ក្នុង​ឆ្នាំ​២០១៧​ក្រសួងពាណិជ្ជកម្ម​រក​ចំណូល​ជូន​ជាតិ​បាន​ប្រមាណ​៥៤​លាន​ដុល្លារ​អាមេរិក​

291

(​ភ្នំពេញ​) : លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្នុង​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ឆ្នាំ​២០១៧​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​កៀរគរ​ចំណូល​បង់​ចូល​ថវិកាជាតិ​បាន​ប្រមាណ​២២០.១៦០.៩៩២.០១៨​រៀល ដែល​ស្មើនឹង​ជាង​៥៤​លាន​ដុល្លារ​​អាមេរិក​។​
​ ​
​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍ ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨​នៅ​​រសៀល​ថ្ងៃទី​២៨ ខែធ្នូ​កន្លងទៅ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើក ឡើង​បន្តថា​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​កំណែទម្រង់​លើ​ច្រើន​​វិស័យ​ក្នុង​គោលដៅ ជំរុញ​ការងារ​គ្រប់គ្រង រដ្ឋបាល​ហិរញ្ញវត្ថុ សាធារណៈ​និង​យន្តការ​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ស៊ីជម្រៅ​ដោយ​​បានរៀបចំ ម៉ា​ទ្រិ​ច​តាមដាន​សកម្មភាព​ការងារ​របស់​មន្ត្រីក្រោមឱវាទ ដើម្បី​ឲ្យ​ប្រាកដថា មន្ត្រីរាជការ​ពិតជា​បាន​អនុវត្ត​កាតព្វកិច្ច និង​ផែនការ​សកម្មភាព​ច្បាស់​លាស់​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​។​
​ ​
​លោក​រដ្ឋមន្ត្រី​បន្តថា​ដើម្បី​ជំរុញ​ការផ្តល់សេវា​ពាណិជ្ជកម្ម​ជូន​វិស័យ​ឯកជន​ប្រកបដោយ​តម្លាភាព​ក្រសួង​បានដាក់​ឲ្យ​ដំណើរការ​នូវ​ការ​​ចុះបញ្ជី​ក្រុមហ៊ុន​/​សហគ្រាស ការស្នើសុំ​ម៉ាក​ពាណិជ្ជកម្ម ការចេញ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ​ការទូទាត់​កម្រៃ​សេវា​តាម​ប្រព័ន្ធ​​ស្វ័យប្រវត្តិកម្ម និង​កំពុងត​ភ្ជាប់​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​ទាំងនេះ​ជាមួយ​ស្ថាប័នគយ​និង​ពន្ធដារ​កម្ពុជា​ដើម្បី​កាត់បន្ថយ​ការតម្រូវ​​ឯកសារ​ជាន់គ្នា រវាង ក្រសួង​-​ស្ថាប័នរដ្ឋ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​មិន​ផ្លូវការ​។ ឆ្លៀត​ក្នុង​ឱកាសលោក​បានបញ្ជាក់ ទៀតថា ក្នុង​ការកសាង​បរិយាកាស​អាជីវកម្ម​ថ្មី​មួយ​ប្រកបដោយ​សង្គតិភាព​និង​បរិ​យា​ប័ន្ន ជាពិសេស​ដើម្បី​នាំយក​សេវាសាធារណៈ​ឲ្យ​ទៅ​កៀក​​នឹង​ដៃ​ប្រជាជន ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ប្រតិភូកម្ម​និង​ផ្ទេរសិទ្ធិ ការងារ​មួយចំនួន​ជូន​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ដែលជា​រដ្ឋបាល​​ថ្នាក់ក្រោម​ជាតិ​ជា​ដំណាក់ៗ​។​
​ ​
​លោក ប៉ាន សូរ​ស័ក្តិ លើកឡើង​បន្តថា ក្នុងទិសដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អន្តរជាតិ​ឲ្យ​កាន់តែ​រឹងមាំ​ក៏ដូចជា​ដើម្បី​ជំរុញ​ការ​​នាំចេញ​ទំនិញ​ពី​កម្ពុជា ក្រសួង​បាន​ចូលរួម​និង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស​បានជា​ច្រើនលើក​ច្រើន​​សារ​។ ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍​ពិព័រណ៍​ទាំងនោះ​ក្រសួង​ក៏បាន​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាច្រើន​ផងដែរ​ដើម្បី​ផ្សព្វផ្សាយ​ជូន​វិ​និ​​យោគិន​និង​ធុរជន​បរទេស​ឲ្យ​បាន​យល់​ពី​គោលនយោបាយ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​កម្ពុជា​។​
​ ​
​ថ្លែង​ក្នុង​ពិធី​នាឱកាស​នោះ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សម្តែង​​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន​ដោយ​ក្រសួងពាណិជ្ជកម្ម​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​ឆ្នាំ​២០១៧​នេះ​លើ​​ការងារ ដូចជា​៖ កម្ពុជា​បាន ទទួល​ភាពអនុគ្រោះ​ពន្ធ​និង​មិន​ជាប់​កូតា​ពី​បណ្តា​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាច្រើន ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក និង​ការនាំចេញ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​ចរចា​ពង្រីក​ទីផ្សារ​សម្រាប់​ទំនិញ​ចេញ​ក្រោម​​ក្របខ័ណ្ឌ​អាស៊ាន អាស៊ាន​បូក​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ជាពិសេស​បាន​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​ទៅកាន់​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន សហគមន៍​អឺរ៉ុប និង​បង់​ក្លា​ដេ​ស​។​ល​៕​ដោយ : ពៅ និមល​/sn

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​

​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ពិធី​បិទ​សន្និបាត​