កំពង់ផែ​ប្រេ​ស៊ី​ល កន្លែង​ដែល​ទាសករ​បានមក​ដល់ ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

779
ចែករម្លែក

កំពង់ផែ វ៉ា​ឡុ​ន​ហ្គោ (Valongo) ក្នុង​ទីក្រុង​រី​យ៉ូ​ដឹ​ជែ​នី​រ៉ូ កន្លែង​ដែល​ទាសករ​មកពី​អាហ្វ្រិក​បានមក​ដល់​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ដំបូងបង្អស់ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​។ នេះ​បើ​ម​អង្គការ​យូណេស្កូ​ប្រកាស​កាលពី​ថ្ងៃអាទិត្យ ទី ៩ កក្កដា​។​

​គណៈកម្មាធិការ​នៃ​ស្ថាប័ន​វប្បធម៌​របស់​អ​.​ស​.​ប ដែល​ជួបប្រជុំ​នៅក្នុង​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូឡូញ និយាយថា កំពង់ផែ​វ៉ា​ឡុ​ន​ហ្គោ គឺជា​ការ​រំលឹក​ដល់​ជនជាតិ​អាហ្វ្រិក​ប្រមាណ ៩០០.០០០ នាក់ ដែល​ត្រូវបាន​នាំទៅ​ទីនោះ ដោយ​ក្រុម​ឈ្មួញ​ទាសករ ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ ១៨១១​។​

​យូណេស្កូ​និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា កំពង់ផែ​ថ្ម​ចាស់​នេះ “​គឺជា​ដាន​ជាក់ស្តែង​ដ៏​សំខាន់​នៃ​ការមកដល់​របស់​ទាស​ករ​អាហ្វ្រិក​មក​ទ្វីបអាមេរិក​”​។

​អ្នកប្រវត្តិសាស្ត្រ លោក​កា​ចៀ បូ​ហ្គី ប្រធាន​វិទ្យាស្ថាន​បេតិកភណ្ឌ​ជាតិ​ប្រេ​ស៊ី​ល​បាន​ប្រាប់​គណៈកម្មាធិការ​យូណេស្កូ កំពង់ផែ​វ៉ា​ឡុ​ន​ហ្គោ ស័ក្តិ​សមនូវ​ការទទួលស្គាល់ ដូច​ជំរំ​ឃុំខ្លួន​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ អូ​ស្វី​ច (Auschwitz) និង ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា “​ដើម្បីឱ្យ​យើង​គ្រប់គ្នា​ចងចាំ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​មនុស្សជាតិ ដែល​មិនត្រូវ​បំភ្លេចចោល​ឡើយ​”​។​

សព្វថ្ងៃ ទីតាំង​កំពង់ផែ​នេះ​មិន​ស្ថិតនៅ​លើទឹក​ដូច​មុន​ទេ បន្ទាប់ពី​ការពង្រីក​ទីក្រុង ក្នុង​ឆ្នាំ ២០១១ ដើម្បី​កែលម្អ​កំពង់ផែ​នេះ ត្រៀម​សម្រាប់​អូឡាំពិក ២០១៦៕ ​ដោយ ៖កញ្ញាដាលីស

កំពង់ផែ វ៉ា​ឡុ​ន​ហ្គោ