កំសត់​ម្ល៉េះ​…​ត្រូវ​ប្រុស​ព្រាន​រំលោភ​បូក​ឬ​?

596

ប៉ុន្មាន​ថ្ងៃនេះ​បើ​មើ​លពី​ខាងក្រៅ​សភាពការណ៍​នយោបាយ​ហាក់ដូចជា​ស្ងប់ស្ងាត់​បន្តិច ថ្វីបើ​នៅសល់ បុគ្គល​ខ្លះ​ដូចជា សម រង្សី ជាដើម​នៅតែ​បង្ហោះ​ឃ្លី​ប​វីដេអូ​ជេរប្រមាថ​គេឯង​ទាំង​វង្វេងទិស ព្រោះ​ធ្វើ​នយោបាយ យូរហើយ​ទីបំផុត​នៅសល់តែ​គូថ​ខោ​វិលត្រឡប់​ទៅ​រស់នៅ​ស្រុក​បារាំង​វិញ ។ ប៉ុន្តែ​ភាពស្ងប់ស្ងាត់​នេះ​ក៏​ជា​កលល្បិច​មួយ​ក្នុងចំណោម​កលល្បិច​រាប់​រយ​រាប់ពាន់​របស់​អ្នកនយោបាយ​។​ពេលនេះ​កលល្បិច​នេះ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សម្តែង​ចេញ​ឡើង​ចប់​មើល​មួយ​ភ្លែត​ទៅ​គួរ​ឲ្យ​ជក់ចិត្ត​ណាស់​។​ផ្អែមល្ហែម ត្រជាក់​ល្អូក​គួរ ឲ្យ​ចង់​ភ្លក់ គួរ​ឲ្យ​ចង់​សាកល្បង និង​គួរ​ឲ្យ​ចង់​នែបនិត្យ មែនទែន ។

​គួរ​ឲ្យ​អាណិត​ណាស់ ពិតជា​កំសត់​ណាស់​… ស្លូត​អី​ស្លូត​យ៉ាងនេះ​?….​គេ​ធ្វើបាប​ខ្លាំងណាស់​ឬ​? ខកចិត្ត ខូចខ្លួន​ប្រាណ បេះដូង​ប្រេះស្រាំ​អស់ហើយ​ឬ​? បើ​ស្លូត​យ៉ាងនេះ បើ​ធ្វើជា​វេទនា​យ៉ាងនេះ តិច​លោ​សាធារណៈមតិ​មើល​មក​ថា ខ្លួន​ខ្សោយ​, ខ្លួន​អន់ មិន​កាន់តែ​វីវរ ហើយ​ទេ​ឬ​? ពីមុន​ដើរតួ​ជាតិ​ជាយ​ក្ស​អសុរី ជា​ព្រាយ​បិសាច​ក្បាល​១០​ក្បាល​២០ សម្តី​មួយ​ម៉ាត់​ណា​ក៏មាន​តែ​អញ ។ មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ​…​ទោះ​សមុទ្រ​ជ្រៅ​ប៉ុណ្ណា​ក៏​ហ៊ាន​លោត​ចុះ​ភ្នំ​ខ្ពស់​ប៉ុណ្ណា​ក៏​ហ៊ាន លោត ដាំទីង​សំយុងក្បាល​ចុះមក​ក្រោម​ដោយ​ឥត​ព្រឺព្រួច​។ ទោះ​ថ្ម​រឹង​ប៉ុណ្ណា​ក៏​ហ៊ាន​បោល​បុក​ដែរ​។ ចុះ​ឥឡូវ​ម៉េច​ក៏​មក ធ្វើជា​បាក់​លោង​ខ្លាំង​ម្ល៉េះ​? ទិញ​ក៏​មិន​លក់ សម្លុត​ក៏​មិន​ខ្លាច ។ ដល់​មែនទែនទៅ សូម្បីតែ​ច្បាប់​ក៏​ហ៊ាន​លោត​បំពាន​។​ព្រះមហាក្សត្រ​ដែល​ជាទីគោរព​សក្ការៈ​របស់​ជាតិ​ក៏​ហ៊ាន​ប្រមាថ​មាក់ងាយ​។ ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ដូចជា ក្រុម ប្រឹក្សា​ធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក៏ត្រូវ​បន្ទាប បន្ថោក​រហូតដល់​ប្រជាជន​ក៏ត្រូវ​ទទួលរង​ការបោកប្រាស់​ឲ្យ​ទៅ ធ្វើជា​រនាំង​ជួយ​ការពារ​ជួយ​គាំទ្រ បម្រើ​ដល់​មហិច្ឆតា និង​ឧបាយកល​ដ៏​កខ្វក់​របស់គេ​ដែរ ។ ប៉ុន្តែ​ឥឡូវ​បែរជា​មក​ប្រកាន់​ឬ​ក​ពារ​ស្លូតបូត យ៉ាងនេះ​ពិតជា​ធ្វើ​ឲ្យ​យើង​ឆ្ងល់​មែនទែន​…​។​
​ ​
​តាមពិត​មិនបាច់​ឆ្ងល់​ទេ ។ គណបក្សប្រឆាំង​មាន​កលល្បិច​ច្រើនណាស់ ។ កលល្បិច​ខ្លះ​មិនមែន​ពួក នេះ​រក​នឹកឃើញ​ដោយ​ខ្លួនឯង​ទេ គឺ​ពួក​បរទេស​មួយចំនួន​ជា​អ្នក​គូសវាស​សេណារីយោ​ឲ្យ​ដើរ ។ ពេលណា ត្រូវ​រត់ ពេលណា​ត្រូវ​ដើរ ពេលណា​ត្រូវ​បង់​ជំទែង​។ ពេលណា​ត្រូវធ្វើ​ឆ្កួត​។ ពេលណា​ត្រូវ ធ្វើជា ។​ពេលណា​ត្រូវធ្វើ​កំសត់​។ ពេលណា​ត្រូវធ្វើ​យំ ហើយ​ពេលណា​ត្រូវ​ក្រាបចុះ ។ ទោះ​វារ​រហូត ទៅ​ជ្រក​សម្ងំ​ក្រោម​ជាយសំពត់​ក៏​ត្រូវតែ​សម្ងំ​ជ្រក​សិន​ដែរ ។​

​យើង​ពិនិត្យមើល​ឡើងវិញ​ទើប​ឃើញថា ពីមុន​ពួកនេះ​មើលងាយ​ច្បាប់​ខ្លាំងណាស់ ។ ដោយ​ការ ប្រមាថ ទៅលើ​ស្ថាប័ន​តុលាការ​ពួកគេ​បានចាត់ទុក​ច្បាប់​គ្រាន់តែ​ជា​ល្បែង​លេងសើច​តែប៉ុណ្ណោះ ។ គេ គិតថា គេ​អាច​យក​ច្បាប់​មក​ទាញ​ឲ្យ​យឺត​ឲ្យ​យារ​ដូច​កៅស៊ូ​ក៏បាន​គេ​អាច​ផ្លុំ​វា​ឲ្យ​ប៉ោង​ហោះ​ទៅលើ ដូច​ប៉េងប៉ោង ដែល​ក្មេង​ផ្លុំ​លេង​ពេលណា​ក៏បាន​ដោយ​គេ​បែរ​ធ្វើជា​ភ្លេច​គិតថា ច្បាប់​គឺជា​ព្រនង់ ។ អ្នក​អាច​មិន​ស្គាល់​ច្បាប់ ។ អ្នក អាច​មិនចេះ​ច្បាប់ ។ អ្នក​អាច​មិន​គោរព​ច្បាប់ ។ ប៉ុន្តែ​អ្នក​កុំភ្លេចថា ច្បាប់​ស្គាល់​អ្នក​ច្បាស់​ណាស់​ទោះ​អ្នកជា អ្នកណា​ក៏ដោយ​ត្រូវតែ​នៅ​ពីក្រោម​ច្បាប់ ។ អ្នក​ទាំងអស់គ្នា ដែល​រស់នៅ​ក្នុងប្រទេស​ដែលមាន​នីតិរដ្ឋ​តួយ៉ាង ដូច ជា​ព្រះរាជាណាចក្រ​កម្ពុជា​យើង​សព្វថ្ងៃនេះ គឺ​អ្នក​ត្រូវតែ​គោរព​ច្បាប់ ។ អ្នក​អាច​លេងសើច​ជាមួយ​ច្បាប់​បាន តែ​ច្បាប់​មិន​លេងសើច ជាមួយ​អ្នក​ទេ ។
​ ​
​ជាក់ស្តែង​គណបក្សប្រឆាំង និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បានធ្វើ​គ្រប់​សកម្មភាព​ដែល​បំពាន ច្បាប់​ច្រើនពេក​ហើយ​តាំងពី​ឆ្នាំ​២០១៣​មក ។ គេ​បំផុសប្រជាជន​ឲ្យ​ធ្វើបាតុកម្ម​ខុសច្បាប់​ឈាន ទៅដល់​ការធ្វើ កុប្បកម្ម​បង្កចលាចល​សព្វបែបយ៉ាង ។ គេ​ឃោសនា​អកុសល​វាយប្រហារ មកលើ​រាជរដ្ឋាភិបាល ចោទប្រកាន់​និយាយ​មួលបង្កាច់​ពី​រឿង​មួយ​ចូលទៅ​ដល់​រឿង​មួយ រហូតដល់​ចោទថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លក់ ទឹក​លក់​ដី​ឲ្យ​ប្រទេសជិតខាង រំលាយ​ព្រំដែន​ជាតិ​ដែលជា​ការ​ចោទ​មួយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ។ ពួក​ប្រឆាំង​បាន ប្រទាក់ក្រឡា​គ្នា​ធ្វើ​សកម្មភាព​ពីឆ្វេង​ពីស្តាំ​ផង ពីលើ​ពីក្រោម​ផង ពីមុខ​ពីក្រោយ​ផង​ក្នុង​គោលដៅ ជួយ​យិ​ត​យោងគ្នា និង​ការពារ​គ្នា​…​គួរ​ឲ្យ​ល្អមើល​ណាស់ ។
​ពេលណា​សកម្មភាព​បំពាន​ច្បាប់​របស់​គណបក្សប្រឆាំង​ត្រូវ​ប្រឈមមុខ​នឹង​បណ្តឹង​របស់​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​បរទេស​នៅ​ពីក្រោយ​ដែលមាន​ប្រព័ន្ធ​ឃោសនា​ប្រឆាំង នៅក្រៅ​ប្រទេស​ជួយ​ចេញមុខ​ការពារ​ភ្លាម ។ ពេលណា​អង្គការក្រៅរដ្ឋាភិបាល ធ្វើ​ខុសច្បាប់ បក្សប្រឆាំង និង​ប្រព័ន្ធ​ឃោសនា​ទាំងនោះ​ក៏​ចេញមុខ​ជួយ​វិញ​ដែរ ។ តាមពិត​ពួកនេះ​នៅក្នុង​កន្ត្រក តែមួយ​ទេ ។
​ ​
​បច្ចុប្បន្ននេះ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តី​អង្គការក្រៅរដ្ឋាភិបាល បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការជួយ​ពង្រឹង និង​ទ្រទ្រង់​ដំណើរការ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​យ៉ាង​រស់​រវើក ។ អង្គការក្រៅរដ្ឋាភិបាល​ដែល​ខិលខូច និង​បក្សប្រឆាំង​ដែល​ពោរពេញ ដោយ​ល្បិចកល​ទុ​ច្ច​រឹត រួមទាំង​ពួក​បរទេស​ដែល​នៅ​ពីក្រោយ​ខ្នង​មិន​ពេញចិត្ត​នឹង​វត្ត​មាននៃ​ច្បាប់ ទាំងនេះ​ទេ ។ ពួកគេ​កំពុងតែ​លេងល្ខោន​មួយឈុត គឺ​ការសម្តែង​ឲ្យ​ឃើញថា ពួកខ្លួន​កំពុង ទទួលរង​នូវ​ការកៀបសង្កត់ និង​ការធ្វើ​ទុក​បុក​ម្នេញ​ខ្លាំងណាស់ និង​ជួប​នូវ​ភាព​វេទនា​ព្រាត់​ប្រាស់និរាស ខ្លាំងណាស់ ដោយសារតែ​ច្បាប់់​ទាំងនេះ ។​

​លោក យឹម សុវណ្ណ តំណាង​ឲ្យ​ក្រុម​តួល្ខោន​នៃ​គណបក្សប្រឆាំង​បាន​សម្តែង​ការ​ទួញ​សោក​បោក ប្រាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដែល ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី​ដោយ​សុច្ច​រឹត មាន​ក្រមសីលធម៌ ហើយ​ស្អាតស្អំ​ណាស់ ។ គាត់​ទួញ​តម្អូញ​ទៀតថា តាំងពី​ថ្នាក់ដឹកនាំ​កំពូល រហូតដល់​ថ្នាក់មូលដ្ឋាន គឺ​គណបក្ស​ពុំដែល​បាន​ណែនាំ​ដល់​សកម្មជន និង​អ្នកគាំទ្រ​ឲ្យ​ធ្វើ​នយោបាយ ក្នុង​អំពើ​ស្មោគគ្រោក​ឡើយ ។ ពាក្យ​ទួញ​សោក​បង្កប់​ដោយ​ន័យ​ជ្រៅ​ណាស់​សម្រាប់​សកម្មជន និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពិចារណា​ឲ្យ​បានច្បាស់លាស់​ពិសេស​ជន​ទាំងឡាយណា ដែលមាន​មាត់​អត់​គំរប និង​ជន​ទាំងឡាយណា​ដែលមាន​ដៃរ​ពិស​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​រឿង អកុសល បង្ករ​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ។ ដោយសារតែ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ តើ​មាន​ជន​ប៉ុន្មាន នាក់​ហើយ ដែល​បាន​ជាប់គុក​? តើ​មាន​ជន​ប៉ុន្មាន នាក់​ហើយ​ដែល​បាន​រត់ចោលស្រុក​? បើ​ពួក​អ្នក​ហ៊ាន​បំពាន​ច្បាប់​ធ្វើបាន​ជោគជ័យ ហើយ​ផ្តល់​ផលចំណេញ​ទៅ​ឲ្យ​គណបក្សប្រឆាំង ក៏​គណបក្សប្រឆាំង​មិនបាន​កោតសរសើរ​ពួក​អ្នក​ដែរ ប៉ុន្តែ​គេ​បាន​កេង​យក​ផលប្រយោជន៍​ពី ទង្វើរ​របស់​ពួក​អ្នក​ដោយ​មិន​ឲ្យ​ដឹងខ្លួន​រួចទៅហើយ ។ ប៉ុន្តែ​បើ​ពួក​អ្នក​ត្រូវ​ប្រឈម​នឹង​ច្បាប់​រហូត ដល់​ជាប់គុក ជាប់ច្រវាក់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រុញ​ពួក​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពី​ពួកគេ​ហើយ ព្រោះ​ខ្លាច​មានរឿង​រ៉ាវ ដល់​ពួកគេ ។
​ ​
​ករណីនេះ​បានកើត​មាន​រួចហើយ​កាលពីដើម​ខែមករា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​នៅពេល ពួក​អានាធិបតេយ្យ​ដែលជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​ឈានដល់​កុប្បកម្ម​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ សមត្ថកិច្ច​បាន​សួរ​ទៅ​អ្នកទទួលខុសត្រូវ គណបក្ស សង្គ្រោះ​ជាតិ​ថា តើ​កម្លាំង អានាធិបតេយ្យ​ទាំងនោះ​មកពីណា​? ពិតជា​គួរ​ឲ្យ​ឈឺចាប់​ណាស់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ មិន​ទទួលស្គាល់​អ្នក​ទាំង​នោះទេ​ហើយ​ថែមទាំង​ស្នើ ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផង ។ នៅមាន​ករណី​ច្រើន​ទៀត​ដែល មេដឹកនាំ​បក្សប្រឆាំង​បាន​បដិសេធ និង​ទាត់ចោល​មិន​ទទួលខុសត្រូវ​ទៅលើ​សកម្មភាព​របស់​ស​កម្ម​ជន នៃ​គណបក្ស​ខ្លួន ។ ពេល​អ្នក​ទាំងនោះ​ជាប់គុក​មេដឹកនាំ​បក្សប្រឆាំង​ថែមទាំង​ឆ្លៀត​កេង​យក ចំណេញ​ពី​ភាពឈឺចាប់ និង​ក្តី​អាម៉ាស់​នេះ​ធ្វើជា​ទៅសួរសុខទុក្ខ​អ្នក​ជាប់គុក​ហើយ​ហៅ​វិទ្យុ​អាស៊ី សេរី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​ឈឺឆ្អាល​របស់​ពួកគេ​ដែល​បង្កប់​ដោយ​ភាព​ពុតត្បុត​យ៉ាង​អាក្រក់ ជួរជាតិ​ហួសនិស្ស័យ​នេះ​ទៀតផង ។
​ ​
​ពេលនេះ​ពួក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរតួ​ស្លូត​ម្តងវិញ​ហើយ​ហើយ​បើ​និយាយ​តាម របៀប​ជា​ប្រលោមលោក​ឬ​ខ្សែភាពយន្ត​វិញ​គេ​ហៅថា «​តួ​ដែល​ត្រូវគេ​រំលោភ​ខ្ទេចខ្ទី »​ឬ​” ត្រូវ​ប្រុស​ព្រាន​ស៊ី​ពង​ក្រហម​រួច​មិន​ទទួលខុសត្រូវ​” ហើយ​ចែកគ្នា​រំលោភ​បូក​ថែមទៀត​។ សកម្មជន និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ត្រូវតែ​យល់​អំពី​កលល្បិច​ដ៏​រាក់​កំផែល​នេះ​។ ល្បិច​បោកប្រាស់​របស់ ពួកនេះ​នៅ លើគោក​ណាស់ ជា​ល្បិច​ខ្លា​កំណាច​ពាក់​ស្បែក​ចៀម​។ ដូច្នេះ​មិនត្រូវ​ធ្វើ​ពលិកម្ម​ទាំង ប្រថុយប្រថាន ជា​ពលិកម្ម​អត់ ប្រយោជន៍ ជា​ពលិកម្ម​គ្មាន​ន័យ​ទៅ​ឲ្យ​ក្រុមមនុស្ស​ធុន​បែប​ហ្នឹង​ទេ ។ ពួក​អ្នក​ត្រូវ​ប្រើប្រាស់​វិចារណញាណ​ក្នុង ការពិចារណា ដើម្បី​ប្រកាន់យក​ផ្លូវ​មួយ​ដែល​ត្រឹមត្រូវ ផ្លូវ​មួយ​ដែល​អាច​នាំ​ឲ្យ​យើងទាំងអស់គ្នា​តំណ​តកូនតចៅ បានរស់នៅ​ក្នុង​សុខសន្តិភាព និង​សុភមង្គល ។
​ ​
មិនត្រូវ​លុះ​ក្នុង​ក្តី​អាណិតអាសូរ​ដោយ​ល្បិចកល​បោកប្រាស់​របស់​ពួក​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ កុំ​នាំគ្នា​ហែល «​ទឹកភ្នែក​» របស់​ពួក​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ជា​ទឹកភ្នែក សិប្បនិម្មិត​ជា​ទឹកភ្នែក​នយោបាយ​។ ជា​ទឹកភ្នែក​បោកប្រាស់ និង​ជា​ទឹកភ្នែក​សត្វ​ក្រពើ​តែប៉ុណ្ណោះ ។ ពួកគេ​គ្រាន់តែ​ធ្វើជា​កំសត់ ដើម្បី​ឲ្យ សាធារណៈមតិ​អាណិត ។ ពួកគេ​គ្រាន់តែ​ធ្វើជា​កំសត់ ពីព្រោះ​ពួកគេ​មិន​អាចធ្វើ​សកម្មភាព​ណាមួយ ដែល​រំលោភ បំពាន​ច្បាប់​បាន​តទៅទៀត​ទេ ។ ទុក​ឲ្យ​ពួកគេ​ធ្វើជា​កំសត់​តទៅទៀត​ចុះ ។ កំសត់​២០-៣០​អាណត្តិ​ទៀត​ក៏ កំស​ត់ទៅ ព្រោះនេះ​ជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​នីតិរដ្ឋ​លើ​លោក ៕ ​ដោយៈ លី ទួង​