ក្នុង​ខែសីហា អ្នកស្រុក​អង្គរ​ចំនួន​១០៩​គ្រួសារ ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់ និង​ជួសជុល​សំណង់​ស្រាល​

686
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅក្នុង​ខែសីហា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍​ទាំង​៥​ក្រុម នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តការងារ​ចុះ​ពិនិត្យ អនុញ្ញាត​ការសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ និង​ជួសជុល​សំណង់​តូចតាច​បាន​ចំនួន​១០៩​ករណី​។​

​គោលដៅ​ទាំងនោះ​មានស្រុក​ប្រាសាទបាគង អនុញ្ញាត​បាន​ចំនួន​២៨​ករណី ស្រុក​អង្គរធំ អនុញ្ញាត​បាន​ចំនួន​១២​ករណី ស្រុក​ពួក អនុញ្ញាត​បាន​ចំនួន​០៥​ករណី ក្រុង​សៀមរាប អនុញ្ញាត​បាន​ចំនួន​៥៤​ករណី និង​ស្រុក​បន្ទាយស្រី អនុញ្ញាត​បាន​ចំនួន​១០​ករណី​។​

​ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​សហគមន៍ បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា ពួកគាត់​គឺជា​ប្រជា​ពល​ដ្ឋ​ចាស់​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ និង​មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ ហើយ​មាន​តម្រូវការ​ជាក់ស្តែង​ក្នុងការ​កែលម្អ​ការរស់នៅ​ឱ្យបាន​ល្អប្រសើរ​។​

​គួរ​បញ្ជាក់ដែរថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​សហគមន៍​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៤០១​គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ក្រុង​/​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​២១ និង​ភូមិ​ចំនួន​១១២ លើ​ការសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​និង​ជួសជុល​សំណង់​តូចតាច ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ការជួយ​សង្គ្រោះ​ពេល​ប្រជាជនមាន​ទុក្ខលំបាក រួមទាំង​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បេតិកភណ្ឌ​ដល់​ប្រជាជន​គ្រប់ៗ​គ្នា​៕ ល​

​រូបភាពៈ ក្នុង​ខែសីហា អ្នកស្រុក​អង្គរ​ចំនួន​១០៩​គ្រួសារ​ទទួលបាន​ការ​អនុញ្ញាតឱ្យ​សាងសង់ និង​ជួសជុល​សំណង់​ស្រាល​៕​