កំពូលតារាថៃ Mint Chilida គ្រង គ្រឿងពេជ្រតម្លៃជាងកន្លះលានដុល្លារ

225
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-កំពូលតារាសម្ដែងថៃ កញ្ញា Mint Chilida បានបង្ហាញខ្លួន ក្នុងពិធីពិព័រណ៍ គ្រឿងពេជ្រ Chateau Des Gems កាលពីយប់ថ្ងៃសៅរ៍ ទី១២ តុលា បានធ្វើអោយ អ្នកចូលរួមសរសើរពីសម្រស់របស់នាង លេចធ្លោជាមួយនិងគ្រឿងពេជ្រ ដែលមាន តម្លៃជាងកន្លះលានដុល្លារអាមេរិក។ ឈុតពេជ្រ ដែលនាងគ្រងនោះត្រូវបាន ម្ចាស់ កម្មវិធីប្រកាសថា ជាគ្រឿងពេជ្រ ដែលមានតែមួយប៉ុណ្ណោះលើសកលលោកនេះ ព្រោះ ត្រូវបានច្នៃចេញ ពីត្បូងពេជ្រ Modora និង ត្បូង Paraiba ដែលជាត្បូងដ៏មាន តម្លៃ និងជាត្បូងលាក់បាំងក្នុងផែនដីដ៏កម្រ។

លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែង បញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលហាងពេជ្ររបស់អ្នកស្រីតាំងពិព័រណ៍គ្រឿង ពេជ្រនៅកណ្ដាលរាជធានីភ្នំពេញ ដោយបានទាំងច្នៃឈុតពេជ្រដ៏អស្ចារ្យក្នុង ពិភពពេជ្រ ដើម្បីបង្ហាញថា ប្រទេសកម្ពុជា ក៏មានគ្រឿងពេជ្រដ៏អស្ចារ្យ មិនខុស ពីបណ្ដាប្រទេសធំៗ។ អ្នកស្រីថា មួយឈុតពី ហាងពេជ្រ Chateau Des Gems ដែលតារាថៃ កញ្ញា Mint Chilida ពាក់ក្នុងពិធីបង្ហាញខ្លួននោះ មានតម្លៃ ជាងកន្លះលានដុល្លារ ដោយប្រភេទពេជ្រ ដែលយកមកច្នៃសម្រាប់មួយឈុតនេះ ក៏ច្នៃពីត្បូងពេជ្រដ៏កម្រក្នុងលោក នៅក្នុងវិស័យគ្រឿងពេជ្រ។ អ្នកស្រីថា មួយឈុតនេះ ត្រូវបានចាត់ទុកថា ជាម៉ូតដែលមានតែមួយលើលោក ដោយសូម្បីតែការរចនាម៉ូត ក៏អាចនិយាយបានថាគ្មានពីរ ប្រចាំហាង Chateau Des Gems ផងដែរ។ ក្រៅពីឈុតគ្មានពីររបស់តារាថៃ Mint Chilida បណ្ដាឈុតដែល លក់បញ្ចុះតម្លៃនៅ ក្នុងពិព័រណ៍នោះ ក៏ត្រូវបានអ្នកស្រី បញ្ជាក់សុទ្ធសឹងតែជាឈុតប្រចាំហាង Chateau Des Gems ដ៏ល្អឥតខ្ចោះ។

លោកស្រីថា តាំងពិព័រណ៍របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែ បង្ហាញ ពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជនដើម្បី បង្ហាញ ថាកម្ពុជា មានការរីកចំរើនក្នុងវិស័យគ្រឿងពេជ្រ។ ពិធីនេះធ្វើឡើង២ថ្ងៃនៅ ភោជនីយដ្ឋាន Topaz

កំពូលតារាសម្ដែងថៃ កញ្ញា Mint Chilida បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែល បានគ្រងឈុតគ្រឿងពេជ្រដែលជាម៉ូតមានតែមួយលើលោក ប្រចាំហាង Chateau Des Gems។ កញ្ញាជាប់ចិត្តជាងគេគឺចិញ្ចៀនដែលនាងបានពាក់ ដោយសារតែ ចិញ្ចៀន មួយវង់នោះ ជាត្បូង Paraiba ដែលជាត្បូងពេជ្រដ៏មានតម្លៃលាក់ ក្នុងស្រទាប់ផែនដី ដែលទើបត្រូវបានគេរកឃើញប្រមាណជា៤០ឆ្នាំចុងក្រោយ៕