ក្នុងជំនួប​នៅ​សិង្ហ​បុរី មេដឹកនាំ​ពិភពលោក​ប្តេជ្ញា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​ក្នុង​លោក​នៅ​ឆ្នាំក្រោយ​

858
ចែករម្លែក

បណ្តាមេដឹកនាំសមាគមអាស៊ានដែលមានសមាជិក១០ប្រទេស និងដៃគូពាណិជ្ជកម្មសំខាន់៦ទៀត បានប្តេជ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតក្នុងលោកនៅឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងឈ្មោះថា”ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ (RCEP)”។

បណ្តាមេដឹកនាំថតរូបនៅជំនួបកំពូលRCEPកាលពីថ្ងៃ១៤វិច្ឆិកានៅសិង្ហបុរី

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំកំពូលRCEPថា« ភារកិច្ចពិភាក្សាបញ្ចប់សំរាប់បង្កើតRCEP កាន់តែបន្ទាន់និងសំខាន់ខណៈកំណើនសេដ្ឋកិច្ចសកលបច្ចុប្បន្នកំពុងប្រឈមការលំបាក។យើងធ្វើការតាំងចិត្តរួមគ្នាថានឹងបញ្ចប់ការពិភាក្សាលើRCEP …ដើម្បីជំរុញប្រព័ន្ធពាណិជ្ជកម្មបើកចំហនិងផ្អែកលើច្បាប់មួយ ហើយបង្ហាញពិភពលោកថា វាអាចទៅរួចដើម្បីធ្វើអោយពាណិជ្ជកម្មដំណើរការសំរាប់ទាំងអស់គ្នា»។

នាយករដ្ឋមន្រ្តី សិង្ហបុរី លោកលី សៀនឡុង ដែលទទួលរៀបចំជំនួបកំពូល បាននិយាយថា លោកមានទឹកចិត្តរីករាយណាស់ដោយឃើញការបង្ហាញឆន្ទៈនយោបាយរឹងមាំនិងការរីកចំរើនធំដុំត្រូវបានបង្កើតឡើងក្នុងការចរចានេះ។

វគ្គច្បាប់៥បន្ថែមទៀតនៃកិច្ចព្រមព្រៀងនេះត្រូវបានពិភាក្សាបញ្ចប់នៅឆ្នាំនេះ ជាហេតុធ្វើអោយវគ្គច្បាប់ដែលចរចាសំរេចហើយមានចំនួន៧។

លោកលីបាននិយាយថាការពិភាក្សាអំពីការបញ្ចូលទំនិញនិងសេវាទៅក្នុងទីផ្សារ ក៏មានការជឿនលឿនខ្លាំង ជាហេតុធ្វើអោយកិច្ចព្រមព្រៀងនេះអាចលេចចេញជារូបរាងឡើងនៅឆ្នាំក្រោយ គឺថា«យើងកំពុងចរចានៅដំណាក់កាលចុងក្រោយ។លទ្ធផលនៃRCEPនឹងធានាដល់វិស័យធុរកិច្ចថា តំបន់របស់យើងនៅតែតាំងចិត្តចំពោះការស្ថាបនាបរិយាកាសគាំទ្រធុរកិច្ចនិងវិនិយោគ»។

បណ្តាប្រទេសក្នុងRCEP តំណាងអោយ៤៥ភាគរយនៃប្រជាពលរដ្ឋក្នុងលោក ៤០ភាគរយនៃពាណិជ្ជកម្មសកលនិង១ភាគ៣ នៃសេដ្ឋកិច្ចពិភពលោក។ការចរចាបង្កើតវាបានចាប់ផ្តើមនៅឆ្នាំ២០១៣ ជាមួយនឹងគោលដៅដើមគឺបញ្ចប់វានៅត្រឹមឆ្នាំ២០១៥ តែត្រូវបានពន្យារពេលជាច្រើនដង។

ក្នុងជំនួបនេះដែរ នាយករដ្ឋមន្រ្តីចិន លី ឃឹឈាំង(រូបកណ្តាល) បានអំពាវនាវអោយភាគីពាក់ព័ន្ធក្នុងកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិកថ្មីនេះ រក្សាការខិតខំរបស់ខ្លួនដើម្បីសំរេចអោយបានកិច្ចព្រមព្រៀងនេះនៅឆ្នាំក្រោយ។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះនៅពេលត្រូវបានអនុវត្ត វានឹងជំរុញពាណិជ្ជកម្មនិងការវិនិយោគ ជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ហើយនាំមកផលប្រយោជន៍ដល់ប្រជាជននៃប្រទេសជាសមាជិកទាំងអស់៕ដោយ៖វាសនា