ក្មេងប្រុស​ក្រិន អាយុ​១៣​ឆ្នាំ​ហើយ​មើលទៅ​ប៉ុន​នឹង​ក្មេង​អាយុ​៤​ឆ្នាំ​

1167
ចែករម្លែក

ដោយ​: ដេប៉ូ / កំពង់ស្ពឺ​: ក្មេងប្រុស​ដែល​កើតមក​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ដែលមាន​អាយុ​រហូត​១៣​ឆ្នាំ​ហើយ​ប៉ុន្តែ​បើ​គេ​មើល​រូបរាង​ខាងក្រៅ​វិញ​នោះ​អាច​គិតថា​រូបគេ​មាន​អាយុ​ត្រឹមតែ​៣​ឬ​៤​ឆ្នាំ​ប៉ុណ្ណោះ​។​

​ក្មេងប្រុស​ដែល​កើតមក​អភ័ព្វ​រាងកាយ​មិន​លូតលាស់​នេះ​មានឈ្មោះ​សៀន​វិត សព្វថ្ងៃ​រស់នៅ​ភូមិ ឡ ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ​ខេត្ត​កំពង់​ស្ពី​។ ក្មេងប្រុស​នេះ មិន​ត្រឹមតែ​រាងកាយ​មិន​លូតលាស់​ទេ សូម្បីតែ​ផ្នែក​បញ្ញា​ស្មារតី​ក៏​អន់​ខ្សោយ​ដែរ មើលទៅ​ហាក់បីដូចជា​កូនក្មេង​ម្នាក់​មិនទាន់​ដឹងក្តី​នៅឡើយ​។​

​រៀងរាល់ថ្ងៃ​កុមារ​ក្រិន​រូបនេះ តែង​ដើរ​ដោះ​ខោអាវ​លេង​ជាមួយ​កុមារ​ដទៃទៀត​ក្នុងភូមិ ដែល​អ្នកដទៃ​មិនបាន​ស្គាល់ មើលទៅ​ហាក់បី​រូបគេ​ដូច​កុមារ​តូច​ម្នាក់​ទើបតែ​កើត​ប៉ុណ្ណោះ ដែល​តាមពិត​ក្នុងឆ្នាំនេះ​គេ​មាន​អាយុ​១៣​ឆ្នាំ​ទៅហើយ​។​

​ប្រាប់​រស្មី​កម្ពុជា​អ្នកស្រី សុន​មាស ជា​ម្តាយ​បានឱ្យដឹងថា កូន​គាត់​ម្នាក់នេះ​ជា​កូនពៅ​គេ​ក្នុងចំណោម​កូន​៥​នាក់​ទៀត​។ សម្រាប់​កូន​គាត់​ដទៃទៀត មាន​កាយសម្បទា​គ្រប់គ្រាន់ ចំលែក​តែ​កូន​ឈ្មោះ សៀន វិត ម្នាក់នេះ​ទេ ដែល​កើតមក​ក្រិន​ខុសពី​គេឯង​។​

​ស្ត្រី​រូបនេះ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ដោយសារតែ​កើតមក​ខុសគេ និង​មាន​ស្មារតី​មិន​គ្រប់គ្រាន់ ទើប​កូន​គាត់​ម្នាក់នេះ​មិនបាន​ចូល​សាលារៀន​ឡើយ​។ សព្វថ្ងៃនេះ គាត់​មិន​ត្រឹម​មាន​ជីវភាព​ក្រីក្រ រស់នៅ​ជាមួយ​បងប្អូន​ទេ​ថែមទាំង​មានកូន​ដែលមាន​ស្មារតី និង​រូបរាង​ខុសគេ​ជា​បន្ទុក​ត្រូវ​ថែទាំ​ថែមទៀត​។​

​អ្នកស្រី​បន្ត​ឱ្យដឹងថា “​កូន​ខ្ញុំ​ម្នាក់នេះ​ពិបាក​ណាស់ ដើរទៅ​ណា​មក​ណា​មិនដឹង​អ្វី​ទេ គឺ​ដូច​កូនក្មេង​តូច​ម្នាក់​អ៊ីចឹង​។ វា​ដើរ​ឆ្លងផ្លូវ​ទៅមកៗ​អត់​ដឹងថា ខ្លាច​ម៉ូតូ​ឡាន​ទេ បើ​មិន​តាមមើល​ថែទាំ​អាច​គ្រោះថ្នាក់​កើតឡើង​ពុំខាន​។ ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​ហើយ​នៅ​មក​លំបាក​កូន​ម្នាក់នេះ​ថែមទៀត​។ គិត​ទៅ​វាសនា​ខ្ញុំ​អាក្រក់​ណាស់​! មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​ទេ​!”​។​

​អ្នកស្រី​សុន​មាស​បានឱ្យដឹង​ដែរ​ថា កន្លងមក​គាត់​បាន​យក​ឱ្យ​គ្រូពេទ្យ មើល​ពី​ភាពខុសប្រក្រតី​កូន​គាត់​មា្ន​ក់​នេះដែរ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​មកវិញ​ថា មិនអាច​កែប្រែ​រូបរាង​របស់គេ​បានឡើយ​។ ពេលនេះ​អ្នកស្រី​អស់សង្ឃឹម​ខ្លាំងណាស់ ចង់ឱ្យ​សម្បូរ​សជន​ជួយ​គាត់​ផង ពីព្រោះថា គាត់​មិន​ត្រឹមតែ​ជួប​ការលំបាក​លើ​ជីវភាព​ទេ នៅ​ត្រូវ​មក​ទុក​លំបាក​ចាំ​ថែទាំ​កូន​ម្នាក់នេះ​ដើរចោល​មិនបាន​ថែមទៀត​៕