ក្បាលរថភ្លើង​ថ្មី​ទំនើប​បី​គ្រឿង មកដល់​កម្ពុជា​និង​គ្រោង​ដាក់​ដំណើរការ​ក្នុងពេល​ឆាប់ៗ​

395
ចែករម្លែក
  • 22
    Shares

ដោយៈ​សុផល / ភ្នំពេញ​៖ ក្បាលរថភ្លើង​ថ្មី​ទំនើប​ចំនួន​៣​គ្រឿង​ដែល​ទិញ​ពី​ប្រទេស​ម៊ិ​ក​ស៊ិ​ក បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ និង​បាន​ស្ទូច​ដាក់​លើផ្លូវ​រថភ្លើង​ទាំងបី​គ្រឿង​រូ​ចរាល់​នៅ ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នេះ​។ រថភ្លើង​ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នេះ​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង​។​

​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ស្នើសុំ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រថភ្លើង​ស៊េរី​ទំនើប​ចំនួន​បី​គ្រឿង ទិញ​ពី​ម៉ិ​ក​ស៊ិ​ក ដែល​ទើប​ដឹក​មកដល់​កម្ពុជា​នេះ​។​

​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ដូច្នេះ​ថា «​យើង​បាន​រង់ចាំ​រាប់​ខែ​។ ទីបំផុត​រថភ្លើង​បាន​មកដល់​កំពង់ផែ​ព្រះសីហនុ​ហើយ ដូច្នេះ​យើងខ្ញុំ​នឹង​សូម​ការអនុញ្ញាត​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រថភ្លើង​ទាំងបី​គ្រឿង​នេះ ដើម្បី​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ព្រលានយន្ដហោះ​ភ្នំពេញ ឬ​អាចរ​ត់ទៅ​ក្រុងព្រះសីហនុ ឬ​រត់​ទៅដល់​ប៉ោយប៉ែត​តែម្ដង​»​។​

ក្បាលរថភ្លើង​ថ្មី​ទំនើប​បី​គ្រឿង មកដល់​កម្ពុជា​និង​គ្រោង​ដាក់​ដំណើរការ​ក្នុងពេល​ឆាប់ៗ​

​សូមជម្រាបថា រថភ្លើង Tramway ដែល​ទើប​នាំ​មកដល់​កម្ពុជា​នេះ មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ គឺ​មុខ​មួយ និង​ក្រោយ​មួយ ហើយ​មាន​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ទំនើប​ទាំង​ទ្វារ​ស្វ័យប្រវត្តិ​, ជណ្តើរ​, កៅអី​, ម៉ាស៊ីនត្រជាក់​, បន្ទប់ទឹក​, កន្លែង​ដាក់​អីវ៉ាន់​, ប្រព័ន្ធ​អ៊ីនធឺណិត Wifi, ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​តាម​វីដេអូ និង​រត់​បាន​ល្បឿន​លឿន​ដោយ​ចំណាយពេល​ត្រឹមតែ​២៥​នាទី​ប៉ុណ្ណោះ ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​៕ ល​