ក្មេងស្រីជនបទម្នាក់នៅកម្ពុជា ដើរតួនាទីជំនួសឯកអគ្គរាជទូត​ស៊ុយអែត

396
ចែករម្លែក

ដោយ:មូលសម្បត្តិ៊/ភ្នំពេញ ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ថ្មីៗ នេះ ស្រីភា អាយុ១៥ឆ្នាំ មកពីខេត្តស្ទឹងត្រែង បានដើរតួនាទីជាឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា នាឱកាសអបអរទិវាក្មេងស្រីអន្តរជាតិ។ រៀបចំឡើងដោយស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា កម្មវិធី
“ក្មេងស្រីកាន់តួនាទីជំនួស” ដែលជាភាសាអង់គ្លេស ហៅថាៈGirlsTakeover មានគោលបំណងបង្ហាញពីសក្តានុពល និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ហើយជាមួយគ្នានេះដែរឆ្លុះបញ្ចាំងអំពីការដឹកនាំយេនឌ័រ។

ស្រីភា និយាយថា “ក្នុងសហគមន៍របស់ខ្ញុំ ក្មេងស្រីប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរៀបការវ័យក្មេង ការបោះបង់ការសិក្សា ផ្នត់គំនិតយេនឌ័រអវិជ្ជមាន និងកង្វះបុគ្គលគំរូសម្រាប់ក្មេងស្រី។ ការរៀបការវ័យក្មេង គឺជាបញ្ហាធ្ងន់ធ្ងរជាងគេដែលខ្ញុំចង់ដោះស្រាយ។

ស្រីភា បន្ថែមទៀតថា “កម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ផ្តល់ឱកាសឱ្យនាងខ្ញុំបានពិភាក្សាពីបញ្ហាការរៀបការវ័យក្មេងជាមួយស្ថានទូតស៊ុយអែត។ ខ្ញុំចង់ដឹងពីវិធានការនានាក្នុងការបញ្ឈប់ការរៀបការវ័យក្មេងដើម្បីឱ្យក្មេងស្រីអាចសម្រេចសក្តានុពលរបស់ខ្លួនបានពេញលេញ។”

កម្មវិធីក្មេងស្រីកាន់តួនាទីជំនួស គឺជាចលនាសកលមួយដែលអំពាវនាវឱ្យមានការផ្លាស់ប្តូរក្នុងសង្គម និងនយោបាយសំដៅលុបបំបាត់ឧបសគ្គនានា ការរើសអើង និងភាពលម្អៀងដែលនៅតែរាំងស្ទះដល់វឌ្ឍនភាពរបស់ក្មេងស្រីៗ តាមរយៈចលនានេះ ក្មេងស្រីទទួលបានឱកាសនានាដែលពួកគេមិនសូវបានឃើញ ឬស្តាប់លឺ ហើយវាបង្ហាញយ៉ាងច្បាស់ថាពួកគេមានសិទ្ធិចាប់យកក្តីស្រមៃរបស់ខ្លួនដោយមិនមានភាពភ័យខ្លាចអ្វីឡើយ។

លោក Samuel Hurtig ភារៈធារីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និយាយថា៖ “ការ
កាន់តួនាទី ជំនួសរបស់ស្រីភានៅក្នុងស្ថានទូតស៊ុយអែតគឺជាឱកាសមួយឆ្លុះបញ្ចាំងពីសិទ្ធិរបស់ក្មេងស្រីដែលជាផ្នែកមួយនៃគោលនយោបាយការបរទេសស្តីពីស្ត្រីនិយមរបស់ប្រទេសស៊ុយអែត និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ តាមរយៈការកាន់តួនាទីជំនួសអ្នកដឹកនាំនេះ ស្រីភាអាចលើកឡើងពីបញ្ហារបស់ក្មេងស្រីនៅក្នុងសហគមន៍របស់ខ្លួន ដើម្បី.ធានាថា តម្រូវការ និងសិទ្ធិរបស់ពួកគេមិនត្រូវបានគេមើលរំលង។ នៅពេលក្មេងស្រីដូចជា ស្រីភា ទទួលបានឱកាសស្មើភាពក្នុងជីវិតដូចអ្នកនោះនាងនឹងអាចផ្លាស់ប្តូរជីវិតនិងសហគមន៍របស់ខ្លួន តាមរយៈការចូលរួមបង្កើតពិភពមួយដែលកាន់តែមានភាពល្អប្រសើរសម្រាប់មនុស្សគ្រប់រូប។

នៅក្នុងប្រទេសស៊ុយអែត្រ ប្រទេសកម្ពុជា និងប្រទេសជាង ៥០ផ្សេងទៀតនៅជុំវិញពិភពលោក មានក្មេងស្រីរាប់រយនាក់កំពុងកាន់តួនាទីជំនួសអ្នកដឹកនាំក្នុងវិស័យអាជីវកម្ម នយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងកំសាន្ត ដើម្បីទាមទារឱ្យក្មេងស្រីទទួលបានសិទ្ធិអំណាចក្នុងការសម្រេចចិត្តនូវអ្វីដែលប៉ះពាល់ដល់ជីវិតពួកគេ សេរីភាពក្នុងការបញ្ចេញ​មតិយោបល់ដោយមិនមានការភ័យខ្លាច និងឱ្យមានការផ្សព្វផ្សាយបែបវិជ្ជមាន ពីក្មេងស្រីៗ ។

ក្មេងស្រី និងស្ត្រីវ័យក្មេង នៅប្រទេសកម្ពុជា កំពុងប្រឈមវិសមភាពយេនឌ័រទាំងនៅផ្ទះ សហគមន៍ និងកន្លែងធ្វើការ។ ពួកគាត់មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងផ្នែកសេដ្ឋកិច្ច មិនសូវបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តសាធារណៈ និងចូលរួមក្នុងកិច្ចការនយោបាយ ក៏ដូចជាប្រឈមនឹងអំពើហិង្សាផ្លូវកាយ និងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។

លោកស្រី គ្វីននេត វ៉ង (Gwyroth Worg) នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា៖ “ក្មេងស្រីនៅទូទាំងពិភពលោកកំពុងប្រឈមនឹងឧបសគ្គធំៗជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងសម្រេចក្តីស្រមៃរបស់ខ្លួន។ ជាញឹកញាប់ ក្មេងស្រីគ្មានអំណាចលើការសម្រេចចិត្ត ឬជម្រើសរបស់ខ្លួនឡើយ។ នៅពេលដែលក្មេងស្រីមានឱកាសនិយាយ និងដើរតួនាទីជាអ្នកដឹកនាំ ពួកគេនឹងលើកឡើងយ៉ាងច្បាស់ពីគំនិត ក្ដីស្រមៃ និងមតិយោបល់របស់ខ្លួន”ការសម្រេចបានសមភាពយេនឌ័រ គឺជាគោលដៅមួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលរអនុម័តដោយថ្នាក់ដឹកនាំពិភពលោកកាលពីឆ្នាំ២០១៥ ហើយគោលដៅនេះបានសន្យាផ្លាស់ប្តូរពិភពលោកឱ្យបានត្រឹមឆ្នាំ២០៣០។ រដ្ឋាភិបាលស៊ុយអែត និងអង្គការភ្លែនអន្តរជាតិអំពាវនាវឱ្យមានការបង្កើនការវិនិយោគលើអំណាច និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងស្ត្រីវ័យក្មេងដើម្បីបញ្ឈប់ការរៀបការវ័យក្មេង។

អង្គការភ្លែនអន្តរជាតិត្រូវបានបង្កើតឡើងជាង៨០មកហើយ ក្នុងគោលបំណងប្រឹងប្រែង ដើម្បីពិភពលោកយុត្តិធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ ចំណែកអង្គការភ្លែនអន្តរជាតិនៅកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ ២០០២។ ក្នុងនាមជាអង្គការដែលយកចិត្តទុកដាក់លើផលប្រយោជន៍ល្អបំផុតរបស់កុមារ អន្តរាគមន៍របស់អង្គការភ្លែនអន្តរវាតិកម្ពុជា បានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កុមារជាង ៣៧២.០០០នាក់ និងគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ តាមរយៈកម្មវិធី ៥ សំខាន់ៗ រួមមាន៖ (១) គាំពារ និ ងអភិវឌ្ឍន៍កុមារតូច (២)កិច្ចការពារកុមារ (៣) ទឹកស្អាត និងអនាម័យ (៤)អាហារូបត្ថម្ភ និង (៤)ការអប់ថ្នាក់បឋមសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្នអង្គការបលែនបានធ្វើការ5ខេត្ត រាជធានី៕B/