ក្នុង​ពិធី​ដុត​កម្ទេច​ទូ​ហ្គេម​, អភិបាលខណ្ឌ​ច្បារអំពៅ​ប្តេជ្ញា​ពង្រឹង​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​

609
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ទូ​ហ្គេម​ខុសច្បាប់​ជាច្រើន​គ្រឿង ត្រូវ​ដុត​កម្ទេចចោល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នេះ​។ ទន្ទឹមនេះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ប្តេជ្ញា​សាជាថ្មី ថា នឹង​ពង្រឹង​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ដើម្បី​ក្តី​សុខ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​លោក​ម៉ៅ សឿត អធិការ​ស្តីទី​នគរបាល​ខណ្ឌ​ច្បារអំពៅ បញ្ជាក់ថា ដោយមាន​ការអនុញ្ញាត​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទូ​ហ្គេម​ជាច្រើន​គ្រឿង ត្រូវបាន​ដុត​កម្ទេចចោល ។ ទូ​ហ្គេម​ទាំងនេះ គឺ បង្ក្រាបបាន​ចំនួន​៨​ករណី នាពេល​កន្លងមក​។

​លោក ចេង មុនី​រ៉ា អះអាងថា នេះ​ជា​លទ្ធផល ស្របតាម​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។ លោក​ថា ល្បែងស៊ីសង​នេះ គឺ បាន​ពង្វក់​សិស្សានុសិស្ស និង ខាតបង់​ការរកស៊ី​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​។

​លោក​អភិបាល សង្កត់ធ្ងន់ថា បើ​រដ្ឋបាល​សង្កាត់​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្ក្រាប​ទេ សូម​រាយការណ៍​ជូន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដើម្បី​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​៕ ល​