ក្មេងប្រុស​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ស្លាប់​, សមត្ថកិច្ច​សង្ស័យ​ជា​អំពើចោរកម្ម​

350
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ក្មេងប្រុស​ម្នាក់​បាន​ធ្លាក់​ពីលើ​ដំបូលផ្ទះ​របស់គេ​បណ្តាលឱ្យ​ស្លាប់ អមដោយ​វត្ថុតាង​បទល្មើស​មួយចំនួន ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើចោរកម្ម​បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះល្វែង​ក្នុង​បូរី​កាណាឌីយ៉ា (​អតីត​បន្ទាយ​គុយ​សេ​) ស្ថិត​ក្នុងភូមិ​កម្មករ​សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បានឱ្យដឹងថា សព​ក្មេងប្រុស​ឈ្មោះ មឿង ប៊ុណ្ណា អាយុ​១៤​ឆ្នាំ នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង (​ផ្ទះ​នៅ​ខាងក្រោយ​បុរី​កាណាឌីយ៉ា )​។​
​ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ជា វ៉ាន់​លួង​នៅ​ភូមិ សង្កាត់​ជាមួយគ្នា​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា នៅ​ចំណុច​បូរី​កាណាឌីយ៉ា មានការ​ភ្ញាក់ផ្អើល​ថា ក្មេងប្រុស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម ក្នុង​ផ្ទះល្វែង​មួយកន្លែង ព្រមទាំង​មាន​ស្នាម​គាស់​ស្លាបព្រិល​ដំបូល​ផងដែរ ដែល​បញ្ហា​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា អាចជា​អំពើចោរកម្ម​ដែល​ប្រព្រឹត្តឡើង​ដោយ​ក្មេងប្រុស​នេះ​តែម្តង​។​

​លោក​អធិការ​ក្រុង​បាន​បន្តថា តាមរយៈ​ក្មេងៗ​មួយ ក្រុម​បានអោយដឹងថា មាន​បក្ខពួក​របស់គេ​ម្នាក់​បាន​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ទៅដល់​ជាន់​ក្រោម មិនដឹង​ជា​ស្លាប់ ឬ​រស់​នោះទេ ទើប​មេការ​នៅ​ទីនោះ ទូរស័ព្ទ​ទៅ​ម្ចាស់ផ្ទះ​ដែល​បាន​បិទទ្វារ​ចោល​ឲ្យ​មក​បើក​សោរ​ទ្វារ​។​

​ដោយឡែក​លោក ជា វ៉ាន់​លួង ដែលជា​ម្ចាស់ផ្ទះ​នេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា នៅពេល​មេការ​ទូរស័ព្ទ​ទៅប្រាប់​នោះ គឺ​រូបលោក​កំពុងបើក​រថយន្ត​មកដល់​ភូមិ​បឹង​ព្រីង ទើប​លោក​តេ​ទៅប្រាប់​ភរិយា​របស់លោក ដែល​នៅ​បាត់ដំបង​ឲ្យ​ទៅ​បើក​ទ្វារផ្ទះ​។ ក្រោម​ការចូលរួម​ពី​សំណាក់​មេការ​ម្ចាស់ផ្ទះ និង​ស្ត្រី ដែលជា​ម្តាយ​ក្មេងប្រុស​រងគ្រោះ​។​

​ក្មេងរងគ្រោះ​ត្រូវ​បា​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព​២ (​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥) ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ​អះអាងថា ក្មេងប្រុស​នោះ​ស្លាប់​ហើយ​។​

​លោក​អធិការ​ក្រុង​បា​បន្តថា ក្រោយពេល​ស្រាវជ្រាវ​ទើប​ដឹងថា ក្មេងៗ​ដែល​ឡើង​ទៅលើ​ដំបូលផ្ទះ​គេ តាមរយៈ​ការដើរ​ឆ្លង​លើ​ក្តារ​មួយ​សន្លឹក ព្រមទាំង​មាន​ខ្សែពួរ​សម្រាប់​ចុះ​ពីលើ​ដំបូល​នោះ គឺមាន​គ្នា​ចំនួន​៤​នាក់​រួមមាន​៖ ១. ឈ្មោះ មឿ​ន រ៉ា​នុ ភេទ ប្រុស អាយុ ១០​ឆ្នាំ ២. ឈ្មោះ មឿ​ន ប៊ុណ្ណា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ (​សព​) ៣. ឈ្មោះ បិត ភេទ ប្រុស អាយុ ១៨​ឆ្នាំ និង ៤. ឈ្មោះ វេ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។​

​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា បញ្ហា​នេះ​គឺពាក់ព័ន្ធ​នឹង​ការចុះ​ពីលើ​ដំបូល ដោយ​ការ​គាស់​ផ្តាច់​ស្លាបព្រិល​ពីរ៉ាមីត​នៅលើ​ដំបូលផ្ទះ ដើម្បី​ចុះមក​លួច​ទ្រព្យសម្បត្តិ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ហើយ​ទំនងជា​ភ្លាត់ស្នៀត​ធ្លាក់​មកក្រោម ដែលមាន​កំពស់​១២​ម៉ែត្រ បណ្តាល​ឲ្យ​បាក់ក​ស្លាប់​។ ចំណែក​វត្ថុតាង​បទល្មើស ត្រូវ​សមត្ថកិច្ច​រកឃើញ​នៅលើ​ដំបូលផ្ទះ​មាន​ខ្សែពួរ និង​ទុយោ​ចំនួន​២​ដុំ ដែល​ក្រុម​ក្មេង​ទាំងនេះ បាន​យោងទៅដល់​លើ​រួចហើយ​។​

​សព​ក្មេង​ជា​ក្រុមចោរ ត្រូវ​ប្រគ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ក្មេងប្រុស​បីនាក់​ទៀត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ដាក​សួរ​រួច​បាន​បញ្ជូនទៅ​ស្នងការ​ចាត់ការ​បន្ត​៕ ល​