កំហុស​នរណា​?

529
ចែករម្លែក

កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា​កន្លងទៅ គឺ​មួយថ្ងៃមុន​ថ្ងៃ​ប្រឡង​បាក់​ឌុប យុវតី​ម្នាក់ ឈ្មោះ អ៊ុយ លី​លី អាយុ ១៨​ឆ្នាំ ដែល​ជាបេក្ខជន​ប្រឡង​បាក់​ឌុប​បាន​បាត់បង់​ជីវិត​ក្នុង ្រោះថ្នាក់​ចរាចរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​កែង​មហាវិថី​ឈ្នះ​ឈ្នះ​ ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ នាង​បាន​ស្លាប់​ក្នុងពេល​ឪពុក​ឌុប​តាម​ម៉ូតូពី​ផ្ទះ​នៅ​រកា​កោង ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល ដើម្បី​ទៅ​មើល​ឈ្មោះ​ប្រឡងបាក់​ឌុប នៅ​មណ្ឌល ក្នុង​ក្រុង​តាខ្មៅ ទី​រួម​ខេត្តកណ្តាល​។​

​ឪពុក​ជនរងគ្រោះ​ដែល​រងរបួស​ដៃ​បាន​និយាយថា ​លោក​បាន​ឌុប​កូនស្រី​ពី​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ដែលជា​ស្រុកកំណើត ទៅ​មើល​ឈ្មោះ​ប្រឡង​សម្រាប់ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​មណ្ឌល​ប្រឡង​មួយ​ក្នុង​ក្រុងតាខ្មៅ ហើយក៏​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋបុក​ពីក្រោយ នៅពេល​គាត់​ឈប់​ស្តុ​ប​នៅ​កំណាត់ផ្លូវជាតិ​លេខ​៦ កែង​មហាវិថី​ឈ្នះ​ឈ្នះ ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។ នៅពេល​បុក​ម៉ូតូ​លោក​នោះ ឡាន​បាន​កិន​កូនស្រី​របស់លោក​ហើយ​លោក​បាន​សន្លប់​ទៅកៀន​ផ្លូវ​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋដែល​បុក​ម៉ូតូ​ពីក្រោយ​ដោយសារតែ រថយន្ត​នោះពុំបាន​បន្ថយល្បឿនពេលទៅដល់​កន្លែង​ភ្លើង​សញ្ញា​ចរាចរណ៍​ ត្រូវបាន សមត្ថកិច្ចឃាត់​រថយន្ត និង​អ្នកបើកបរ ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ​។​
​ ​
​បើតាម​រឿងហេតុ​នេះ បង្កឡើង​ដោយសារតែ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​មិន​គោរព​ច្បាប់ចរាចរណ៍ ដោយនៅ​ចំណុច​ភ្លើងស្តុប មិន​ឈប់​តាម​ភ្លើង​សញ្ញា​ហើយ ​បែរជា​បុក​អ្នកដែល​គោរព​ច្បាប់​ទៅវិញ​។​
​ ​
​មួយវិញទៀត បើសិនជា​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​មណ្ឌល​ប្រឡង​នៅត្រឹមទីរួមស្រុកនោះ​ក៏​អាច​កាត់បន្ថយ​ចម្ងាយ​ធ្វើដំណើរ​របស់​បេក្ខជន​ប​ប្រឡង​បាក់​ឌុបបាន​មួយកម្រិត​ដែរ​។ ករណី​យុវតី អ៊ុយ លី​លី គឺ​ផ្ទះ​នៅ​រកា​កោង តាមផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​មុខកំពូល បែរជា​នាង​ត្រូវ​ធ្វើដំណើរ​ប្រមាណ​ជា​៣០ ទៅ ៤០ គីឡូម៉ែត្រពី​ផ្ទះ ទៅកាន់​ទី​រួម​ខេត្តកណ្តាល ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​មើល​ឈ្មោះ និង​ប្រឡង​។ នេះ​ដោយសារតែ​គោលនយោបាយ​របស់​ក្រសួង​អប់រំ​តម្រូវ​ឲ្យ​មណ្ឌលប្រឡងធ្វើឡើង​តែ​នៅ​ទី​រួម​ខេត្ត ​រាជធានី​ប៉ុណ្ណោះ​។​
​ ​
​ម្យ៉ាងទៀត បើ​គោលនយោបាយ​របស់​ក្រសួង​អប់រំ រៀបចំ​មណ្ឌល​ប្រឡង​បាក់​ឌុប នៅតែ​ទី​រួម​ខេត្ត ក៏​គួរតែមាន​មធ្យោបាយ​ដឹកជញ្ជូន ឡាន​ដឹក​បេក្ខជន​ពី​វិទ្យាល័យ ទៅ​ប្រឡង ហើយក៏​គួរតែ​រៀបចំផ្ទះ​ស្នាក់នៅ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​បេក្ខជន​នៅ ទី​រួម​ខេត្ត ដូច​អ្វីដែល​ខេត្ត​មួយចំនួនបានរៀបចំ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ យើង​ធ្វើ​ដូច្នេះ អាច​កាត់បន្ថយ និង​ការពារ​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​ដល់​បេក្ខជនបាន​មួយចំនួន​។
​ ​
​យ៉ាងណា​ក៏ដោយចុះ ក្រៅពី​វិធានការ​ប៉ុន្មាន​ចំណុច​ខាងលើនេះ សំខាន់​ជាងគេ​បំផុត អ្នកបើកបរ​គ្រប់រូប ពិសេស​ឡានធំៗ​ដឹកទំនិញ ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេល គ្រប់​ទីកន្លែង គ្រប់​ផ្លូវ ព្រោះថា នៅពេល​កើតមាន​បញ្ហា​ដូច្នេះ គឺ​មិន​ត្រឹមតែ​អ្នកបើកបរ ត្រូវ​ជាប់ទោស​ក្នុង​អំពើ​មនុស្សឃាត​ទេ តែ​ថែមទាំង​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ គ្មានអ្វី​ប្រៀបបាន​លើ​គ្រួសារ​របស់​យុវតី អ៊ុយ លី​លី​៕ ដោយ​: ម៉េង​ឆៃ​/Ha

#