ក្នុងករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ រដ្ឋសភា​មិន​រលាយ​ទេ​

4570

​គណបក្ស​សង្គ្រោះ​ជាតិ បាន​អនុវត្ត​បំពាន​មាត្រា​៦​ថ្មី ពីរ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ដូច្នេះ គណបក្ស​នេះ​នឹង​​ត្រូវ​ប្រឈម​ចំពោះមុខ​មាត្រា​៣៨​ថ្មី និង​មាត្រា​៤៤ ថ្មី​ដែល​នឹងត្រូវ​ផ្អាក​សកម្មភាព​រយៈពេល​មិន​លើស​៥​ឆ្នាំ ឬ នឹងត្រូវ​រំលាយ ដោយ​តុលាការ​កំពូល តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ ។​

​ក្នុងករណី​ត្រូវ​រំលាយ ដោយ​ផ្អែក​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​បាត់បង់​អ​សនៈ​​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ដោយ​ស្វ័យប្រវត្ត ហើយ​អ​សនៈ​នេះ​នឹងត្រូវ​យកទៅ​បែងចែក​ឲ្យ​គណបក្ស​នានា​ដែល​បាន​ប្រកួតប្រជែង​​ក្នុងការ​បោះឆ្នោត ដោយ គជប ។

​ដូច្នេះ រដ្ឋសភា ដែលមាន​អ​សនៈ​មកពី​ច្រើន​គណបក្ស គឺជា​រដ្ឋសភា​ពហុបក្ស ។ មិនមែន​ដូច​ពាក្យ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ រដ្ឋសភា​ក៏ត្រូវ​រលាយ​ដែរ​នោះទេ ។​

​មាត្រា ៧៨ ជំពូក​ទី ៧ នៃ​រដ្ឋធម្មនុញ្ញ​ចែងថាៈ និតិ​កាល​រដ្ឋសភា​មានកំណត់​៥​ឆ្នាំ​ហើយ​ត្រូវផុត​កំណត់​នៅពេលដែល​រដ្ឋសភា​ថ្មី​ចូលកាន់​​តំណែង ។​រដ្ឋសភា មិនត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បានឡើយ វៀរលែងតែ​ក្នុងករណី​ដែល​រាជរដ្ឋាភិបាល​ត្រូវបាន​ទម្លាក់​ពីរដង​ក្នុង​​រយៈពេល​១២ ខែ ។ ក្នុងករណីនេះ ព្រះមហាក្សត្រ​ត្រូវ​រំលាយ​រដ្ឋសភា ក្រោយពី​ព្រះអង្គ​ទ្រង់​បានទទួល​ការស្នើ​ពី​នាយករដ្ឋមន្ត្រី​និង​បន្ទាប់​ពី​ទ្រង់​បានការ​យល់ព្រម​ពី​ប្រធានរដ្ឋសភា ។​

​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​រដ្ឋសភា​ថ្មី​នឹងត្រូវ​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​៦០​ថ្ងៃ​យ៉ាងយូរ ចាប់តាំងពី​ថ្ងៃ​រំលាយ​រដ្ឋសភា​មក ។​ក្នុង​រយៈកាល​​នេះ រាជរដ្ឋាភិបាល​មានតែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំថ្ងៃ​ប៉​ណ្ណោះ ។​

​ដូច្នេះ ការ​និយាយថា បើ​បក្សប្រឆាំង​ត្រូវ​រំលាយ រដ្ឋសភា​ក៏ត្រូវ​រលាយ​ដែរនោះ មិន​ត្រឹមត្រូវ​ទេ ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅពេលដែល​បក្សប្រឆាំង​មិនទាន់​ត្រូវបាន​រំលាយ ហើយ​តំណាងរាស្ត្រ​ទាំងអស់ ធ្វើពហិកា​មិន​ចូលប្រជុំ​នោះ ក៏ដូចជា​រំលាយ​ដែរ ។ ដូច្នេះ រដ្ឋសភា​នៅតែ​ដំណើរការបាន ដដែល ។ ការអនុម័ត​ច្បាប់​ទាមទារ​សម្លេង​តែ​លើស​៥០​បូក​១ ប៉ុណ្ណោះ ។​

​ការនិយាយ​ដូចខាងលើ គ្រាន់តែ​ជាការ​បំភិតបំភ័យ បក្ស​កាន់អំណាច និង បំភាន់​សាធារណមតិ តែប៉ុណ្ណោះ ៕​ដោយ​៖ សុខ ឥសាន​(​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​)​/sn