ក្មេងប្រុស​ម្នាក់ទៀត​នៅ​ខេត្តសៀមរាប បាន​លង់ទឹក​ស្លាប់​ពេល​ចុះ​ចាប់​ត្រី​បន្ទាប់ពី​បូម​មិនទាន់​រីង​

1571
ចែករម្លែក

ដោយ​៖ គូលែន / សៀមរាប​៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​ទឹកស្រះ​ដែល​គេ​បូម​ចាប់​ត្រី រីង​មួយ​ចំហៀង​នៅ​មួយ​ចំហៀង ដែល​សមត្ថកិច្ច​សង្ស័យ​ថា ក្មេងប្រុស​បំរុង​ចុះ​ចាប់​ត្រី ហើយក៏​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹកស្រះ​នោះ លង់​ស្លាប់​តែម្តង​។ គ្រោះថ្នាក់​ដល់​ជីវិត​នេះ​គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ទន្លេ​ស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គរជុំ បាន​និយាយថា នៅមុន​ម៉ោង​កើតហេតុ​នោះ ក្មេងប្រុស​រងគ្រោះ បាន​ដើរ​ទៅរក​ចាប់​ត្រី​នៅ​ស្រះ ដែល​គេ​បូម​រីង​មួយ​ចំហៀង​ដែល​គេ​ចាប់​រួច និង​នៅ​មួយ​ចំហៀង​ទៀត​មិនទាន់បាន​បូម ហើយ​នៅ​ទីនោះ​ក៏​មិនមាន​មនុស្ស​ដែរ​។ ខណៈពេល​នោះដែរ ក្មេងប្រុស​រងគ្រោះ​បាន​ដើរទៅ ហើយក៏​រអិល​ជើង​ធ្លាក់ចូល​ស្រះ​ទឹក​ដែលមាន​ជម្រៅ​ជ្រៅ ក៏​លង់ទឹក​ស្លាប់​តែម្តង​។​ក្រោយពី​បាត់​ក្មេង ក្រុមគ្រួសារ​បាន​ដើររក​គ្រប់​ទីកន្លែង ហើយក៏​សង្ស័យ​នាំគ្នា​មករា​វ​នៅ​ស្រះ​ទឹក​ខាងលើ ក៏​ប្រទះឃើញ​សាកសព​តែម្តង​។​

​សមត្ថកិច្ច​បាន​និយាយថា ក្មេងប្រុស​រូបនោះ បាន​ដើរទៅ​ចាប់​ត្រី​តែម្នាក់អែង ក្នុង​គោលបំណង​ទៅ​ចាប់​ត្រី​ក្នុង​ស្រះ​ដែល​គេ​បូម​រួចហើយ ហើយក៏​គេ​ចាប់​ត្រី​រួចហើយ​ដែរ ដោយ​ក្មេងប្រុស​ថា​ទៅ​ចាប់​ត្រី​យកមក​អោយ​អ្នកផ្ទះ ដើម្បី​យកមក​ធ្វើ​ម្ហូប ប៉ុន្តែ​នៅ​ទីបំផុត​បែរជា​ស្លាប់​បែបនេះ​។​

​សព​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ដា ធាន អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ក្រោយពី​រកឃើញ​សាកសព សមត្ថកិច្ច​បាន​ពិនិត្យ ហើយ​បានប្រគល់​សព​ក្មេងរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L