កំពូល​តារាចម្រៀង​រ៉ុ​ក​ដ៏​ល្បី​លើ​ពិភពលោក​ប្រចាំ​ក្រុម Linkin Park ត្រូវគេ​ប្រទះឃើញ​ចងក​ស្លាប់​

1049
ចែករម្លែក
  • 49
    Shares

​តារាចម្រៀង​ក្នុង​ក្រុម​ចម្រៀង​រ៉ុ​ក​ដ៏​ល្បីល្បាញ Linkin Park លោក ឆេ​ស្ទើ បេន​នី​ង​តុ​ន ដែល​ជម្នះ​បាន​នូវ​កុមារភាព​ដ៏​ពោរពេញ​ដោយ​បញ្ហា​រហូត​ក្លាយជា​តារាចម្រៀង​រ៉ុ​ក​ដ៏​កំពូល​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា ទំនងជា​ករណី​ធ្វើអត្តឃាត​។​

​ការិយាល័យ​ប៉ូលិស​ធ្វើ​កោសល​វិច័យ​របស់​ក្រុង​ឡូ​ស​អេ​ន​ជែ​ល​ឡេស (LA) បាន​និយាយថា លោក ឆេ​ស្ទើ បេន​នី​ង​តុ​ន បានទទួល​មរណភាព​នៅ​អាយុ ៤១ ឆ្នាំ​។​

​មន្ត្រី​ការិយាល័យ​ខាងលើ​និយាយថា លោក ឆេ​ស្ទើ បេន​នី​ង​តុ​ន ត្រូវបាន​ប្រទះឃើញ​ចង​-​ក​ស្លាប់​ក្នុងផ្ទះ​របស់គាត់​នៅ​តំបន់​បុរី​ប្រណិត Palos Verdes Estate នៅ​ម៉ោង ៩ ព្រឹក (​ម៉ោង​ក្នុង​តំបន់​) កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ក្រុម Linkin Park បាន​លក់​អាល់​ប៊ុ​ម​ចម្រៀង​ជាង ៧០ លាន​បន្ទះ​ទូទាំង​ពិភពលោក និង​ទទួលបាន​ពានរង្វាន់ Grammy Awards ចំនួន​ពីរ​។​

​ក្រុម​ចម្រៀង​រ៉ុ​ក​ដ៏​ល្បីល្បាញ​មួយ​នេះ​មាន​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ដូចជា​បទ Faint, In The End, Crawling ជាពិសេស​បទ Given Up ដែល​ចេញ​ក្នុង​ឆ្នាំ ២០០៧ ហើយ​ក្រុម​នេះ​ក៏បាន​សហការ​ជាមួយ​តារាចម្រៀង​រ៉ែ​ប ជេ​ហ្ស៊ី (Jay-Z) ផងដែរ​។​

​អាល់​ប៊ុ​ម​ចម្រៀង Meteora បាន​ស្ថិតនៅ​កំពូល​ក្នុង​តារាង Billboard 200 កាលពី​ឆ្នាំ ២០០៣ ហើយ​ត្រូវគេ​ចាត់ទុក​ចម្រៀង​រ៉ុ​ក​ល្បី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​លោក បេន​នី​ង​តុ​ន បាន​ស្លាប់ចោល​ប្រពន្ធ​និង​កូន ៦ នាក់​។ គាត់​ត្រូវគេ​និយាយថា ជួប​ការលំបាក​ជាច្រើន​ឆ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​និង​ការសេព​គ្រឿងញៀន ហើយ​ធ្លាប់បាន​និយាយ​កាលពីមុន​អំពី​ការ​សម្លាប់ខ្លួន​ដោយសារ​លទ្ធផល​ធ្លាប់ជា​ជនរងគ្រោះ​បំពៀរបំពាន​កាលពី​កុមារភាព​៕ ដោយ៖ កញ្ញាដាលីស

លោក ឆេ​ស្ទើ បេន​នី​ង​តុ​ន តារាចម្រៀង​ក្នុង​ក្រុម​ចម្រៀង​រ៉ុ​ក Linkin Park