ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ដុះ​ដុំ​សាច់​គ្រប​ជិត​ពីលើ​មុខ ត្រៀម​ទទួល​ការវះកាត់​សង្គ្រោះ​ជីវិត​

1178

ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ ដែល​ដុះ​ដុំ​សាច់​ទម្ងន់ ៤,៥ គីឡូក្រាម​នៅលើ​មុខ​របស់ខ្លួន​នោះ គ្រោង​នឹង​ទទួល​ការវះកាត់​សង្គ្រោះ​ជីវិត​ដើម្បី​យក​ដុំ​សាច់​ដ៏​ធំ​នេះ​ចេញ មុនពេល​វា​ធ្វើឱ្យ​កុមារា​ម្នាក់នេះ​ស្ទះដង្ហើម​ស្លាប់​។​

​ក្មេងប្រុស​ឈ្មោះ អេ​ម៉ា​នូ​អែល ហ្សា​យ៉ា​ស (Emanuel Zayas) អាយុ ១៤ ឆ្នាំនេះ​បានកើត​មក​មាន​ជំងឺ​ឈ្មោះ Polyostotic Fibrous Dysplasia ជា​ជំងឺ​មួយ​ដែល​ជំនួស​ជាលិកា​ជាមួយនឹង​ឆ្អឹង ដែល​បណ្តាលឱ្យ​ខូច​ទ្រង់ទ្រាយ ជើង ដៃ និង​លលាដ៍ក្បាល​។​

​អ្វីដែល​គាត់​បាន​គិតថា​ជា​កូន​ដុំ​សាច់​តូច​មួយ​នៅលើ​ច្រមុះ​របស់គាត់​នៅ​អាយុ ១១ ឆ្នាំ​នោះ តាមពិតទៅ​គឺជា​ឆ្អឹងលលាដ៍ក្បាល​ដុះ​ចេញពី​ថ្គាម​ខាងលើ​ក្លាយទៅជា​ដុំ​សាច់​ទំហំ​ប៉ុន​បាល់បោះ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​របៀប​ដែល​គាត់​ញ៉ាំ​អាហារ មើល និង​និយាយ ដោយ​ធ្វើឱ្យ​ក្មេង​នេះ​មើល​លែង​ស្គាល់​។​

​ទោះបីជា​ដុំ​សាច់​នេះ​មិនមែនជា​មហារីក ក៏ប៉ុន្តែ​វា​គំរាមកំហែង​ដល់​អាយុជីវិត ពីព្រោះ​បើ​វា​នៅតែ​បន្ត​លូតលាស់​ទៀត វា​នឹង​ធ្វើឱ្យ​ក្មេង​នេះ​ថប់ដង្ហើម ហើយ​ទម្ងន់​ដុំ​សាច់​នេះ​នឹងធ្វើ​ឱ្យ​ក្មេង​បាក់ក​។​

​វេជ្ជបណ្ឌិត រ៉ូបឺត ម៉ាក (Robert Marx) មកពី​សាកលវិទ្យាល័យ​សុខាភិបាល​ម៉ា​យ​អា​មី ក្នុង​សហរដ្ឋអាមេរិក នឹង​ដឹកនាំ​ការវះកាត់​ដើម្បី​យក​ដុំ​សាច់​នេះ​ចេញ​នៅ​ខែក្រោយ ហើយ​បាន​ប្រាប់​សារព័ត៌មាន​ដេលី​មែ​លអន​ឡាញ​ថា “​ក្រៅពី​ធ្វើឱ្យ​ភ្នែក​មើលឃើញ ដកដង្ហើម​បាន​ស្រួល និង​សមត្ថភាព​ញ៉ាំ​ត្រឡប់មកវិញ យើង​សង្ឃឹមថា ការវះកាត់​នេះ​នឹង​ផ្តល់ឱ្យ​ក្មេងប្រុស​នេះ​នូវ​អត្តសញ្ញាណ​របស់គាត់​ម​ក​វិញ​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

អេ​ម៉ា​នូ​អែល ហ្សា​យ៉ា​ស នឹង​ទទួល​ការវះកាត់​យក​ដុំ​សាច់​ចេញ​នៅ​ខែ​ក្រោយនេះ