កំពូល​ការប្រាក់​លើ​លោក​! អា​ហ្ស​ង់​ទីន​ដំឡើង​ការប្រាក់​ដល់​៦០​ភាគរយ ខណៈ​ប្រាក់​ប៉េ​សូ ធ្លាក់​ថ្លៃ​

2944
ចែករម្លែក

ធនាគារកណ្តាលអាហ្សង់ទីនកាលពីថ្ងៃព្រហស្បតិ៍ទី៣០សីហាទើបដំឡើងអត្រាការប្រាក់ដល់៦០ភាគរយ ដែលអាចចាត់ទុកថាជាការប្រាក់ផ្លូវការខ្ពស់បំផុតនៅក្នុងលោក នៅក្នុងកិច្ចខិតខំមួយដើម្បីបញ្ឈប់ការធ្លាក់ចុះយ៉ាងគំហុកនៃថ្លៃប្រាក់ប៉េសូ។

ប្រាក់ប៉េសូ បានធ្លាក់ថ្លៃជាង១៥ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីថ្ងៃ៣០សីហា បន្ទាប់ពីធ្លាក់អស់៧ភាគរយកាលពីមួយថ្ងៃមុន។

ធនាគារកណ្តាល នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនបង្កើនអត្រាការប្រាក់របស់ខ្លួន ពី១៥ភាគរយមក៦០ភាគរយជាការឆ្លើយតបទៅនឹងបញ្ហារូបិយបណ្ណ និងហានិភ័យនៃផលប៉ះពាល់ធំឡើងលើអតិថផរណា ដែលបានឡើងដល់ប្រមាណ៣០ភាគរយរួចហើយក្នុងមួយឆ្នាំ។

ដំណើរជ្រួលច្របល់នៅក្នុងផ្សារដូរប្រាក់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីMauricio Macri បាននិយាយថាលោកបានស្នើសុំអោយអង្គការរូបិយវត្ថុIMFបញ្ចេញមូលនិធិខ្លះនៅក្រោមកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានទ្រទ្រង់ចំនួន៥០ពាន់លានដុល្លារ ដែលបានអនុម័តរួចហើយ។

អ្នកជំនាញការខ្លះបាននិយាយថា ការប្រកាសនេះ រួមទាំងការដំឡើងអត្រាការប្រាក់ ធ្វើអោយមានវិបត្តិទំនុកចិត្ត។Monica de Bolle នៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិPeterson បាននិយាយថា” ខ្ញុំគិតថា ការប្រកាសដំឡើងការប្រាក់នៅថ្ងៃនេះមិនបានប្រយោជន៍អ្វីក្រៅតែពីធ្វើអោយអ្នកវិនិយោគជ្រួលជ្រើម”។

លោកប្រធានាធិបតីMacriបានតស៊ូធ្វើអោយទីផ្សារស្ងប់និងនាំមកជំនឿចិត្តអោយជូនប្រជាជនអាហ្សង់ទីនដែលបន្តបាត់បង់អំណាចទិញ។ប្រជាជនជាច្រើនមានការខកនិងឆ្អែតចិត្តចំពោះការបញ្ឈប់មនុស្សពីការងារ ថ្លៃទឹកភ្លើងឡើងនិងការឡើងកំរិតក្រីក្រ។

មនុស្សជាច្រើនក៏នៅចងចាំអនុស្សាវរីយ៍របស់IMF និងបានបន្ទោសគោលនយោបាយសេដ្ឋកិច្ចផ្សារសេរីរបស់វាថាបានចូលរួមអោយមានវិបត្តិអាក្រក់បំផុតរបស់ប្រទេសនៅឆ្នាំ២០០១-២០០២ នៅពេលដែលប្រជាជនអាហ្សង់ទីនម្នាក់ក្នុងចំណោម៥នាក់គ្មានការងារធ្វើនិងរាប់លាននាក់ធ្លាក់ក្នុងភាពក្រីក្រ។

Macri ដែលបានឡើងកាន់អំណាចនៅឆ្នាំ២០១៥ បានសន្យាកាត់តម្រឹមឱនភាពថវិការបស់អាហ្សង់ទីន កាត់បន្ថយភាពក្រីក្រនិងទប់អតិផរណា។តែកាលពីខែធ្នូ ពួកមន្រ្តីបានប្រកាសបង្កើនគោលដៅអត្រាអតិផរណា ជាហេតុនាំអោយពួកអ្នកវិនិយោគចាប់ផ្តើមមានមន្ទិលអំពីការសន្យារបស់លោកប្រធានាធិបតីថានឹងទប់ថ្លៃទំនិញ។ក្នុងពេលជាមួយគ្នា ប្រាប់ប៉េសូបានដាំក្បាលចុះធៀបនឹងប្រាក់ដុល្លារ និងដំឡើងអត្រាការប្រាក់ដុល្លារដែលជំរុញអោយពួកអ្នកវិនិយោគដកប្រាក់ដុល្លារចេញពីអាហ្សង់ទីន៕ដោយ៖វាសនា

ប្រជាជនស្រែកតវ៉ា​ ថាអ្វីៗឡើងគ្រប់យ៉ាងរាល់ថ្ងៃ តែមិនមានការងារធ្វើ ទឹកភ្លើងឡើងកប់ដំបូល ខណៈមនុស្សខ្លះដេកតាមផ្លូវ