ក្តីសង្ឃឹម​សំរាប់​សន្តិភាព​កំពុង​លេចឡើង​ស្ទុងៗ ខណៈ​គីម ជុង​អ៊ុន ឈាន​មួយ​ជំហាន​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ធ្វើ​ជំនួប​កំពូល​រវាង​កូរ៉េ​ទាំងពីរ​

3440
ចែករម្លែក

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងដើរកាត់តំបន់គ្មានកងទ័ពនៅព្រំដែននៃប្រទេសទាំង២នៅថ្ងៃសុក្រទី២៧មេសា សំរាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ិន ជាជំនួបថ្នាក់ខ្ពស់បំផុតនៅក្នុងព្យុះនៃកិច្ចការទូតនុយក្លេអ៊ែរ។

ទីតាំងជំនួបកំពូលនៅភូមិប៉ានមុនចម​ជាប់់ព្រំដែននៃប្រទេសទាំងពីរ

ឃ្លាំងអាវុធបរមាណូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងស្ថិតក្នុងរបៀបវារៈកំពូលនៃជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងដែលឈានជើងជាន់ទឹកដីកូរ៉េខាងត្បូងលើកដំបូងចាប់តាំងពីការបញ្ចប់សង្រ្គាមកូរ៉េកាលពី៦៥ឆ្នាំមុន និងសន្ធិសញ្ញាសន្តិភាពមួយដើម្បីបញ្ចប់ជម្លោះជាផ្លូវការក៏អាចនឹងលើកមកពិភាក្សាផងដែរ។

ជំនួបនៅប៉ែកខាងត្បូងនៃភូមិផ្អាកសង្រ្គាមប៉ានមុនចម មានបំណងត្រួសត្រាយផ្លូវសំរាប់ជំនួបកំពូលមួយទៀតរវាងលោកគីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

វាបានកើតឡើងបន្ទាប់ពីកិច្ចការទូតរាប់រកគ្នាដ៏ឆាប់រហ័សនៅឧបទ្វីបកូរ៉េចាប់តាំងពី លោកគីមបានបញ្ជូនគណៈប្រតិភូកីឡាដ៏ធំដឹកនាំដោយប្អូនស្រីរបស់លោកមកចូលរួមការប្រកួតកីឡារដូវរងារនៅកូរ៉េខាងត្បូង។

ត្រាំបានព្រមទទួលយកសំណើរបស់មេដឹកនាំកូរ៉េខាងជើង សំរាប់ជំនួបកំពូលមួយ និងគីមបានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំងដើម្បីបង្ហាញការគោរពចំពោះសម្ពន្ធមិត្តនិងអាចថាជាខ្នងបង្អែកដ៏សំខាន់តែមួយរបស់លោក។

វាផ្ទុយពីឆ្នាំមុនដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៦និងខ្លាំងបំផុតរបស់ខ្លួនព្រមទាំងបានបាញ់សាកល្បងកាំជ្រួចដែលអាចហោះដល់ដីគោកអាមេរិក ខណៈទាំងគីមនិងត្រាំបានឆ្លើយឆ្លងការជេរប្រមាថនិងគំរាមធ្វើសង្រ្គាមដាក់គ្នា។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មច្រើនឡើងៗលើកូរ៉េខាងជើង រួមមានវិធានការផ្តោតលើធ្យូងថ្មដែលជាទំនិញសំខាន់របស់កូរ៉េខាងជើង ផលនេសាទនិងវិស័យវាយនភណ្ឌ បូករួមទាំងការនាំចូលប្រេង។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងទាមទារអោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់ចោលសព្វាវុធរបស់ខ្លួនដែលបានចំណាយរាប់ទសវត្សរ៍ផលិតដើម្បីការពារខ្លួនពីការឈ្លានពានរបស់អាមេរិក។

កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រកាសផ្អាកការធ្វើតេស្តិ៍នុយក្លេអ៊ែរនិងកាំជ្រួចផ្លោងឆ្លងទ្វីប ដោយលោកគីមបាននិយាយថា កូរ៉េខាងជើងបានសំរេចគោលដៅរបស់ខ្លួនរួចហើយ។

ការប្រកាសនេះនាំអោយលោកត្រាំប្រតិកម្មភ្លាមថា” យើងមិនបានបោះបង់អ្វីទេនិងពួកគេបានយល់ព្រមបោះបង់នុយក្លេអ៊ែរ ដែលវាអស្ចារ្យណាស់សំរាប់ពិភពលោក។បិទទីតាំងសាកល្បង និងនិងមានការសាកល្បងថែមទៀត”។

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា” វាជាការសំរេចចិត្តសំខាន់មួយចំពោះការរំសាយសព្វាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ”។

តែកូរ៉េខាងជើងក៏ធ្លាប់បាននិយាយអំពីការផ្អាកកាលពីមុននិងក៏បាននិយាយអំពីការរំសាយសព្វាវុធនុយក្លេអ៊ែរ ហើយកិច្ចព្រមព្រៀងមុនៗសុទ្ធតែរលំរលាយទៅវិញនៅទីបំផុត។

កូ យូ ហ្វាន សាស្រ្តាចារ្យនៃការសិក្សាកូរ៉េខាងជើងនៅសកលវិទ្យាល័យDongguk Universityបាននិយាយថា” មានវិធីផ្សេងៗជាច្រើនក្នុងការបកស្រាយសម្តីរបស់កូរ៉េខាងជើង។មានអ្នកដើរតួសំខាន់បីមានហេតុផលផ្សេងគ្នានៅក្នុងដំណើរការបច្ចុប្បន្ន។ការងារបន្ទាន់របស់ត្រាំគឺរារាំងកុំអោយកូរ៉េខាងជើងផលិតសំរេចកាំជ្រួចផ្លោងឆ្លងទ្វីប។សំរាប់កូរ៉េខាងជើង គឺរារាំងការវាយប្រហារដោយកងទ័ពអាមេរិកនិងចរចាក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរមួយដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ចំណែកកូរ៉េខាងត្បូង ចង់បញ្ជូនកូរ៉េខាងជើងនិងអាមេរិកទៅកាន់តុចរចារកដំណោះស្រាយដោយសន្តិវិធីមួយនិងធ្វើអោយទំនាក់ទំនងរវាងកូរ៉េរស់ឡើងវិញ”។

កូរ៉េខាងជើងគាំទ្រការធ្វើអោយឧបទ្វីបកូរ៉េគ្មានសព្វាវុធនុយក្លេអ៊ែរ តែក៏តំរូវអោយអាមេរិដកទ័ព២៨.៥០០នាក់ចេញពីកូរ៉េខាងត្បូងនិងឈប់ប្រើសព្វាវុធនុយក្លេអ៊ែរដើម្បីការពារសម្ពន្ធមិត្តរបស់ខ្លួន។រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានស្វះស្វែងរកការចរចាជាមួយអាមេរិកដោយផ្ទាល់ជាយូរមកហើយ តែប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងត្បូង«អាចធ្វើការងារជាអន្តរការីដើម្បីបំព្រួញការខ្វែងគំនិតគ្នារវាងអាមេរិកនិងកូរ៉េខាងជើងក្នុងបំណងបង្កើតកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»៕ដោយ៖វាសនា

អ្វីៗកុំសង្ឃឹមខ្លាំងពេក កូរ៉េ ខាងជើង ក៏ ធ្លាប់បាន និយាយ អំពី ការផ្អាក កាលពីមុន និង ក៏ បាន និយាយ អំពី ការរំសាយ សព្វាវុធ នុយក្លេអ៊ែ រ ហើយ កិច្ចព្រមព្រៀង មុនៗ សុទ្ធតែ រលំរលាយ ទៅវិញ