កំពុង​ចាត់វិធានការ​ខ្លាច​មាន​ជ្រូក​ត្រចៀក​ក្រហម​លួច​នាំចូល​ពី​វៀតណាម​

158

(​ភ្នំពេញ)៖ខេត្ត​ជាប់​ព្រំដែន​ដូចជា​ខេត្ត​មណ្ឌល​គី​រី​,​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ​ដែល​ជាប់​នឹង​ខេត្ត​ប៊ិ​ញ​ភឿ​ក​ប្រទេស​វៀតណាម ត្រូវបាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ណែនាំ​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ទាំងបី​ខាងលើ​ពង្រឹង​ការប្រុងប្រយ័ត្ន និង​រឹត​បន្តឹង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការហូរចូល​ជ្រូក​ត្រចៀក​ក្រហម​ដែល​គេ​សង្ស័យថា ជ្រូក​មកពី​ប្រទេស​វៀតណាម​ទាំងនេះ​មាន​ជំងឺ​អេកូ​លី​។

​អេកូ​លី ជា​ប្រភេទ​ជំងឺ​ដែលមាន​ចំណុច​គ្រាប់​ឈាមក្រហម​ស្ថិត​លើ​ស្បែក (​កន្ទួល​ក្រហម​) អាច​ចម្លង​ពី​សត្វ​មក​មនុ​ស្សបាន​យ៉ាង​ងាយ​បើ​សាច់​ទាំងនេះ​ចម្អិន​ជា​អាហារ​មិន​ឆ្អិន​ល្អ ។ នេះ​បើតាម​ប្រភពព័ត៌មាន​ឲ្យ​ដឹង​ពី​សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ (VTV) ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៧ នេះ​។​​លោក សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣​ខែធ្នូ​ថា មកដល់ពេលនេះ​យើង​មិនទាន់​ទទួល​របាយការណ៍​ពី​ភាគី​វៀតណាម​នៅឡើយ​ទេ អំពី​ករណី​ជំងឺ​ជ្រូក​ច្រ​ចៀក​ក្រហម​នេះ​ទេ ។ ព័ត៌មាន​នេះ ទំនង​មិន​ពិត​នោះទេ ។ ករណីនេះ​អាចជា​ការយល់ច្រឡំ​ទៅនឹង​ជំងឺ​កញ្ជ្រឹល ឬ ជំងឺ​ប៉េះ ។ គាត់​(​សេន សុវណ្ណ​)​គិតថា ការធ្វើ​ចរាចរ​ពី​វៀតណាម​មក​ខេត្ត​ទាំងបី​ខាងលើ​នៅ​កម្ពុជា​មិនមាន​នោះទេ ។ ការចិញ្ចឹម​សត្វ​ដែល​អាច​ចរាចរ​ឆ្លងកាត់​បានរ​វាង​ប្រទេស​ទាំងពីរ​គឺ​វៀតណាម​ភាគខាងត្បូង​អាច​ឆ្លង​មក​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ដូចជា​ខេត្តតាកែវ ស្វាយរៀង ព្រៃវែង កំពត និង​ខេត្តកណ្តាល​ប៉ុណ្ណោះ ។​​ក៏ប៉ុន្តែ ទោះជា​យ៉ាងណា​លោក​អគ្គនាយក​នៅតែ​ចាត់វិធានការ​ឲ្យ​ភ្នាក់ងារ​ពេទ្យសត្វ នៃ​ខេត្ត​ទាំងបី​តាម​ឃ្លាំង​មើល​ព័ត៌មាន និង​ការហូរចូល​ជ្រូក​ត្រចៀក​ក្រហម​នេះ​មែន ឬ អត់ ៕​​ដោយៈ​មូល សម្បត្តិ​/sn