A គឺជា​សិស្ស​ឆ្នើម​មាន​ចំនួន រហូតដល់ ៤៤៣​នាក់ គឺ​ច្រើនជាង ៥​ឆ្នាំកន្លងមក​។​
​ ​
សរុបទៅ កំណែទម្រង់​នៃ​ការប្រឡង​បាក់​ឌុប ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី ហង់​ជួនណា​រ៉ុ​ន បាន​ជោគជ័យ​ហើយ ឆ្លងកាត់​បទពិសោធន៍​ប្រាំមួយ​ឆ្នាំ​មកនេះ​។ មហាជនបាន​សំណូមពរ ដល់​លោក​រដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​២​របស់លោក​នេះ សូម​ឲ្យលោក​រដ្ឋមន្ត្រី ពង្រីក​ការ​រឹតបន្តឹង​វិន័យ​ក្នុងការ​ប្រឡង ចាប់តាំងពី​ថ្នាក់​បឋម​បន្ត​ដល់អនុវិទ្យាល័យ និង​ឈានដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា មហាវិទ្យាល័យ​។ មូលហេតុ ដើម្បី​ចូល រួម​កំណែទម្រង់​វិស័យ​អប់រំ ឲ្យ​ទទួលបាន​ជោគជ័យ និង​ដើម្បី​គុណភាព​ក្នុងការ​សិក្សា ដូចដែល​សិក្សា​នុ​សិស្ស​ថ្នាក់​ទី​១២ បាន​ប្រឹងប្រែង​រៀនសូត្រ​អស់​រយៈពេល​ប្រាំមួយ ឆ្នាំកន្លងមក​។​
​ ​
​គ្មានអ្វី​ថាធ្វើ​មិន​បានទេ បើសិនជា​យើង​ធ្វើ​។ ខ្លាច​តែ​មិនបាន​ធ្វើ​។ យ៉ាងណា​ក៏ដោយ ចុះ លោក​រដ្ឋមន្ត្រី ហង់​ជួនណា​រ៉ុ​ន ក៏​អាច​ធ្វើបាន ក្នុងការ​ពង្រឹងគុណភាព​អប់រំ​យើង​ឲ្យ​កាន់តែ​ល្អប្រសើរ ពិសេស​នៅពេល​ប្រឡង​គ្រប់​ថ្នាក់ ហើយ​កូន​ខ្មែរ​យើងមាន​សមត្ថភាព ក៏​មិន​អន់​នោះទេ​៕ ដោយ​: ម៉េង​ឆៃ/Ha