ក្មេងស្រី​ថៃ​ត្រូវគេ​ភ្លេច​ចោល​ក្នុង​ឡាន​បិទទ្វារ​ជិត​រហូតដល់​ស្លាប់​

3175
ចែករម្លែក

​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​ថប់ដង្ហើម​ស្លាប់​នៅក្នុង​រថយន្ត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មិថុនា ក្រោយពី​ត្រូវបាន​គេ​ទុកចោល​ក្នុង​រថយន្ត​បិទទ្វារ​ជិត​អស់​រាប់​ម៉ោង​នៅ​​សាលារៀន​របស់​នាង​ក្នុង​ខេត្ត ខុន​ឃែ​ន ប្រទេស​ថៃ​។​

​គ្រូ​ម្នា​ក់បាន​ទៅយក​កុមារី កាប៊ី​នតា កេ​ភួង ពី​ផ្ទះ​របស់​នាង​នៅពេល​ព្រឹក​ហើយ​នាំ​នាង​ទៅ​សាលារៀន ដោយសារ​ឡាន​សាលា​ខូច​។​តែ​ពេល​ដល់​សាលា គ្រូ​បាន​ចុះ​​តែឯង​ភ្លេច​កូនសិស្ស​របស់ខ្លួន​នៅក្នុង​ឡាន​ដែល​ចាក់សោរ​ជាប់​។​ទម្រាំ​តែ​ដឹងថា​មានកូន​សិស្ស​នៅក្នុង​រថយន្ត​វា​ដល់ពេល​អ្នកគ្រូ​វិល​មកកាន់​រថយន្ត​វិញ​នៅ​ម៉ោង​៤
​កន្លះ​រសៀល​។​

​ការពិនិត្យ​សាកសព​ដោយ​គ្រូពេទ្យ​បាន​រកឃើញថា ក្មេងស្រី​នេះ​ស្លាប់​ដោយ​ថប់ដង្ហើម ដោយសារ​រថយន្ត​ទុកចោល​ក្រោម​កំដៅថ្ងៃ​និង​បង្អួច​បិទ​ជិត​ទាំងអស់​។​

​កន្លងមក​មាន​ករណី​ភ្លេច​ក្មេង​នៅក្នុង​រថយន្ត​រហូតដល់​ស្លាប់​នៅ​កន្លែង​មួយចំនួន ដូចជា​កាលពី​ខែមីនា ក្មេងស្រី​ម៉ាឡេស៊ី​អាយុ​២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅពេល​នាង​ត្រូវបាន​​គេ​ទុកចោល​ក្នុង​រថយន្ត​របស់​ម្តាយ​នាង​អស់​៤​ម៉ោង​។​ប៉ូលិស​ជឿថា ក្មេងស្រី​នេះ​ស្លាប់​ដោយ​កំដៅថ្ងៃ ក្រោយ​ម្តាយ​អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន​ភ្លេច​ទុកចោល​កូន​នៅ​កន្លែង​​ចត​រថយន្ត​របស់​វិទ្យាល័យ​មួយ​។​

​កាលពី​ខែមេសា​ឆ្នាំមុន ក្មេងប្រុស​ម៉ាឡេស៊ី​អាយុ​៦​ឆ្នាំ​ម្នាក់ ក៏បាន​ស្លាប់​ដោយ​កំដៅថ្ងៃ​ក្រោយពី​វា​ត្រូវបាន​គេ​ទុកចោល​ក្នុង​រថយន្ត​១២​កៅអី​អស់​៣​ម៉ោង​។​

Muhammad Iqram Danish បាន​ដេក​ក្នុងពេល​ធ្វើដំណើរ​ទៅ​សា​លាម​ត្តេ​យ្យ​នៅ​ម៉ោង​២​រសៀល​។​ក្មេង​៣​នាក់​បាន​ចុះ​ពី​រថយន្ត​លើកលែងតែ​Iqram តែ​អ្នកបើក​មិនដឹង​។​​ក្មេង​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​នៅ​ម៉ោង​៥​ល្ងាច​និង​ស្លាប់​នៅពេល​បន្ទាប់​។​

​នៅ​អាមេរិក បងប្អូន​ស្រី​២​នាក់ អាយុ​មួយឆ្នាំ​និង​ពីរ​ឆ្នាំ បាន​ស្លាប់​កាលពី​ខែមិថុនា​ឆ្នាំមុន ក្រោយ​ត្រូវ​ឪពុកម្តាយ​ទុកចោល​ក្នុង​រថយន្ត​បិទទ្វារ​ជិត​អស់​១៥​ម៉ោង​។​ឪពុក​​ម្តាយ​ក្មេង​ទាំង​២​ត្រូវបាន​ចោទប្រកាន់​ពីរ​ករណី គឺ​បោះបង់ចោល​និង​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​។​

​កាលពី​ខែមិថុនា​ឆ្នាំមុន ក្មេងប្រុស​អាយុ​៨​ឆ្នាំ​នៅ​គេ​យ៉ា បាន​ស្លាប់​ក្រោយ​ម្តាយ​ទុក​វា​ចោល​នៅក្នុង​រថយន្ត​បិទទ្វារ​ជិត​ហើយ​បែរជា​ទៅ​នៅ​សប្បាយ​ជាមួយ​ដៃគូ​ស្នេហ៍​​ឯ​សណ្ឋាគារ​។​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​ទុក​ក្មេង​ចោល​ដល់​ស្លាប់​នៅក្នុង​រថយន្ត​។​

​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៧​ដដែល ក៏មាន​ករណី​ក្មេង​ស្លាប់​ដោយសារតែ​ត្រូវគេ​ទុកចោល​ក្នុង​រថយន្ត​ដែរ​។​ម្តាយ​នៅ​រដ្ឋ​តិច​សា​ស់ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការស្លាប់​កូន​​តូច​២​នាក់​របស់​នាង ក្រោយពី​ទុកចោល​ពួកវា​នៅក្នុង​រថយន្ត​ក្តៅ ខណៈ​ម្តាយ​ជាប់រវល់​ជក់​កញ្ឆា​និង​ដេក​៕​ដោយ​៖​វាសនា​

ក្មេងដែលស្លាប់កន្លងមកដោយសារត្រូវគេភ្លេចទុកចោលក្នុងរថយន្តបិទទ្វារជិត