កំពុង​ដំឡើង​ទៅ iOS 12.1 ផ្ទុះ​ឆេះ​ទូរស័ព្ទ iPhone X អស់​មួយគ្រឿង​

1350
ចែករម្លែក

​អ្នក​ប្រើ iPhone X ម្នាក់​ជួប​រឿង​ភ្ញាក់ផ្អើល បន្ទាប់ពី​ទូរស័ព្ទ​របស់គាត់​ស្រាប់តែ​នៅ​សុខៗ​ក្តៅ​ខ្លាំង​ហួសប្រមាណ រួច​ក៏​ចាប់ផ្តើម​ហុយផ្សែង​តែម្តង​។​

​លោក រ៉ា​ហែល ម៉ូ​ហា​ម៉ាត់ (Rahel Mohamad) ជា​អ្នករស់នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​ក្រុមហ៊ុន Apple នៅលើ Twitter ហើយ​បានរួម​បញ្ចូល​រូបថត​ជាច្រើន​នៃ​ស្មា​ត​ហ្វូ​ន​ដែល​ឆេះ​នេះ​។​

​លោក​ម៉ូ​ហា​ម៉ាត់​បាន​និយាយថា ទូរស័ព្ទ iPhone X “​ក្តៅ​ខ្លាំង​ហើយ​ផ្ទុះ​តែម្តង​” បន្ទាប់ពី​គាត់​បាន​ដំ​ឡើងទៅ​ប្រព័ន្ធ iOS 12.1 នៅលើ​ឧបករណ៍​នេះ​។​

​លោក​ម៉ូ​ហា​ម៉ាត់​បាន​ប្រាប់​វេ​ប​សាយ Gadgets 360 ថា “​នៅ​ដើមខែ​មករា​ឆ្នាំនេះ ខ្ញុំ​បាន​ទិញ​ទូរស័ព្ទ iPhone នេះហើយ​បាន​ប្រើ​វា​ជាធម្មតា​”​។​

​ខណៈដែល​ទូរស័ព្ទ iPhone នេះ​កំពុង​ដំឡើង​ប្រព័ន្ធ​ទើប​ចេញ​ថ្មី ម៉ូ​ហា​ម៉ាត់​ក៏​យក​ឆ្នាំង​សាក​មក​ដោត​សាក​ភ្លើង​។​

​លោក​ម៉ូ​ហា​ម៉ាត់​បាន​ប្រើប្រាស់​ឆ្នាំង​សាក​ប្រភេទ USB-C ៣០ វ៉ា​ត់ និង​ខ្សែ​សាក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Apple​។​

​ក្រោយមក គាត់​បាន​ដក​វា​ចេញពី​ខ្សែ​សាក រួច​យកដៃ​កាន់​យក​ទូរស័ព្ទ​នោះ ប៉ុន្តែ​វា “​ក្តៅ​ពេក​” ក៏​បង្ខំ​ឱ្យ​គាត់​ទម្លាក់​វា​ចុះ​វិញ​ភ្លាមៗ​។

​មិនយូរប៉ុន្មាន​ផង iPhone X ចាប់ផ្តើម​ហុយផ្សែង​។

​គាត់​បាន​ប្រាប់ Gadgets 360 ថា “​ផ្សែងខ្មៅ​ចាប់ផ្តើម​ហុយ​ចេញពី​ទូរ​ស័​ព្ត​។ សូ​ហ្វ​វែ​អាប់​ដេ​ត​ថ្មី​គឺ​ដំឡើង​រួចរាល់ ហើយ​នៅពេលដែល​ទូរស័ព្ទ​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ វា​ក៏​ចាប់ផ្តើម​ហុយ​ផ្សេង​រួច​ឆេះ​តែម្តង​”​។

​ក្រោយ​ផ្ញើ​រូបថត​ឱ្យ​ក្រុមហ៊ុន Apple មន្ត្រី​ក្រុមហ៊ុន​បាន​សុំឱ្យ​គាត់​យក​ទូរស័ព្ទ​ឆេះ​នោះមក​ក្រុមហ៊ុន​ដើម្បី​ពិនិត្យមើល​ជាមួយ​គាត់​។

​អ្នកខ្លះ​សង្ស័យថា បញ្ហា​អាច​បណ្តាលមកពី​ថ្ម​លី​ចូ​មរ​ប​ស់វា​នៅមាន​ចំណុច​ខ្វះខាត​អ្វីមួយ​។ ពុំមាន​សេចក្តីរាយការណ៍​អំពី​ថ្ម​ឡើងក​ម្តៅ​ចំពោះ iPhone X ពីមុនៗ​នោះទេ ប៉ុន្តែ​ម៉ូ​ដែល​ផ្សេងទៀត​ធ្លាប់មាន​បញ្ហា​ថ្ម​៕ ដោយ៖ កញ្ញាដាលីស

iPhone X របស់លោក​ម៉ូ​ហា​ម៉ាត់ ឆេះ​បន្ទាប់ពី​ដំឡើង iOS 12.1