កំពុងតែ​ដើរ​ភ្ជួរស្រែ​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ស្លាប់​

1135
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បុរស​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ចំ​ស្លាប់​ភ្លាមៗ នៅ​កណ្តាល​វាលស្រែ ខណៈពេលដែល​បុរស​រូបនោះ កំពុង​ដើរ​ភ្ជួរស្រែ​នៅ​ខាងក្រោយ​ផ្ទះ ហើយ​មាន​ភ្លៀង​ធ្លាក់​ផង​នោះ​។ ហេតុការណ៍​រន្ទះបាញ់​ចំ​មនុស្ស​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣​និង​៥០​នាទី ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ បាន​និយាយថា បុរសរងគ្រោះ​បានមក​ជួយ​ធ្វើស្រែ​ឲ្យ​បងប្អូន​នៅ​ភូមិ​ត្រពាំង​ស្វាយ​។ តែ​មុនពេល​កើតហេតុ គឺ​មេឃ​ខ្មៅ​មីរដេរដាស បុរសរងគ្រោះ​បានមក​ភ្ជួរស្រែ ខណៈ​ពេលនោះ​រូបគាត់​កំពុងតែ​ដើរ​ភ្ជួរស្រែ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ចំ​តែម្តង​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ បាន​បញ្ជាក់ថា បុរសរងគ្រោះ គឺមាន​ឈ្មោះ លាំ លេន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​បា​ល័​ង្គ ឃុំ​បា​ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​កោសល្យ​ពិច័យ ហើយ​សន្និដ្ឋានថា បុរសរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន​។ សព​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

#