ក្នុងចំណោម​ប្រទេស​ជា​ដៃគូ វិនិយោគ​គិ​ន​ចិន​នាំមុខគេ​ក្នុងការ​បណ្ដាក់ទុន​នៅ​កម្ពុជា​

1134
ចែករម្លែក

(​ភ្នំពេញ​) ៖ និន្នាការ​វិនិយោគ​នៅ​កម្ពុជា (​មិន​រាប់បញ្ចូល​វិស័យ​សំណង់ ធនាគារ​និង​ធានារ៉ាប់រង​) ឃើញថា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង សម្រាប់​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ការវិនិយោគ​ដោយ​សន្យា​នៅ​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​។​នេះ​បើ​យោងតាម​ព័ត៌មាន​​ពី​គេហទំព័រ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDC)​។​
​ ​
​យោងតាម​CDC បានបញ្ជាក់​ទៀតថា ទុនវិនិយោគ​ដោយ​សន្យា (Committed Investment)​នៅ​កម្ពុជា​បាន​កើន​ឡើងដល់​៣,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​កាលពី​ឆ្នាំ​២០១២ មាន​ត្រឹមតែ​២,៩​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ដូច្នេះ​វា​កើនឡើង​ប្រមាណ​​ជាង​២៥% នៅលើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ ។​
​ ​
​ទិន្នន័យ​របស់​CDC ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​រយៈពេល​៥​ឆ្នាំ ទុន​ដែល​បាន​វិនិយោគ​ក្នុងស្រុក​មាន​ចំនួន​ដល់​៥៤% នៃ​ការវិនិយោគ​សរុប ។ ក្នុងចំណោម​វិនិយោគិន​បរទេស វិនិយោគិន​ចិន​មាន​ចំនួន​ច្រើន​និង​សកម្ម​ជាងគេ ហើយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ការ​​វិនិយោគ​ពី​បរទេស​សរុប គឺ​មកពី​តំបន់​អាស៊ី​មាន​រហូតដល់​៩០% ។​
​ ​
​ក្នុង​ឆ្នាំ​២០១៦ វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ គឺ​ស្មើ​ដល់​ទៅ​២៩,៩២%​នៃ​ការវិនិយោគ​៣,៦​ពាន់​លាន​ដុល្លារ ច្រើនជាង​ការវិនិយោគ​ដោយ​ប្រទេស​កម្ពុជា​ផ្ទាល់ ដែលមាន​ចំនួន​២៧,៥៥% ។​បើ​ងាក​ទៅ​វិស័យ​សំខាន់ៗ​នៃ​ការវិនិយោគ​ដោយ​សន្យា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ផ្តោត​ភាគច្រើន​ទៅលើ​វិស័យ​ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ចំនួន​ដល់​៧២% ។​
​ ​
​ទុនវិនិយោគ​សម្រាប់រ​យៈ​ពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១២ ដល់​២០១៦​គឺមាន​ចំនួន​សរុប​២០,១​ពាន់​លាន​ដុល្លារ​ដែល​ផោ្ត​ត​លើ​វិស័យ​ឧស្សា​​ហក​ម្ម (៣៨%) ហេដ្ឋារចនាសម្ព័ន្ធ (៣៤%) កសិកម្ម (១៤%) និង​ទេសចរណ៍ (១៤%) ។​
​ ​ ​
​តាម​របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញថា ទុនវិនិយោគ​ពី​បណ្តា​ប្រទេស​នានា​បាន​ប្រែប្រួល​ច្រើន​ដូចជា​ប្រទេស​ជប៉ុន​ឈរ​លេខ​រៀង​ទី៤​ក្នុង​ឆ្នាំ​២០១២ ជាមួយ​ទុនវិនិយោគ​៩,១៥% ដែល​ពេលនោះ​កម្ពុជា​ឈរ​លេខ​រៀង​ទី​១ ចិន​លេខ​២ និង​កូរ៉េ​លេខ​៣ ។​ជប៉ុន​បាន​ស្ទុះ​ហក់​​ឡើងមក​នៅ​លេខ​រៀង​ទី​៣​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​ទុនវិនិយោគ​កើន​ដល់​២២,៧៨% ខណៈ​ចិន​លេខ​១ កម្ពុជា​លេខ​២៕ដោយ៖វិបុល