ក្ដី​ស្រមៃ​របស់​សត្វ​កង្កែប​

364

កង្កែប​មួយ​ក្បាល ទំ​លើ​ស្លឹក​ឈូកក្នុង​ស្រះ​ទឹក​វត្ត​មួយនៅក្នុង​ស្រុក​ខ្មែរ យើង​នេះ​ទេ តែ​កង្កែប​នោះ មាន​មហិច្ឆតា​សម្បើម​ណាស់ ។​
​ ​
​ថ្ងៃមួយ កង្កែប​នោះ អ​ង្កុ​យ​ច្រណែន​ព្រះសង្ឃ ដែល​ទៅ​ជម្រះ​កាយ នៅស្រះមុនពេល​និមន្ត ទៅ​បិណ្ឌ​បាត្រ ។ សត្វ​កង្កែប​នោះ និយាយ​ម្នាក់ឯង​ថា ជីវិត​ព្រះសង្ឃ ស្រួល​ណាស់ មិនចាំបាច់​រកស៊ី​អ្វី​ទេ ព្រឹក​ឡើង សំអាត​កាយ ម៉ោង ៨ តែងខ្លួន ម៉ោង ៩ ស្ពាយបាត្រ ម៉ោង ១០ ត្រឡប់មកវិញ មាន​ទាំង​បាយ មាន​ទាំង​ម្ហូប មាន​ទាំង​បច្ច័យ មួយ​កំ​ប្លេ​តែម្ដង ។​
​ ​
​ម៉ោង​ប្រហែល ១០ព្រះសង្ឃត្រឡប់​មកពី​និមន្ត​បិណ្ឌ​បាត្រ​វិញ កង្កែប នៅចាំ​មើល តើ​លោក​ធ្វើ​អ្វី​ទៀត ។ បន្ទាប់ពី​លោក​ឆាន់​ហើយចាត់ចែង​ឲ្យ​សិស្ស បន្ត ក្រោយពី​សិស្ស ចំអែត​ក្រពះ​ហើយ ក៏​យក​អាហារ ដែល​នៅ​សេសសល់​នោះ ចាក់​ឲ្យ​មាន់​ស៊ី​។ ឃើញបែបនេះ កង្កែប​ស្រែកថា កណ្ដុំឆែប មាន់​ឯណោះ​ទេ ដែល​រស់នៅ​ស្រួល​នោះ មិន​ធ្វើ​អ្វី​សោះ មាន​ចំណី​ស៊ី​ស្រាប់ ។ កង្កែប​ក៏​ចង់​កើតជា​មាន់​វិញ​ម្ដង ។​
​ ​
​កង្កែប អង្គុយ​សរសើរ​សំណាង​របស់​សត្វ​មាន់ ។ មួយ​ខណៈនោះ ស្រាប់តែ​ឆ្កែ​មួយ​ក្បាល បង្ហាញខ្លួន​មក ហើយក៏​ដេញ​បង្អើល​មាន់ ដណ្ដើម​ចំណី​នោះ​ស៊ី​វិញ​ម្ដង ។ កង្កែប​ក៏​លាន់មាត់​ថា អីយ៉ា​កើតជា​ឆ្កែ ខ្លាំង​ជាង​មាន់​ទេតើ ? កង្កែប ក៏​លោភលន់ ចង់​ចង់​ក្លាយខ្លួនជា​ឆ្កែ​វិញ ។​
​ ​
​កំពុងតែ​ស្រមៃ​ចង់​ក្លាយខ្លួនជា​ឆ្កែ​នោះ ស្រាប់​តែមាន​មនុស្ស​ស្រវឹង​ម្នាក់ កាន់ដំបង និង​ស្ពាយ​បាវ​មួយ មក​វ៉ៃ​ឆ្កែ​នោះ យកទៅស្ល​ការី​បាត់ ។ កង្កែប​លាន់មាត់​ថា ប៉ៃ​អាចោ​ដកទង អញ​ស្មានតែ​ឆ្កែ វា​ប្រសើរ តាមពិត​មនុស្ស​សោះ ដែល ខ្លាំង​នោះ ។ ឆ្កែ​ក៏​ប្ដូរ​ចិត្ត​ចង់​កើតជា​មនុស្ស​វិញ ។​
​ ​
​មនុស្ស បន្ទាប់ពី​ស៊ីសាច់​ឆ្កែ​ឆ្អែត ក៏​មក​អង្គុយ​យក​អារម្មណ៍ នៅ​មាត់​ស្រះ ដោយ​មិន​ទាំង​លាង​សំអាត​មាត់ និង​ដុស​សំអាត​ធ្មេញ​ផង​ទេ ។ អង្គុយ​មួយ សន្ទុះ ក៏មាន​សត្វ​របោម​មួយ មក​តោង​មាត់​មនុស្ស​។ មនុស្ស យកដៃ​បក់​ដេញ ហើយក៏​សត្វ​របោម​នោះ នៅតែ​មក​រំខាន ។ ដោយ​ធុញ​ពេក មនុស្ស​នោះ ក៏​ដើរ​ចេញពី​មាត់​ស្រះ ទៅ​បាត់ ។​

​ចំពោះ​សត្វ​របោម​នោះ ក៏​ហើរ​ក្រវែល​សត្វ​កង្កែប ហើយ​ត្រូវ​កង្កែប ចាប់​ស៊ី​បាត់​តែម្ដង ។ ពេលនោះ កង្កែប ក៏​ដឹងថា កើត​មកជា​អ្វី គួរ​រស់​នៅតាម​ធម្មជាតិ​របស់ខ្លួន ទៅ​កុំ​លោភលន់ មនុស្ស​ចុះចាញ់​សត្វ​របោម ឯ​របោម ត្រូវ​កង្កែប​ចាប់ ស៊ី​ជា​អាហារ ៕ ​ដោយ​: រ៉ូ​ហ្សា​