កំពូល​តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល​វាយបក​លើ​រដ្ឋមន្ត្រី​កសិកម្ម​វិញ ដោយ​គ្រាន់តែ​នាង​ព្រួយបារម្ភ​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​អា​ម៉ា​ហ្សូ​ន​ក៏​មិនបាន

382
ចែករម្លែក

​កំពូល​តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល​ប្រែជា​សកម្មជន​បរិស្ថាន នាង ជី​សែ​ល ប៊ុន​ឈិន (Gisele Bundchen) វាយបក​ប្រឆាំងនឹង​រដ្ឋមន្ត្រី​កសិកម្ម​នៅក្នុង​ប្រទេស​កំណើត​រប​ស់​នាង​ទាក់ទិន​នឹង​ការពិភាក្សា​កាន់តែ​ក្តៅគគុក​អំពី​អនាគត​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​

​ជម្លោះ​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា​នៅពេល​លោកស្រី​រដ្ឋមន្ត្រី ថេ​រ៉េ​ហ្សា គ្រី​ស្ទា​ណា ឌា​ស (Tereza Cristina Dias) បាន​ចោទប្រកាន់​នាង​ប៊ុន​ឈិន​ថា​ធ្វើឱ្យ​ខូច​មុខមាត់​ប្រទេស​នៅ​បរទេស​។ ក្នុងអំឡុង​ពេលធ្វើ​បទសម្ភាសន៍​នៅក្នុង​វិទ្យុ លោកស្រី​ឌា​សបាន​ហៅ​កំពូល​តារា​បង្ហាញ​ម៉ូត​រូបនេះ​ថា​ជា “​ជនជាតិ​ប្រេ​ស៊ី​ល​អាក្រក់​” ដែល​ហ៊ាន​និយាយ​ថ្កោលទោស​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​បាន​និយាយថា តារា​រូបនេះ​គួរតែ​ផ្សព្វផ្សាយ​អំពី​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​របស់​ប្រេ​ស៊ី​ល​។​

​កាលពី​ថ្ងៃ​ពុធ នាង​ប៊ុន​ឈិន​បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅ​លោកស្រី​រដ្ឋមន្ត្រី​វិញ ដោយ​និយាយថា នាង “​រីករាយ​ក្នុងការ​ប្រកាស​អំពី​ចំណាត់ការ​វិជ្ជមាន​” ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នៅក្នុង​លិខិត នាង​ប៊ុន​ឈិន​បាន​និយាយថា នាង​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការនិយាយ​ប្រមាថមើលងាយ​។ នាង​បាន​និយាយថា ការរិះគន់​របស់​នាង ដែល​រាប់បញ្ចូល​ទាំង Tweet ជាច្រើន​កាលពី​ឆ្នាំមុន គឺ​ផ្អែកលើ​វិទ្យាសាស្ត្រ និង​បានមកពី “​ប្រជាពលរដ្ឋ​ប្រេ​ស៊ី​ល​ដែលមាន​ការព្រួយបារម្ភ​”​។​

​ដោយ​លើកឡើង​ពី​ការកើនឡើង​ចំនួន ១៣ ភាគរយ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល នាង​ប៊ុន​ឈិន​បាន​និយាយថា អ្នក​នៅ​ពីក្រោយ​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ គឺជា “​ជនជាតិ​ប្រេ​ស៊ី​ល​អាក្រក់​”​។​

​ជម្លោះ​សាធារណៈ​នេះ​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្លាំង​របស់​អន្ដរជាតិ​មកលើ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​និង​ការព្រួយបារម្ភ​ថា រដ្ឋបាល​លោក​បូល​សូ​ណា​រ៉ូ​កំពុង​កាត់បន្ថយ​វិធានការ​ការពារ​បរិស្ថាន​៕ ដោយ៖ កញ្ញាដាលីស

នាង ជី​សែ​ល ប៊ុន​ឈិន