ក្នុង​រយៈពេល​៥​ខែ​មកនេះ រដ្ឋាភិបាល​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាល​កូនជាង​ពីរលាន​ដុល្លារ​

1386
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ តាម​ការអនុវត្ត​កម្មវិធី​បើកប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​ចំនួន ២៣.១២៨​នាក់ ដែលមាន​កូន​សរុប​ចំនួន ២៣.២៩៣​នាក់ សរុប​ជា​ទឹកប្រាក់​ចំនួន ៩.៣១៧.២០០.០០០​រៀល ឬ​ស្មើ​ប្រមាណ​ជាង ២​លាន ៣​សែន​ដុល្លារ​អាមេរិក​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក ជាវ ប៊ុន​រិ​ទ្ធ មន្ត្រី​អ្នកនាំពាក្យ ប​.​ស​.​ស នៃ​ក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ លើកឡើង​បន្តថា ការងារ​ខាងលើនេះ ប​.​ស​.​ស បាន​អនុវត្ត​គោលការណ៍​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ នៅពេល​សម្រាលកូន​ដោយ​អនុលោម​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រាល់​កម្មករនិយោជិត​ជា​ស្ត្រី​ដែល​បាន​សម្រាលកូន នឹង​ទទួលបាន​គោល​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​នឹងត្រូវ​ទទួលបាន ដូចជា​៖ សម្រាល​បានកូន​១ គឺ​ទទួលបាន​ប្រាក់​ឧបត្ថម​បន្ថែម​របស់​រាជរដ្ឋាភិបាល​ចំនួន​៤០​ម៉ឺន​រៀល សម្រាល​បានកូន​ភ្លោះ​២ ចំនួន​៨០​ម៉ឺន​រៀល​។ ដោយឡែក​សម្រាល​បានកូន​ភ្លោះ​៣ គឺ​ទទួលបាន​ចំនួន​១២០​ម៉ឺន​រៀល​។ ហើយ​អ្វីដែល​ពិសេស​នោះ​កូនភ្លោះ​ទាំ​បី គឺជា​កូន​របស់​សម្តេច​តេ​ជោ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែមចំនួន​០៥​លាន​រៀល​។ លោក​បន្តថា ទាំងអស់នេះ ក៏ដោយ​សារ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លោក​តែងតែ​គិត​គួរ​អំពី​ទុក្ខលំបាក​របស់ បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទាំងអស់​។​

​សូម​រម្លឹកថា ប្រាក់ឧបត្ថម្ភ​ខាងលើ​ទាំងអស់នេះ ត្រូវ​ផ្តល់ជូន​ដោយផ្ទាល់​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្រោយពេល​សម្រាលកូន​ទោះ បី​ជា​ទារក​រស់ ឬ​ស្លាប់​ក៏ដោយ​ក្តី​៕ ល​

#