ក្នុងចំណោម​ក្មេង​ក្លាហាន​ទាំង​១២ មាន​ម្នាក់​ចេះ ៤ ភាសា និង​ម្នាក់ទៀត​មិនមែនជា​កីឡាករ​ទេ តែ​សុំ​មក​ផ្សងព្រេង​ក្នុង​ល្អាង​នឹង​គេ​ដែរ​

1254
ចែករម្លែក

​ក្មេង ១១ នាក់​ក្នុងចំណោម ១២ នាក់​ដែល​ជាប់​នៅក្នុង​ល្អាង​ភ្នំ​មួយ​នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ​ភាគ​ខាងជើង​ប្រទេស​ថៃ​អស់​រយៈពេល​២​សប្តាហ៍​គឺជា​កីឡាករ​ទាំងអស់​នៅក្នុង​ក្រុមបាល់ទាត់​ដូចគ្នា លើកលែងតែ​ក្មេង​ជំទង់​ម្នាក់​ប៉ុណ្ណោះ ដែល​គ្រាន់តែ​មក​សាកល្បង​បង្ហាញ​សមត្ថភាព​នៅ​ថ្ងៃ​ដំបូង ដែល​ពួកគេ​បាត់​ខ្លួន​។​

​ឪពុកម្តាយ មិត្តភក្តិ និង​សមាជិកគ្រួសារ​របស់​ពួកគេ​បាន​នៅចាំ​កំដរ​មាត់​ល្អាង​រយៈពេល ២៤​ម៉ោង ខណៈដែល​ក្រុម​ជួយសង្គ្រោះ​ធ្វើការ​ទាំងថ្ងៃទាំងយប់​ដើម្បី​ព្យាយាម​ឱ្យ​ពួកគេ​ចេញពី​ល្អាង​ភ្នំ​លិច​ទឹក​នោះ​។​

​ក្មេងៗ​ភាគច្រើន​ដែលមាន​អាយុ​ពី ១១ ទៅ ១៦ ឆ្នាំមាន​ក្តី​សុបិន​ចង់​លេង​នៅក្នុង​លី​ក​បាល់ទាត់​ជាតិ​ថៃ ខណៈ​ក្មេង​មួយចំនួនទៀត​ក៏​ជា​សិស្ស​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ផងដែរ នេះ​បើតាម​សម្តី​គ្រួសារ​ពួកគេ​។​

* ក្មេងប្រុស​ឈ្មោះ អា​ឌុល សំ​អូន អាយុ ១៤ ឆ្នាំ​

​ក្មេង​ម្នាក់​នេះហើយ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​សន្ទនា​ជាមួយ​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស ដែល​បាន​រកឃើញ​ពួកគេ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​។​

​ក្មេងប្រុស​នោះបាន​ស្រែក​សួរថា “​តើ​នេះ​ជា​ថ្ងៃ​អ្វី​?” រួច​ប្រាប់​អ្នក​មុជទឹក​ថា​ពួកគេ​ឃ្លាន​ណាស់ នៅក្នុង​វីដេអូ​មួយ ផ្សាយ​នៅ​ជុំវិញ​ពិភពលោក បន្ទាប់ពី​តាម​ស្វែងរក​ពួកគេ​ទាំងអស់​សង្ឃឹម​។​

​ដោយ​កើត​នៅ​រដ្ឋ​វ៉ា ដែលជា​រដ្ឋ​ស្វយ័ត​របស់​មី​យ៉ាន់​ម៉ា ក្មេង​នេះ​បាន​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ ៧ ឆ្នាំ​ដើម្បី​ទទួលបាន​ការអប់រំ​ល្អប្រសើរ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ប៉ុន្តែ​ឪពុកម្តាយ​របស់គេ​នៅតែ​មក​សួរសុខទុក្ខ​រូបគេ​នៅ​ព្រះវិហារ​គ្រិស្តសាសនា​មួយ ដែល​គេ​នាំយកមក​ស្នាក់នៅ​។​

​អា​ឌុល ដែល​ចេះ​និយាយ​ថៃ ភូមា ចិន និង​អង់គ្លេស ត្រូវបាន​កោតសរសើរ​ចំពោះ​ជំនាញ​ភាសា​អង់គ្លេស​របស់គេ នៅក្នុង​ប្រទេសមួយ​ដែល​ប្រជាជន​តិចជាង ១​ភាគ​៣ និយាយ​ភាសា​អង់គ្លេស​។​

​ដោយ​គ្មាន​សំបុត្រកំណើត អត្តសញ្ញាណ​បណ្ណ និង​គ្មាន​លិខិតឆ្លងដែន អា​ឌុល​មិនអាច​រៀប​អាពាហ៍ពិពាហ៍​ដោយ​ស្របច្បាប់ ទទួលបាន​ការងារ​ឬ​បើក​គណនី​ធនាគារ ធ្វើដំណើរ​កម្សាន្ត មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន ឬ​បោះឆ្នោត​បាន​នោះទេ ប៉ុន្តែ​រូបគេ​មិន​អនុញ្ញាតឱ្យ​ស្ថានភាព​ផ្ទាល់ខ្លួន​រារាំង​ក្តី​បំណង​របស់ខ្លួន​នោះឡើយ​។​

​កីឡាករ​បាល់ទាត់​វ័យក្មេង​រូបនេះ​ក៏​ចេះ​លេង​ព្យា​ណូ​និង​ហ្គី​តា ហើយ​គាត់​ក៏​ជា​សិស្ស​ពូកែ​ម្នាក់​ផងដែរ​។​

* ក្មេងប្រុស​ឈ្មោះ ដួង​ពេ​ច ព្រំ​ថេប អាយុ ១៣ ឆ្នាំ​

​ដួង​ពេ​ច​គឺជា​ប្រធាន​ក្រុម Wild Boar FC និង ក្រុមគ្រួសារ​របស់គាត់​បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា គាត់​គឺជា​អ្នក​លើកទឹកចិត្ត​ក្រុម​ទាំងមូល​។​

​មិត្ត​រួម​ក្រុម​របស់គាត់​បាន​ប្រាប់​កាសែត The Guardian ថា​គាត់​មានគុណ​សម្បត្តិ​ជា​អ្នកដឹកនាំ​និង​ចេះ​កំប្លុកកំប្លែង​ហើយ​គាត់​គឺជា​កីឡាករ​ដែលមាន​ទេពកោសល្យ​ម្នាក់ រហូត​មាន​អ្នក​បញ្ចុះបញ្ចូល​គាត់​ឱ្យ​សាកល្បង​លេង​ឱ្យ​ក្រុម​កំពូលៗ​ក្នុងស្រុក​ទៀតផង​។​

* ពី​ផាត់​បូ​ឌី អាយុ ១៥ ឆ្នាំ​
​តាម​ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា ពី​ផាត់​បូ​ឌី​មិនមែនជា​សមាជិក​ក្រុម Wild Boar FC នោះទេ ប៉ុន្តែ​បាន​សុំ​ចូលរួម​ហ្វឹកហាត់ មុននឹង​ចេញដំណើរ​ផ្សងព្រេង​ក្នុង​ល្អាង​ភ្នំ​។ រូបគេ​សង្ឃឹមថានឹង​បាន​ចូលរួម​ក្នុង​ក្រុម​នេះដែរ ដូច្នេះ​បាន​ចំណាយពេល​ច្រើន​នៅ​ជាមួយ​អ្នកចាំទី ឈ្មោះ ឯក​កា​រ៉ាត់ ដែលជា​មិត្ត​ជិតស្និទ្ធ​៕ ដោយ៖ កញ្ញាដាលីស

អា​ឌុល សំ​អូន ចេះ​និយាយ ៤ ភាសា និង​ជា​សិស្ស​ពូកែ​ម្នាក់​ផងដែរ
ដួង​ពេ​ច ព្រំ​ថេប អាយុ ១៣ ឆ្នាំ គឺជា​ប្រធាន​ក្រុម Wild Boar FC
ពី​ផាត់​បូ​ឌី អាយុ ១៥ ឆ្នាំ មិនមែនជា​សមាជិក​ក្រុម Wild Boar FC ទេ
កីឡាករ​ក្មេងៗ​ដែល​បាត់​ខ្លួន​ក្នុង​ល្អាង
#