ក្នុង​ឆ្នាំ​២០១៩​នេះ GDP​របស់​កម្ពុជា​អាច​កើន​ដល់​ជាង​២៧​ពាន់​លាន​ដុល្លារ​អាម៉េរិក

639
ចែករម្លែក
  • 43
    Shares

​ដោយ​: ពៅ និមល / ភ្នំពេញ​: ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ត​សម្រេច​ក្នុង​រង្វង់​៧.១​ភាគរយ​នៅ​ឆ្នាំ​២០១៨​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង នៅក្នុង​ឆ្នាំ​២០១៩​នេះ ផលិតផល​ក្នុងស្រុក​សរុប ហៅ​កាត់ ជី​ឌី​ភី (GDP)​របស់​កម្ពុជា នឹង​កើន​ឡើងដល់​២៧,២២២​លាន​ដុល្លារ​អាម៉េរិក គ្រា​ដែល​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់​១,៧០៦​ដុល្លារ ធៀប​នឹង​១,៥៦៣​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី ពី​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩ លោក​ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ទាក់ទិន​នឹង​កំណើន​ខាងលើ​គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់ៗ​ចំនួន​០៣ រួមមាន​៖ ១.​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម នៅ​បន្ត​រក្សា​ភាពរឹងមាំ​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​១០,០​ភាគរយ ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់​។​ល​។ ២.​វិស័យ​សេវាកម្ម​នៅ​បន្ត​កំណើន​ប្រមាណ​៧,០​ភាគរយ ដែល​គាំទ្រ​ដោយ​កំណើន​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​ទី​៣.​គឺ​វិស័យ​កសិកម្ម​អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់​១,៨​ភាគរយ ដែល​ទ្រទ្រង់​ដោយ​អនុវិស័យ​ដំណាំ​និង​ជលផល​។ លោក​រដ្ឋលេខាធិការ​លើក​ឡើង​បន្តថា ទន្ទឹម​នឹងមាន​ការរីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​ដូច​បាន​រៀបរាប់​ខាងលើ​វិវាទ​ពាណិជ្ជកម្ម​ក៏បាន​កើនឡើង​ដែរ ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ប្រើប្រាស់​យន្តកា​រម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម បាន​កំពុង​កើនឡើង ព្រោះថា​មិន​ត្រឹមតែ​ជាការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​វិវាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​គុណ​ស​ម្ប​តិ្ត​ដល់​ប្រព​ន្ធ័​យុត្តិធម៌​នៅ​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ភាគី​វិវាទ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀតផង​។​

​លោក រស់ មុនិន្ទៈ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​នៃ​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ម​ជ្ឈ​ត្ត​ការ គឺជា​ការផ្សះផ្សា​វិវាទ​ដោយ​ប្រើប្រាស់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ហើយ​អាច​ស្ថិតនៅក្នុង​ឬ​នៅក្រៅ​ក្របខណ្ឌ​នៃ​ការគ្រប់គ្រង​របស់​ស្ថាប័ន​ផ្សះផ្សា​អចិន្ត្រៃយ៍​។ ម​ជ្ឈ​ត្ត​ការ ក៏​ជា​វិធីសាស្ត្រ​ផ្សះផ្សា​ក្រៅ​ប្រព​ន្ធ័​តុលាការ ដែល​គូភាគី​ដាក់​វិវាទ​របស់ខ្លួន​ជូនទៅ​ភាគី​ទី​បី​ដែល​អ​ព្យា​ក្រឹត្យ​មួយ ហៅថា​ម​ជ្ឈ​ត្ត​ករ ឬ​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​ដើម្បី​ពិចារណា​អំពី​ភស្តុតាង​ដែល​ភាគី​បាន​ដាក់ជូន និង​ចេញ​សេចក្តីសម្រេច​មួយ ហៅថា​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​។ យើង​អាច​និយាយបានថា យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ នឹង​ជួយ​សម្រួល​នូវ​បន្ទុក​ក្នុងការ​ចំណាយ និង​ជួយ​ព​ន្លឿ​ន ពេលវេលា​ក្នុងការ​ដោះស្រាយ​ជម្លោះ​សម្រាប់​ធុរជន​ដែលមាន​វិវាទ​កើតឡើង ហើយក៏​មិនមែនជា​ការប្រកួតប្រជែង​ជាមួយ​យន្តការ​ដោះស្រាយ​របស់​ប្រព័ន្ធតុលាការ​ទេ ប៉ុន្តែ​វា​ជាការ​បំពេញបន្ថែម​ឲ្យ​ប្រព័ន្ធយុត្តិធម៌​។ ការបញ្ជាក់​បន្ថែម​រប​ស់លោក រស់ មុនិន្ទៈ​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល ស្តីពី​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា រៀបចំឡើង​រយះពេល​០២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៣ និង​១៤ ខែកុម្ភៈ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ច្បាប់​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដំណើរការ​នីតិវិធី​ម​ជ្ឈ​ត្ត​ការ ដំណើរការ​នៃ​ការដោះស្រាយ​វិវាទ បទ​ប្បញ្ញត្តិ​ចែង​ម​ជ្ឈ​ត្ត​ការ​ក្នុង​ច្បាប់ពាណិជ្ជកម្ម​និង​វិធានការ​ដោះស្រាយ​ផ្សេងៗ​ទៀត​ជូន​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នេះ​ទៅប្រើ​ប្រាស់​តាម​អង្គភាព​របស់ខ្លួន ដែលមាន​សិក្ខាកាម​សរុប​ចំនួន​៧០​រូប​មកពី​២៥​ខេត្ត ក្រុង​៕ ល​