ក្មេងស្រី​បាត់​ខ្លួន​ផ្អើល​ដល់​អភិបាលខេត្ត​ជួយ​ស្វែងរក​ទីបំផុត​នាង​លង់ទឹក​ស្លាប់​

191
ចែករម្លែក
  • 863
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្មេងស្រី​ដែល​បាន​បាត់​ខ្លួន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​លោក គួច ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ចុះទៅ​ជួយ​ស្វែ​ករក​នោះបាន​រកឃើញ​ហើយ គឺ​នាង​បាន​លង់ទឹក​ព្រែក​កៀន​ជ្រៃ​ស្លាប់​នៅ​ខាងក្រោយ​ផ្ទះ​កាលពី​យប់​ថ្ងៃទី ១០​កុម្ភ​:​ឆ្នាំ​២០១៩​នេះ​។​

​អ្នកស្រី អ៊ា ចាន់ថុល មេឃុំ​កៀន​ជ្រៃ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ១១ កុម្ភ​:​ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ចំរើន សុខ​ជា មាន​អាយុ ៥ ឆ្នាំ ជា​ក្មេង​កំព្រា​រស់នៅ​ជា​ជីដូន​ជីតា ក្នុងភូមិ​កៀន​ជ្រៃ​ក្នុង ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​អ្នកស្រី​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃទី ១០ ខែកុម្ភ​: នាង និង​ជីតា​បាន​ទៅ​មើល​រឿង​កំប្លែង​ក្រុម​សិល្ប​: ពែ​កមី តាម​កញ្ចក់​ទូរទស្សន៍​នៅផ្ទះ​ជិតខាង​។

ប៉ុន្តែ​មើល​រឿង​កំប្លែង​មិនទាន់​ចប់​ផង​បាន​ចុះមក​ផ្ទះ​មុន​ជីតា​។​លុះដល់​ពេល​ចប់​រឿង​កំប្លែង​ម៉ោង​ប្រហែល​៦​ល្ងាច​ជាង​ថ្ងៃ​ដដែល​នោះ​ជីតា​បាន​ចុះមក​ដល់ផ្ទះរ​កចៅ​សុខ​ជា​មិនឃើញ​។​អ្នកជិតខាង​បាននាំគ្នា​ដើររក​នាង​សព្វទិសទី​នៅតែ​មិនឃើញ​ក៏បាន​ប្រកាស​ដំណឹង​បាត់​ខ្លួន​ចំរើន​សុខ​ជា​តាម​បណ្តាញ​សង្គម​ហ្វេ​បុក​។​

អ្នកស្រី ចាន់ថុល បាន​បន្តថា ដំណឹង​នេះ​បាន​ជ្រាប​ដល់​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ហើយ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​ភូមិ​កើតហេតុ​បាត់​ខ្លួន​ដោយផ្ទាល់​គឺ​រហូតដល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល​បាន​ប្រទះឃើញ​សាកសព​របស់​សុខ​ជា​អណ្តែត​ទឹក​ព្រែក​ទើរ​នឹង​របាំង​ព្រួល​ចាប់​ត្រី​ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ​ពី​ខាងក្រោយ​ផ្ទះ​របស់​នាង​។​

​អ្នកស្រី​បាន​បន្ថែមថា ក្រោយពី​អ្នកស្រី​បាន​ចូលរួម​ពិនិត្យ​សាកសព​របស់​ក្មេងស្រី ចំរើន សុខ​ជា ជាមួយ​ខាង​សមត្ថកិច្ច​នោះ គឺ​បង្ហាញថា នាង​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។ ដោយ​គ្មាន​ស្លាកស្នាម​ផ្សេង​ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ដល់​ករណី​ឃាតកម្ម​ឡើយ​៕S/​