កំពូល​រថយន្ត Bugatti Chiron បំបែក​កំណត់ត្រា​ពិភពលោក​ថ្មី​ជាមួយ​ល្បឿន​កំពូល ៤៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

349
ចែករម្លែក

​កំណត់ត្រា​និង​លទ្ធភាព​ថ្មីៗ​ត្រូវបាន​បង្កើតឡើង​នាពេល​ថ្មីៗ​នេះ​បន្ទាប់ពី​ការបើកបរ​សាកល្បង​នៃ​រថយន្ត​ម៉ាក Bugatti Chiron ដែល​ត្រូវបាន​ចុះបញ្ជី​ថា​ជា​រថយន្ត​នេះ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​អតិបរមា​ដល់​ទៅ ៤៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​យោងតាម​សេចក្ដីជូនដំណឹង​និង​វីដេអូ​ពី​កម្មវិធី​ទូរទស្សន៍​អង់គ្លេស​ដែលមាន​ចំណងជើង​ថា “Top Gear” បានឱ្យដឹងថា រថយន្ដ​ម៉ាក Bugatti Chiron ដែល​ត្រូវបាន​កែលម្អ​ថ្មី បាន​រក្សា​ចំណាត់ថ្នាក់​កំពូល​របស់ខ្លួន​ក្នុងនាម​ជា​រថយន្ដ​លឿន​បំផុត​នៅលើ​ទីផ្សារ​។​

​ការធ្វើ​តេស្ត​បំបែក​ឯតទគ្គ​កម្ម ដែល​បាន​ធ្វើឡើង​នៅលើ​ផ្លូវ​តេស្ត Ehra-Lessien របស់​ក្រុមហ៊ុន Volkswagen Group នៅ​ប្រទេស​អាល្លឺម៉ង់​និង​ដំណើរការ​ដោយ​អ្នកបើកបរ​តេស្ត​សាកល្បង​ប្រចាំ​រោងចក្រ លោក​អ៊ែន​ឌី វ៉​ល​ឡេស បានធ្វើឱ្យ​សមាគម​ត្រួតពិនិត្យ​បច្ចេកទេស​អាល្លឺម៉ង់​បញ្ជាក់ថា រថយន្ត​នេះ​មាន​ល្បឿន​លឿន​បំផុត ៤៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​លោក ហ្វ្រែ​ង ហ៊ែ​ល ប្រធាន​ផ្នែក​រចនា​ម៉ូត​របស់​ក្រុមហ៊ុន Bugatti បាន​និយាយ​ទៅកាន់​កម្មវិធី “Top Gear” កាលពី​ថ្ងៃ​ចន្ទ​ទី​២​កញ្ញា​ថា “​បញ្ហា​ប្រឈម​ធំ​បំផុត​គឺត្រូវធ្វើ​ឱ្យ​រថយន្ត​ទាំងមូល​ល្អឥតខ្ចោះ មិន​ត្រឹមតែ​ការ​រចនា​ម៉ូត មិន​ត្រឹមតែ​សន្ទុះ​ខ្លាំងក្លា មិន​ត្រឹមតែ​ម៉ាស៊ីន មិន​ត្រឹមតែ​សំបក​កង់​ប៉ុណ្ណោះ​ទេ ។ អ្វី​គ្រប់យ៉ាង​ត្រូវតែ​ល្អ​ទៅ​ទាំង​ព្រម និង ដំណើរការ​ក្នុង​រថយន្ត​តែមួយ​”៕ ដោយ ៖ កញ្ញាដាលីស

កំពូល​រថយន្ត Bugatti Chiron ត្រូវបាន​ទទួលស្គាល់ថា​ជា​រថយន្ត​បើក​ក្នុង​ល្បឿន​កំពូល ៤៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង