កំពុង​រៀបចំ​ធ្វើការ​តុបតែង​ភ្លើង ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ សួនច្បារ ,​ដាក់​ភ្លើង​បំភ្លឺ​តាម​ដើមឈើ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨

700
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៣០​តុលា​នេះ​ថា​៖​ឆ្នាំ​២០១៨​នេះ​ក៏​ដូច​ឆ្នាំមុនៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​តុបតែង​លម្អរ​តាម​ដង​វិថី និង​សួនច្បារ​នានា ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ដែល​អញ្ជើញ​មក​ទទួល​ភាពសប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី ថ្ងៃ​ពុធ ១៤​កើត ព្រហស្បតិ៍ ១៥​កើត និង​សុក្រ ១​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ឆ្នាំ​២០១៨​។​
​មន្ត្រី​បន្តថា​៖​ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​បុណ្យអុំទូក​ខាងលើនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់ចែង​អង្គភាព​នានា​នៃ​មន្ទីរជំនាញ​បាន​នឹង​កំពុង​រៀបចំ​ធ្វើការ​តុបតែង​ភ្លើង ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ សួនច្បារ ដាក់​ភ្លើង​បំភ្លឺ​តាម​ដើមឈើ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​។​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ១៥៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​តិ​រិ​វិថី ព្រះស៊ីសុវត្ថិ​។​នៅ​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ១៤៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​តិ​រិ​វិថី​ស៊ីសុវត្ថិ ក្នុង​ខណ្ឌដូនពេញ​។​
​ក្នុងនោះ​លើង​បំភ្លឺ​ផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌដូនពេញ ផ្លូវ​ក្នុង​ខណ្ឌ​ចំកា​មន​និង​រហូតដល់​ផ្លូវជាតិ​លេខ​៤ ចំនួន ១២៤​បង្គោល ចាប់ពី​មហាវិថី​ឈ្នះ​ឈ្នះ​ដល់​សាលាក្តី​ខ្មែរក្រហម បាន​ដាក់ឱ្យ​បំភ្លឺ​ចាប់ពី​យប់​នេះ​តទៅ​។​ក្នុងនោះ​មាន​ផ្លូវជាតិ​លេខ​៥,​ផ្លូវជាតិ​លេខ​៦,​ផ្លូវជាតិ​លេខ​១ ,​ផ្លូវជាតិ​លេខ​២​និង​ផ្លូវជាតិ​លេខ​៣​ព្រមទាំង​ផ្លូវ​ក្រវាត់​ទីក្រុង​ទី​២​ថែម​ទៀតផង​។​
​មន្ត្រី​បាន​បន្ថែមទៀតថា​៖​ដោយឡែក​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដើម្បី​ផ្តល់ឱកាស​ដល់​បងប្អូន​អ្នកជំនាញ​ខាង​រចនា​ទាំងអស់ ជាពិសេស​ប្អូនៗ​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចូលរួមចំណែក​បង្ហាញ​ស្នាដៃ​របស់ខ្លួន នូវ​ម៉ូត​ខ្លោង​ដែលមាន​សោភណភាព​ស្រស់ស្អាត និង​បង្កប់​ទៅដោយ​រចនាបថ​ខ្មែរ​ពិតៗ​។ ខ្លោង​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​តាមរយៈ​ការ​ចុច Like នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​ដាក់​តម្លើង​នៅតាម​ទីតាំង​ដែល​បាន​ត្រៀម​ទុកជា​ស្រេច​។​
៤​ទីតាំង រួមមាន​៖ របារ​កាត់​ទទឹង​មហាវិថី​ព្រះ​នរោត្តម​មុខ​វិមានឯករាជ្យ​, របារ​កាត់​ទទឹង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ​, របារ​កាត់​ទទឹង​វិថី​ព្រះសីហនុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត និង​របារ​កាត់​ទទឹង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​ចំណុច​សួន​ព្រះ​គ​ន្លុ​ង​។​រូបភាព​ដែល​ទទួល​បានការ Like គាំទ្រ ច្រើនជាងគេ​ចំនួន ៤​រូបភាព នឹងត្រូវ​យកទៅ​ដំឡើង​នៅតាម​គោលដៅ​ទាំង​៤ ដែល​បាន​ត្រៀម​រួចជាស្រេច​។ ការប្រមូល​ការគាំទ្រ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣​រសៀល​៕