ក្នុង​រយៈពេល​២៤​ថ្ងៃ ខែកញ្ញា​នេះ រដ្ឋាភិបាល​កម្ពុជា​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាលកូន​រួច ប្រមាណ​ជាង​មួយ​ពាន់​លាន​រៀល​

669
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើកឡើងថា គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​ស្ត្រី​សម្រាលកូន​រួច​ចំនួន​៤.៣៨៧​នាក់ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​១.៧៦៥​លាន​រៀល​។​

​ក្នុង​សេចក្តីប្រកាស​ព័ត​មាន​របស់ ប​.​ស​.​ស បង្ហាញ​នៅ​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ បានបញ្ជាក់​ទៀតថា ការផ្តល់ជូន​នេះ​ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ជា​សាធារណៈ​សម្រេច​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី ដែល​ទើប​សម្រាលកូន​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ឱ្យ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដែល​សម្រាល​បានកូន​០១​នាក់ (​ទោល​) ទទួលបាន​៤០​ម៉ឺន​រៀល កូនភ្លោះ​០២​នាក់​ទទួលបាន​៨០​ម៉ឺន​រៀល និង​សម្រាល​កូនភ្លោះ​៣​នាក់ ទទួលបាន​០១​លាន​២​សែន​រៀល ហើយ​ត្រូវបាន​បើក​ផ្តល់​ដោយ​ប​.​ស​.​ស​។ ការផ្តល់ជូន​កាដូ​ពិសេស​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​ដែល​ខ្វះខាត​ក្នុងកំឡុងពេល​សម្រាលកូន និង​ជា​គោលនយោបាយ​មួយ​ក្នុងការ​លើកកម្ពស់​សេវា​គាំពារ​សង្គម និង​ការលើកកម្ពស់​កំណើនប្រជាជន​កម្ពុជា​ព្រមទាំង​ការចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករនិយោជិត​។​

​ប្រភព​ដដែល​លើកឡើងថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា មកដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ មានកម្ម​ការិនី​សម្រាលកូន​ចំនួន​៣៨ ៩៩៧​នាក់ នឹង​កូន​សរុប​មាន​ចំនួន ៣៩ ២៩២​នាក់ (​កូនភ្លោះ​បី ចំនួន​០៤​នាក់ និង​កូនភ្លោះ​ពីរ ចំនួន​២៨៨​នាក់​) និង​បាន​ចំណាយ​ថវិកា​អស់​សរុប​ចំនួន ១៥.៧១៦.៨០០.០០០​រៀល ឬ​ស្មើនឹង​ជិត​០៤​លាន​ដុល្លារ​អាម៉េរិក​។​

​សូមបញ្ជាក់​ទៀតថា ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រី​ជា​កម្មការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រ័ព​ន្ធ​ពេល​សម្រាល​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​ដូចជា​៖​កម្មករនិយោជិត​ជា​ស្ត្រី ត្រូវ​អញ្ជើញ​មក​បំពេញបែបបទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស ក្នុង​រាជធានី ខេត្ត ក្នុងអំឡុងពេល​យ៉ាងយូរ​០៣​ខែ​មុន​សម្រាលកូន​។​សាមីខ្លួន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ លិខិត​ពិនិត្យ​ផ្ទៃពោះ ដែល​បានបញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល (​អេកូ​) បណ្ណ​សមាជិក ប​.​ស​.​ស ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន ដែល​អាច​ទំនាក់ទំនង​បាន​។ ករណី​សាមីខ្លួន​មិន​បានមក​បំពេញបែបបទ​នៅ​ប​.​ស​.​ស ក្នុងកំលុងពេល​ខាងលើ​សាមីជន​ឬ​អ្នកតំណាង ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មកកាន់​ប​.​ស​.​ស យ៉ាងយូរបំផុត​មួយខែ ក្រោយ​ថ្ងៃ​សម្រាលកូន​។ និង​សាមីខ្លួន ឬ​សាច់ញ្ញាតិ​ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​១២៨៦ ពេលដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស​៕ ល​