ក្មេងប្រុស​តូចៗ ៣​នាក់ ត្រូវគេ​ដាក់​ថ្នាំញៀន​គ្រវីក្បាល​ឲ្យ​ផឹក ប្រកាច់​ឡក​ពេញ​មន្ទីរពេទ្យ ខេត្ត​ព្រះសីហនុ​

1429
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ក្មេងប្រុស​តូចៗ​៣​នាក់ ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​) កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​២០១៨ ក្រោយពី​ក្មេងៗ​ទាំងនោះ មាន​អាកា​រៈ​ប្រកាច់​ខុស​ប្រក្រតី​។​

​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​ថា ក្មេងៗ​ទាំងនេះ ត្រូវបាន​គេ​ឲ្យ​ផឹកថ្នាំ​ម្យ៉ាង (​ថ្នាំគ្រវីក្បាល​) សង្ស័យ​ថ្នាំញៀន ប៉ុន្តែ​ជនសង្ស័យ​ដែល​ដាក់​ថ្នាំ​ឲ្យ​ក្មេង​ផឹក​នេះ ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ហើយ​។​

​ជាមួយគ្នានេះដែរ លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដែរ​ថា ក្មេងៗ​ទាំងនេះ បច្ចុប្បន្ន​មន្ទីរពេទ្យ​ជួយសង្គ្រោះ​រួចរាល់​ហើយ ត្រូវបាន​ខាង​អង្គការ​ម្លប់​តាប៉ាង​នាំយកទៅ​មណ្ឌល​របស់​អង្គការ​ហើយ ដើម្បី​ផ្តល់ជំនួយ​ផ្សេងៗ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៨​មេសា​២០១៨​នេះ​ថា ក្មេងៗ​រង​គ្រោះជា​កូនចៅ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​១​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ និង​កំណត់​អំពី​គោលបំណងរ​បស់ជនស​ង្ស័​យ​ដែល​ប្រព្រឹត្តិ​សកម្មភាព​នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ចំពោះ​ករណីនេះ ពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​សំណូមពរ ដល់​សមត្ថកិច្ច មេត្តា​ផ្តន្ទាទោស ជនល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដោយ​មិនអាច​អត់អោន​បានឡើយ​៕ ល​

#