កំពូល​តារា​បង្ហាញ​ម៉ូត​អ៊ីស្រាអែល ​ត្រូវបាន​បង្គាប់​ឱ្យ​បង់លុយ​ពន្ធ​រាប់លាន និង​ប្រឈម​ការចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​

367
ចែករម្លែក

​កំពូល​តារា​បង្ហាញ​ម៉ូត​អ៊ីស្រាអែល ​នាង បា រី​ហ្វា​អេ​លី (Bar Refaeli) ត្រូវបាន​បង្គាប់​ដោយ​ចៅក្រម​តុលាការ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មេសា​ ដើម្បី​បង់ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​ដល់​ទៅ ៤,៥ លាន​ដុល្លារ ដែល​នាង​បាន​លាក់បាំង​ពី​អាជ្ញាធរ​ពន្ធដារ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យដឹងថា ចៅក្រម​តុលាការ ​លោក​ស្មូ​អែល បន​ស្តេ​ន (Shmuel Bornstein) បាន​ច្រាន​ចោលការ​បណ្តឹង​សារទុក្ខ​របស់​នាង​រី​ហ្វា​អេ​លី​អំពី​ប្រាក់​ពន្ធ​របស់​នាង ដែល​នាង​អះអាងថា នាង​មិនបាន​រស់នៅ​ក្នុងប្រទេស​អ៊ីស្រាអែល​ទេ​ក្នុង​ឆ្នាំ ២០០៩ និង ២០១០ ហើយ​ដូច្នេះ​មិនគួរ​ជំពាក់​ពន្ធ​លើ​ប្រាក់ចំណូល​នោះទេ​។​

​កាសែត Times of Israel បាន​រាយការណ៍​ថា នាង​រី​ហ្វា​អេ​លី​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​ប្រាក់ចំណូល ៦,១ លាន​ដុល្លារ​ពី​អាជ្ញាធរ​ពន្ធ​របស់​អ៊ីស្រាអែល​ចាប់ពី​ឆ្នាំ ២០០៩ ដល់ ២០១២​។ បណ្តឹង​សារទុក្ខ​ដែល​បាន​ច្រានចោល​ដោយ​លោក​បន​ស្តេ​ន បាន​អះអាងថា នាង​រី​ហ្វា​អេ​លី​មិនមែនជា​អ្នករស់នៅ​អ៊ីស្រាអែល​ទេ​ក្នុង​ឆ្នាំ ២០០៩ និង ២០១០ ប៉ុន្តែ​បានរស់នៅ​ក្នុង​សហរដ្ឋអាម៉េរិក​ជាមួយ​តារាភាពយន្ត​ហូលីវូដ ​លោក ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ​។​

​ទោះយ៉ាងណា កាសែត Haaretz រាយការណ៍​ថា ចៅក្រម​បាន​រកឃើញថា អ៊ីស្រាអែល​នៅតែ​ជា​មជ្ឈមណ្ឌល​នៃ​ជីវិត​របស់​តារា​បង្ហាញ​ម៉ូត​រូបនេះ​នៅ​អំឡុង​ពេលនោះ​។ កំណត់ត្រា​បានបង្ហាញ​ថា​នាង​បាន​ចំណាយពេល​មួយ​ភាគបី​នៃ​រយៈពេល​ពីរ​ឆ្នាំ​នោះ​នៅ​អ៊ីស្រាអែល​ហើយ​ថា​នាង​មិនមាន​ផ្ទះ​ឬ​រថយន្ត​នៅ​អាម៉េរិក​ទេ ហើយក៏​មិនមាន​សូចនាករ​ផ្សេង​ក្រៅពី​ទំនាក់ទំនង​របស់​នាង​ជាមួយ​លោក​ឌី​កា​ព្រី​យ៉ូ​ដើម្បី​បង្ហាញថា​នាង​ជា​អ្នករស់នៅ​ប្រទេស​ផ្សេង​នោះដែរ​។ រូបថត​នាង​រី​ហ្វា​អេ​លី​និង​លោក​ឌី​កា​ព្រី​យ៉ូ​ថត​រួមគ្នា​នៅ​សហរដ្ឋអាមេរិក​ដែល​ដាក់ជូន​ចៅក្រម គឺ​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល​លោក​បន​ស្តេ​ន​ទេ ហើយ​លោក​ចៅក្រម​បាន​កត់សម្គាល់ថា ឌី​កា​ព្រី​យ៉ូ​មិនបាន​ចូលរួម​ក្នុង​តុលាការ​ដើម្បី​ធ្វើ​សក្ខីកម្ម​អំពី​លំនៅដ្ឋាន​របស់​នាង​នៅ​សហរដ្ឋអាមេរិក​នោះទេ​។​

​កាសែត Times of Israel បាន​រាយការណ៍​ថា ខណៈ​នាង​រី​ហ្វា​អេ​លី​កំពុង​នៅ​អ៊ីស្រាអែល​អំឡុង​ពីរ​ឆ្នាំ​នោះ នាង​បានរស់នៅ​ផ្ទះ​ដែល​ទិញ​ដាក់ឈ្មោះ​របស់​ម្តាយ​និង​បងប្រុស​នាង​ដើម្បី​លាក់បាំង​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​។

​នាង​រី​ហ្វា​អេ​លី​និង​ឪពុកម្តាយ​នាង​ក៏​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​លាង​លុយ​និង​គេចវេះ​ពន្ធ​ចេញពី​ការ​លាក់បាំង​ប្រាក់ចំណូល​នេះដែរ​។ នាង​រី​ហ្វា​អេ​លី​ត្រូវបាន​ចោទថា​បាន​ប្រាប់​អាជ្ញាធរ​ពន្ធ​អាម៉េរិក​ថា​នាង​ជា​អ្នក​រស់នៅក្នុង​អ៊ីស្រាអែល​អំឡុង​ពេលនោះ ខណៈ​ប្រាប់​អាជ្ញាធរ​អ៊ីស្រាអែល​ថា នាង​កំពុង​រស់នៅ​សហរដ្ឋអាម៉េរិក និង​បាន​លាក់បាំង​កិច្ចសន្យា​ផ្សព្វផ្សាយ​មួយ ដែល​នាំមក​នូវ​ប្រាក់រង្វាន់​និង​ចំណូល​របស់​នាង​។ នាង​រី​ហ្វា​អេ​លី​ត្រូវបាន​ចោទប្រកាន់​ពីបទ​បើក​គណនី​ធនាគារ​បរទេស​និង​បង្កើត​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​ផ្សេង​ដើម្បី​លាក់បាំង​ប្រាក់ចំណូល និង​ម្តាយ​របស់​នាង​ត្រូវបាន​ចោទ​ពីបទ​គ្រប់គ្រង​ការទូទាត់​សាច់ប្រាក់​នៅ​បរទេស ដើម្បី​លាក់បាំង​ប្រាក់ចំណូល​ទាំង​អស់ពី​អាជ្ញាធរ​ពន្ធ​អ៊ីស្រាអែល​។ អាជ្ញាធរ​កំពុង​រៀបចំ​ការចោទប្រកាន់​លើ​បទល្មើស​ទាំងអស់​នេះហើយ​៕ ដោយ៖​ កញ្ញាដាលីស/Ha

កំពូល​តារា​បង្ហាញ​ម៉ូត​អ៊ីស្រាអែល​នាង បា រី​ហ្វា​អេ​លី
#