ក្នុងចំណោម​១៩​ប្រទេស កម្ពុជា​ឈ្នះ​ពានមាស​ពី​ការប្រឡង​គណិតវិទ្យា​អន្តរជាតិ​អូ​ឡាំ​ព្យា​ដ ប្រទេស​សិង្ហ​បុរី​

1766
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្នុងចំណោម​ប្រទេស​នៅក្នុង​តំបន់​ទាំង​១៩​កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៣៣​គ្រឿង​រួមមាន​ពានមាស​មួយ​ពី​​ការប្រឡង​គណិតវិទ្យា​អន្តរជាតិ​អូ​ឡាំ​ព្យា​ដ​ប្រទេស​សិង្ហ​បុរី​។​
​ ​
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​ពេល​ត្រលប់មក ពី​ចូលរួម​ការប្រឡង​គណិត​វិទ្យា​អន្តរជាតិ​អូ​ឡាំ​ព្យា​ដ ប្រទេស​សិង្ហ​បុរី កាលពី​ថៃ្ង ទី​១៧ ខែ កក្កដា ឆ្នាំ​២០១៧ លោក សេង រតនា តំណាងអោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា លើកឡើងថា សមត្ថភាព​របស់​យុវ​សិស្ស​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​រីកចំរើន​គួរអោយកត់សម្គាល់ ជាក់ស្តែង​ការប្រឡង​គណិតវិទ្យា​អន្តរ​​ជាតិ​អូ​ឡាំ​ព្យា​ដ ប្រទេស​សិង្ហ​បុរី ដែល​ហៅ​កាត់​ថា SIMOC សិស្ស​កម្ពុជា ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៣៣​គ្រឿង និង​ដណ្តើម​បាន​ពានមាស​មួយ​ធ្វើ​ឲ្យ​ប្រទេស​ដែល​មក​ចូលរួម សរសើរ​ដល់​សិស្សានុសិស្ស​កម្ពុជា​។​
​ ​

ប្រតិភូកម្ពុជាត្រឡប់មកពីប្រឡងគណិតវិទ្យាអូឡាំព្យាដ (រូបភាព ៖ វេបសាយ)

​លោក បញ្ជាក់ថា ថ្វី​ត្បិត​ការប្រឡង​នេះ មាន​ប្រទេស​មួយចំនួន​ទទួលបាន​មេដាយ​ច្រើនជាង​កម្ពុជា​បន្តិច​មែន តែ​ប្រទេស​ទាំងនោះ ភាគច្រើន​មិន​ទទួលបាន​ពានមាស​ដូច​កម្ពុជា​ទេ​។ ពានមាស​ដែល​យុវ​សិស្ស​កម្ពុជា​ដណ្តើម​បានមក​នេះ​គឺ​យុវ​សិស្ស​កម្ពុជា​ឈ្នះ​ការ​​ប្រកួត​ទាំងបី​ដំណាក់កាល ដែល​គេ​បានកំណត់​នៅក្នុង​កម្មវិធី​ប្រឡង​។​
​ ​
​លោក សេង រតនា បន្តថា​សមត្ថភាព​សិស្ស​កម្ពុជា​ដែល​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ការប្រឡង​គណិតវិទ្យា​អន្តរជាតិ​អូ​ឡាំ​ព្យា​ដ​ប្រទេស​​សិង្ហ​បុរី វា​មិនទាន់​បានល្អ​១០០%​នោះទេ ពោល​គឺមាន​ចំណុច​ខ្វះខាត​មួយចំនួន ប៉ុន្តែ​វា​ក៏​ជា​ជោគជ័យ​មួយ​ដែរ​សម្រាប់​សិស្ស​កម្ពុជា​។ លោក​បន្ថែមទៀតថា សម្រាប់​ការ​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ប្រឡង​នេះ​នៅ​ឆ្នាំក្រោយ លោក​ជឿជាក់ថា​សិស្សានុសិស្ស​កម្ពុជា​​និង​អភិវឌ្ឍ​ចំណេះដឹង​កាន់តែ​ប្រសើរ​ជាង​ឆ្នាំនេះ​ទៀត​។​
​ ​
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​កម្ពុជា​ក្នុង​ការប្រឡង​គណិតវិទ្យា អន្តរជាតិ​អូ​ឡាំ​ព្យា​ដ​ប្រទេស​សិង្ហ​បុរី ដោយ​លើក​ទី​១​នៅ​​ឆ្នាំ​២០១៥ ទទួលបាន​មេដាយ​២​គ្រឿង លើក​ទី​២​ឆ្នាំ​២០១៦ ទទួលបាន​មេដាយ​៤០​គ្រឿង និង​លើក​ទី​៣​ឆ្នាំ​២០១៧​ទទួលបាន​មេដាយ​​ចំនួន​៣៣​គ្រឿង និង​ពានមាស​មួយ​ផងដែរ​៕ដោយ៖វិបុល