ក្មេងស្ទាវ​បើករថយន្ត​លឿន​គេច​ម៉ូតូ​ធ្លាក់​ប្រឡាយ​ក្រឡាប់​ផ្ងារជើង របួស​ពីរ​នាក់​

578
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: រថយន្ត​១​គ្រឿង ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ IZUZU ផលិត​នៅ​កូរ៉េ បើកបរ​ដោយ​យុវជន​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់ បាន​រងរបួស​ស្រាល ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​គេច​ម៉ូតូ​នៅ​ពីមុខ ក៏​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​តែម្ដង​។ ហេតុការណ៍​នេះ កើតឡើង​កាល​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​៣0​នាទី​រសៀល នៅ​ចំណុច​ក្រុមទី​៧ ភូមិ​កន្ទួត សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។​

​លោក ឈាង រ៉ុង មន្ត្រីប៉ូលិស​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា យុវជន​ទាំងពីរ​នាក់​នោះ មានឈ្មោះ អ៊ឹម ឌី​ណា អាយុ​១៨​ឆ្នាំ (​អ្នកបើកបរ​) និង​អ្នករួមដំណើរ​ឈ្មោះ វ៉ាន់ សាវ​ត្ស អាយុ​១៩​ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​ប៉ូលិស​ចរាចរណ៍​ដដែល បាន​បញ្ជាក់ថា មូលហេតុ​មកពី​អ្នកបើកបរ​លឿន ហើយ​មកដល់​ផ្លូវ​កោង​គេច​ពី​ម៉ូតូ​ជិះ​បញ្ច្រាសទិស​គ្នា ទើប​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​តែម្តង​។ ដោយសារ​គ្រោះថ្នាក់​នេះ បង្កដោយ​ខ្លួនឯង ប៉ូលិស​ចរាចរណ៍​សម្រេច​ឲ្យ​ម្ចាស់​ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​ទៅ​ជួសជុល​ខ្លួនឯង​៕ ល​