ក្មេងប្រុស​ម្នាក់​ត្រូវ​គោយន្ត​កន្ត្រៃ កិន​ពាក់កណ្តាល​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​

2066
ចែករម្លែក

បន្ទាយមានជ័យ​៖ ក្មេងប្រុស​ម្នាក់​ចេញពី​សាលារៀន​បាន​តោង​កន្ទុយ​គោយន្ដ ដែល​កំពុងធ្វើដំណើរ​ក៏ត្រូវ​គោយន្ដ​កិន​ស្លាប់​ភ្លាមៗ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវលំ ស្ថិតក្នុង​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​មានឈ្មោះ វី ចាន់នី អាយុ​១២​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៤ នៃ​សាលាបឋមសិក្សា​អូ​ស្ងួត បច្ចុប្បន្ន​រស់នៅ​ភូមិ​ច​ង្ហា​លិច​ក្នុង​ឃុំ​បន្ទាយ​នាង​។​

​តាម​ព័ត៌មាន​ពី​មិត្តភក្តិ​របស់​ក្មេងប្រុស​រងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ពួកគេ​ទាំងអស់គ្នា​បាន​ជិះ​កង់​ចេញពី​សាលា​លុះ​ជិះ​ឡើង ដល់​ថ្នល់ជាតិ​ជួន​ចំពេល​មាន​គោយន្ត​កន្ត្រៃ​យ៍ បើក​មកដល់​ឃើញ​ដូច្នេះ​មិត្ត​របស់គេ​ឈ្មោះ ចាន់នី ជា​ជនរងគ្រោះ​ក៏បាន​តោង​កន្ទុយ​គោយន្ត​នោះ រហូតមកដល់​ចំណុចកើតហេតុ ស្រាប់តែ​គោយន្ត​កន្ត្រៃ​យ៍​បាន​បត់​យ៉ាង​លឿន ចុះ​ពីលើ​ថ្នល់ជាតិ ហើយ​កន្ទុយ​គោយន្ត​បាន​បោក​មកលើ​ក្មេងប្រុស​រងគ្រោះ បណ្តាល​ឲ្យ​ដួល​កង់​ហើយ​ក្មេងប្រុស ចាន់នី បាន​ខ្ទាត​ចូលទៅ​ក្រោម​កង់​រ៉ុ​ម៉ក​គោយន្ត​កន្ត្រៃ​យ៍​នោះបាន​កិន​ចំពាក់​កណ្តាល​ខ្លួន​ឲ្យ​ស្លាប់​ភ្លាមៗ មួយ​រំពេច​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​បន្តថា បន្ទាប់ពី​បង្កហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​យ៍ បាន​បន្ថែម​ល្បឿន​បើក​រត់​ចេញពី​កន្លែងកើតហេតុ ប្រហែល​ជិត​មួយ​គីឡូម៉ែត្រ ទើប​ចុះ​រត់​គេចខ្លួនបាត់​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង នឹង​រឹបអូស​វត្ថុតាង បង្ក​យកមក​រក្សាទុក​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ពេល​ក្រោយ រីឯ​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ លីន​ណា​