កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ​ធ្វើបាន​២៥%​ហើយ​

346
ចែករម្លែក
  • 52
    Shares

ដោយ:មូល​សម្បត្តិ/​ភ្នំពេញ​ ៖ ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​ក្លាយជា​ច្រកទ្វារ​ទេសចរណ៍​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​មួយ​ក្នុងការ​សម្រួល​ដល់​ការដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ប៉ែក​ភាគខាងត្បូង​នៃ​ប្រទេស​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ដែល​បាន​ចុះ​ពិនិត្យ​មើល​កាលពី​ថ្ងៃទី១២ ​ខែមីនា​បាន​ចាប់អារម្មណ៍​ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពតនឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុងការ​ធានារ៉ាប់រង និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។​

​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ រហូតមក​បច្ចុប្បន្ន​ស​ម្រេច​បាន​ប្រមាណ​ជាង២៥% ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០១៩ ខាងមុខ ស្របពេល​នឹង​ខេត្តកំពត​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​។ ​លោក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន Consultant ត្រូវខិតខំ​ព​ន្លឿ​ន​ដំណើការ​សាងសង់​ដោយ​អនុវត្ត​ន៍ទៅតាម​ផែនការ​សកម្មភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS TIIG No. 3194)​។​

​កំពង់ផែ​នេះ អាចមាន​សមត្ថភាព​ផ្ទុក​ទេសចរ និង​អ្នកដំណើរ​ចុះឡើង​ឆ្លងកាត់​ប្រមាណ ១​លាន​នាក់​។ ​ជាកំពង់ផែ​មាន​រចនាសម្ព័ន្ធ​តាម​ស្តង់ដារ​អន្តរជាតិ និង​ជា​កំពង់ផែ​សម្រាប់​​អ្នកដំណើរ (​មិនមែនជា​កំពង់ផែ​ទំនិញ​ឡើយ​)​។​

​ជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពតនៃ​ប្រទេស​កម្ពុជា ទៅកាន់​ពិភពលោក​។ ផែ​នេះនឹង​ជួយ​ជំរុញ​បន្ថែមបម្រើឲ្យ​រមនីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត រមណីយដ្ឋាន​ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​៕​B/Ha

#