ក្មេងស្រី គួច សុ​ឃីម មានសំណាង​នៅរស់​ដោយសារ​សាច់ញាតិ​យោធា​ខ្មែរក្រហម ដែល​បានសម្លាប់​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន​យកទៅ​ចិញ្ចឹម​

513
ចែករម្លែក
គួច សុ​ឃីម ហៅ ធា​

ដោយៈ ឡុង ដា​នី និង សុខ វណ្ណៈ មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​ថ្ងៃមួយ​នៅ​ដើមឆ្នាំ​១៩៧៦ ក្រុមគ្រួសារ​ក្មេងស្រី​ឈ្មោះ គួច សុ​ឃីម រួមមាន​ជីដូន​ឈ្មោះ ម៉ា​ញ៉េប ម្តាយមីង​ឈ្មោះ វួ​ច​គាង បងប្រុស​ឈ្មោះ មុយ បងស្រី​ឈ្មោះ ងី​ម បងប្រុស​តូច​ឈ្មោះ ង៉ា និង​ក្មេងស្រី សុ​ឃីម បាន​រត់គេច​ពី​ស្រុក​ភ្នំក្រវាញ​ដោយ​ឆ្លងកាត់​ព្រៃភ្នំ​ក្នុង​គោលបំណង​ឆ្លងទៅ​រស់នៅក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ​ជា​អកុសល​ក្រុមគ្រួសារ​នេះ បាន​ដាច់​ខ្សែសង្វាក់​ពី​អ្នក​នាំ​ផ្លូវ និង​មិនបាន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ ក៏បាន​វ​ងេ្វ​ង​ផ្លូវ និង​ធ្វើដំណើរ​មកដល់​ភូមិ​វាលវែង (​សព្វថ្ងៃ​ភូមិ​គៀន​ជង្រុក ឃុំ​អូ​សោម ស្រុក​វាលវែង​)​។ នៅ​ខណៈ​ពេលនោះ​កងទ័ព​តំបន់​៦ នៃ​ភូមិភាគ​ពាយ័ព្យ​របស់​ខ្មែរក្រហម​ដែល​ឈរជើង​នៅ​ម្តុំ​ទួល​ម្កាក់​ក្នុងភូមិ​វាលវែង​បាន​ចាប់​ខ្លូន​ក្រុមគ្រួសារ​របស់ សុ​ឃីម នៅ​ម៉ោង​ប្រហែលជា​៣​រសៀល​។ សុ​ឃីម មានសំណាង​បាន​រស់រានមានជីវិត ដោយសារ​មានគ្រួសារ​សាច់ញាតិ​រប​ស់​កងទ័ព​ខ្មែរក្រហម​ម្នាក់​ដែល​មិនមាន​កូនស្រី​បាន​សុំ សុ​ឃីម យកទៅ​ចិញ្ចឹម​។ ចំណែក​សមាជិក​ក្រុម គ្រួសារ​ផ្សេងៗ​ទៀត ត្រូវបាន​កងទ័ព​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ​។
​គួច សុ​ឃីម ហៅ ធា ហៅ សំណាង មាន​អាយុ​ប្រហែល​៥០​ឆ្នាំ (​មិន​ចាំ​អាយុ​ពិតប្រាកដ​) មាន​ប្តី​ឈ្មោះ សួង សុផាត អាយុ​៥៣​ឆ្នាំ មានកូន​៤​នាក់ ប្រុស​៣​ស្រី​១ រស់នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំ​ព្រៃរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​រៀបរាប់​ប្រវត្តិ​របស់ខ្លួន និង​ក្រុមគ្រួសារ​រ​ដូចខាងក្រោម ៖


​គ្រួសារ​របស់ គួច សុ​ឃីម នៅមុន​ឆ្នាំ​១៩៧០ជីដូន​របស់ សុ​ឃីម មានឈ្មោះ ម៉ា​ញ៉េប និង​ជីតា​ឈ្មោះ កុង​យុ​ហុង (​ជាប់​ខ្សែស្រឡាយ​ចិន​)​។ ជីដូន​ជីតា​របស់ សុ​ឃីម មានកូន​ចំនួន​៤​នាក់ គឺ ទី​១) វួ​ច​ង៉ោ (​ម្តាយ​របស់​សុ​ឃីម​) ទី​២) វួ​ច​ស៊ីម (​ស្រី​) ទី​៣) វួ​ច​គាង (​ស្រី​) ទី​៤) ឈ្មោះ ឈី (​ប្រុស​)​។ ម៉ា​ញ៉េប មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ កាលពីមុន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ម៉ា​ញ៉េប ជា​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ និង​ទិញ​ផ្លែ​ក្រវាញ ដង្កោ ជ័រ​រ៉ុង ពី​បងប្អូន​ជនជាតិ​ជង និង​ព័រ ដែល​រស់នៅ​ស្រុកលើ ដូចជា (​វាលវែង អូរ​សោម ត្រ​ពង​ពង្ស ទួល​គ្រួស ស្រែ​តាំង​យ៉ ស្រែ​ពាំង ប្រ​ម៉ោ​យ ជាដើម​)​។ ម៉ា​ញ៉េប គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុ​ត​ស្តម្ភ​ម្នាក់ នៅ​ផ្សារ​លាច ស្រុក​ភ្នំក្រវាញ​។ គាត់​មាន​ចម្ការ​ក្រូចពោធិ៍សាត់​ជាច្រើន​ហិច​តា​នៅ​ក្នុងភូមិ​ព្រែក ក្នុង​ឃុំ​លាច​។ កាលពី​ពេលមុន​រដ្ឋប្រហា​រ ឆ្នាំ​១៩៧០ ម៉ា​ញ៉េប បាន​លក់​ផ្លែក្រូច​ពោធិ៍សាត់​បាន​លុយ​ច្រើន​រហូត​ទិញ​ផ្ទះល្វែង​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ក្រុងភ្នំពេញ​បាន​ចំនួន​៣​ល្វែង​ថែម​ទៀតផង​។ ចំណែក សុ​ឃីម មាន​ឪពុក​ឈ្មោះ ហួង និង​ម្តាយ​ឈ្មោះ វួ​ច​ង៉ោ (​សព្វថ្ងៃ​រស់នៅ​ប្រទេស​អូស្ត្រាលី​)​។ សុ​ឃីម មាន​បងប្អូន​បង្កើត​៥​នាក់ (​បង​ទី​១) ប្រុស ឈ្មោះ មៀន បង​ទី​២) ប្រុស ឈ្មោះ មុយ បង​ទី​៣) ស្រី ឈ្មោះ ងី​ម បង​ទី​៤) ប្រុស ឈ្មោះ ង៉ា និង ទី​៥) សុ​ឃីម ដែលជា​កូនពៅ​។ កាលពី​ពេលមុន​រដ្ឋ​ប្រ​ឆ្នាំ​១៩៧០ ឪពុកម្តាយ សុ​ឃីម ក៏បាន​ប្រកប​របប​លក់​ឥ​វ៉ាន់​ចាបហួយ និង​មានផ្ទះ​នៅក្បែរ​ផ្សារ​លាច ដូច​ជីដូន​ជីតា​របស់ សុ​ឃីម ដែរ​។​

ឪពុកម្តាយ​បង្កើត​រប​ស់ គួច សុ​ឃីម សព្វថ្ងៃ​រស់នៅ​ប្រទេស​អូស្ត្រាលី​


​គ្រួសារ​របស់ គួច សុ​ឃីម ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ កម្លាំង​ចលនា​ខ្មែរក្រហម​បាន​ចូលមក​ដល់​ឃុំ​លាច ស្រុក​ភ្នំក្រវាញ និង​កើតមាន​សង្គ្រាម​រវាង​ក​ង​ទ័ព​ខ្មែរក្រហម និង​ទាហាន លន់ នល់ នៅក្នុង​ស្រុក​ភ្នំក្រវាញ​នេះ​។ នៅ​ខណៈ​ពេលនោះ ប្រជាជន​មួយចំនួនធំ​ត្រូវបាន​ខ្មែរក្រហម​កៀរ​យកទៅ​ជាមួយ​។ ចំណែក​មួយចំនួនទៀត បានមក​រស់នៅ​ក្រុង​ពោធិ៍សាត់​ជាមួយ​របប លន់ នល់​។ គ្រួសារ សុ​ឃីម រួមមាន​ជីដូន ជីតា មីង មា ឪពុកម្តាយ និង​បងប្អូន​បង្កើត​របស់ សុ​ឃីម បាន​ភៀសខ្លួន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​។ បន្ទាប់មក ឪពុកម្តាយ​និង​បងប្រុស​ទី​១​របស់ សុ​ឃីម ឈ្មោះ មៀន បាន​ផ្លាស់​ទៅរក​ស៊ី​ទិញ​លក់​ត្បូង​នៅ​ក្រុងប៉ៃលិន រីឯ សុ​ឃីម និង​បងប្រុស​ស្រី​ចំនួន​៤​នាក់​ផ្សេងទៀត​បានរស់នៅ​រៀនសូត្រ​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​ជីដូន​ជីតា រហូតដល់​ខ្មែរក្រហម​កាន់កាប់​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ដោយសារ​សង្គ្រាម​រវាង​កងទ័ព​ខ្មែរក្រហម និង​ទាហាន លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ តំបន់​ភាគច្រើន​បាន​ប្រែជា​តំបន់​រំដោះ​ដែល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​។ ឪពុកម្តាយ របស់ សុ​ឃីម ពិបាក​ក្នុងការ​ធ្វើដំណើរ​ពី​ប៉ៃលិន​មកលេង​ឪពុកម្តាយ និង​កូនចៅ​នៅ​ភ្នំពេញ​។​

យ៉ុង ហ៊ុម ប្អូនប្រុស​ឪពុកចិញ្ចឹម​របស់ សុ​ឃីម​


​សុ​ឃីម និង​គ្រួសារ​ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញ មក​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥
​ ​បន្ទាប់ពី​បាន​ចូលដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម បាន​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ទីក្រុង​។ ក្រុមគ្រួសារ​របស់ សុ​ឃីម រួមមាន​ជីដូន ជីតា ម្តាយមីង និង​បងប្រុស​ស្រី​ចំនួន​៣​នាក់ បាននាំគ្នា​ធ្វើដំណើរ​សំដៅ​មករក​ស្រុក កំណើត​នៅ​ភូមិ​ព្រៃ​ស្មាច់ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ប៉ុន្តែ​ក្រុមគ្រួសារ​របស់ សុ​ឃីម មិនបាន​មកដល់​ស្រុកកំណើត​ទេ គឺ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ក្រុមគ្រួសារ សុ​ឃីម រស់នៅក្នុង​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ស្រុកកំណើត​របស់ សុ​ឃីម​។ ខណៈពេល​រស់នៅក្នុង​ឃុំ​ព្រ​ងិ​ល ខ្មែរក្រហម​បាន​ចាត់តាំង ម៉ា​ញ៉េប ឲ្យ​ត្បាញ​សំពត​ក្រមា ចំណែក​សមាជិក​ផ្សេងៗ​ទៀត​ត្រូវបាន​ខ្មែរក្រហម ចាត់តាំង​ឲ្យ​ធ្វើការ​ងារ​តាម​កង​ផ្សេងៗ​។ នៅ​ចុងឆ្នាំ​១៩៧៥ ឬ​ដើមឆ្នាំ​១៩៧៦ ដោយសារ​មាន​ភាពអត់ឃ្លាន និង​ខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់ ម៉ា​ញ៉េប បានសម្រេច នាំ​សមាជិក​ក្រុមគ្រួសារ​ទាំងអស់​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ការរត់​គេចខ្លួន​របស់ ម៉ា​ញ៉េប ត្រូវបាន​ខ្មែរក្រហម​តាម​ទាន់ និង​ចាប់បាន​ប្តី​របស់គាត់ (​យុ​ហេង​) នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​លាច ហើយ​ខ្មែរក្រហម​ក៏បាន​សម្លាប់ តា​យុ​ហេង ចោល​ទៅ​។ ចំណែក ម៉ា​ញ៉េប រួមជាមួយ​កូនស្រី​ឈ្មោះ រួច​គាង និង​ចៅៗ បាន​រត់​ចូល​ក្នុងព្រៃ ហើយដោយ​ធ្វើដំណើរ​យូរ​ទៅៗ មិនមាន​បាយ​ហូប ក៏​នាំគ្នា​បេះ​ស្លឹកឈើ ផ្លែ​មៀនព្រៃ​ហូប​ដើម្បី​បន្តដំណើរ​ទៅមុខទៀត​។ ម៉ា​ញ៉េប កូនស្រី និង​ចៅៗ បានធ្វើ​ដំណើរ​មកដល់​ភូមិ​វាលវែង (​អូ​សោម​) ក៏ត្រូវ​បាន​ប្រជាជន​រាយការណ៍​ឲ្យ​កងទ័ព​ខ្មែរក្រហម ដែល​ប្រចាំការ​នៅ​ទួល​ម្កាក់​ក្នុងភូមិ​វាលវែង​ចាប់ខ្លួន​តែម្តង​។


ការចាប់ និង​សម្លាប់​ក្រុមគ្រួសារ​របស់ គួច សុ​ឃីម នៅ​ដើមឆ្នាំ​១៩៧៦
​ថ្ងៃមួយ​នៅ​ដើមឆ្នាំ​១៩៧៦ មេដឹកនាំ​ខ្មែរក្រហម​ប្រចាំ​នៅ​ស្រុក​ពាម​ព្រុស តំបន់​៦ ក្នុង​ភូមិភាគ​ពាយ័ព្យ បាន​ឡើងមក​ភូមិ​វាលវែង ដែលជា​ភូមិ​ដាច់ស្រយាល​មួយ ដើម្បី​កោះហៅ​ប្រជាជន​ឲ្យ​ចូលរួម​ធ្វើ​មី​ទ្ទី​ញ​។ មី​ទ្ទី​ញ​បាន​ចប់​នៅ​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ដដែល​នោះ ស្រាប់​តែមាន​ព្រឹត្តិការណ៍​កើតឡើង​មួយ​ដោយសារ​យោធា​ខ្មែរក្រហម ចាប់បាន​ក្រុមគ្រួសារ​មួយ​មាន​គ្នា​ប្រហែលជា​៦​នាក់ មាន​ប្រុស​មាន​ស្រី​។ នៅ​ខណៈ​ពេលនោះ ហ៊ំ (​ត្រូវជា​ប្អូនប្រុស​ឪពុកចិញ្ចឹម​របស់ សុ​ឃីម​) និង​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើ​កងឈ្លប​ប្រចាំ​ភូមិ​វាលវែង បាន​ស្គាល់​សមាជិក​ខ្លះ​នៃ​ក្រុមគ្រួសារ​ជនរងគ្រោះ ដូចជា ម៉ា​ញ៉េប ចែ​គាង និង កូន​ចឹក​ហួង (​បងស្រី​របស់ សុ​ឃីម ឈ្មោះ ងី​ម​) ព្រោះ​កាល​ទៅ​រៀន​នៅ​លាច ក្នុងស្រុក​ភ្នំក្រវាញ ហ៊ំ បាន​ស្នាក់​នៅផ្ទះ​ចិន​ឆៅ​ឈ្មោះ ចឹក ចុង​ឈី​ម ហើយ​ផ្ទះ​កូនស្រី​ម្នាក់​របស់ ចឹក​ចុង​ឈី​ម ស្ថិតនៅ​ជិត​ផ្ទះ​របស់ ម៉ា​ញ៉េប​។ ហ៊ំ ឲ្យ​ដឹងថា ក្រុមគ្រួសារ ម៉ា​ញ៉េប មានបំណង​រត់​ចេញទៅ​ប្រទេស​ថៃ ប៉ុន្តែ​ចៃដន្យ​គាត់​បាន​ដាច់​ខ្សែរយៈ​អ្នក​នាំ​ផ្លូវ​ផង និង​បាន​ដាច់បាយ​ដាច់ទឹក​ផង​នោះ ទើប​ពួកគាត់​បាន​ដើរ​សំដៅ​ចូលមក​ភូមិ​វាលវែង និង​ត្រូវ​យោធា​តំបន់​៦ ដែលមាន​ប្រធាន​កងអនុសេនាតូច ឈ្មោះ វឿន​, អនុប្រធាន​ឈ្មោះ ឡែ​ម និង​យោធា​ផ្សេងៗ​ទៀត ចាប់បាន​យកទៅដាក់​ក្នុង​ផ្ទះមួយ ដែល​គ្មាន​មនុស្ស​រស់នៅ​។ យោធា​ខ្មែរក្រហម​ក៏បាន​បញ្ជា​ឲ្យ​ម្តាយ​របស់ ហ៊ំ ដាំបាយ​ធ្វើ​ម្ហូប​ឲ្យ​ក្រុមគ្រួសារ ម៉ា​ញ៉េប ហូប បន្ទាប់ពី​បាយ​សម្លរ​ឆ្អិន ហ៊ំ ជា​អ្នកយក​បាយ​ទៅ​ឲ្យ​ក្រុមគ្រួសារ ម៉ា​ញ៉េប ហូប​។ នៅ​ប្រហែលជា​ម៉ោង​៧​ទៅ​៨​យប់ មាន​យោធា​ប្រហែលជា​៦​ទៅ​៧​នាក់ បាន​បណ្តើរ​ក្រុមគ្រួសារ ម៉ា​ញ៉េប ទៅ​សម្លាប់ចោល​នៅក្បែរ​អូរ​ជិត​មាត់​ស្ទឹង​។ ពេលព្រឹក​ថ្ងៃ​បន្ទាប់ យោធា​ខ្មែរក្រហម​ឲ្យ​បញ្ជា​ឲ្យ​កងឈ្លប​ឈ្មោះ ហ៊ំ ឈ្មោះ ម៉ិ ឈ្មោះ មុន និង​កងឈ្លប​២​ទៅ​៣​នាក់​ទៀត ទៅ​ជីករណ្តៅ​កប់​នៅ​ជិត​មាត់​ស្ទឹង​នោះ​។ ហ៊ំ បានឃើញ​សាកសព​ស្រី្ត​ពីរ​នាក់​ស្លាប់​ដោយ​អា​រក និង​គ្មាន​សម្លៀកបំពាក់ ចំណែក​បងស្រី​របស់ សុ​ឃីម ឈ្មោះ ងី​ម គឺ​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង ហើយ​អ្នក​ផ្សេងទៀត​គឺ​ស្លាប់​ដោយសារ​វាយ​នឹង​ដំបង​។ អ្នកដឹកនាំ​ការសម្លាប់​មានឈ្មោះ វឿន ជា​ប្រធាន​រួមជាមួយ​ឈ្មោះ ឡែ​ម ឈ្មោះ សៀ​ប ឈ្មោះ លុម (​ប្អូនថ្លៃ​ឪពុកចិញ្ចឹម សុ​ឃីម​) និង​យោធា​ខ្មែរក្រហម​ផ្សេងទៀត​។ ក្នុងចំណោម​យោធា​ទាំងនោះ មានឈ្មោះ វឿន បាន​ចាប់រំលោភ​បងស្រី សុ​ឃីម ឈ្មោះ ងី​ម មុនពេល​សម្លាប់​។ កង​យោធា​ខ្មែរក្រហម​ក៏បាន​សម្រាត​យក​ខោអាវ​ជនរងគ្រោះ​ទាំងអស់​ដែរ​។ ហ៊ំ ដឹងថា មានតែ​ក្មេងស្រី​ម្នាក់ (​ឈ្មោះ សុ​ឃីម ហៅ ធា ហៅ សំណាង​) ដែល​ត្រូវជា​ចៅ​របស់ ម៉ា​ញ៉េប បាន​រួច​ផុតពី​ការសម្លាប់​នេះ​។​

មាស ឡែ​ម អតីត​អនុប្រធាន​អង្គភាព​យោធា​ប្រចាំ​នៅ​ទួល​ម្កាក់ ក្នុងភូមិ​វាលវែង ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ត្រូវជា​ប្អូនជីដូនមួយ​ឪពុកចិញ្ចឹម​របស់ សុ​ឃីម​


​បន្ទាប់ពី​សម្លាប់​មនុស្ស​អស់ហើយ​យោធា​បាន​ប្រមូលយក​ទ្រព្យសម្បត្តិ​មានតម្លៃ​ពី​ក្រុមគ្រួសារ ម៉ា​ញ៉េប ដូចជា មាស ពេជ្រ ផ្លាក​ទីន ចំនួន​មួយ​កំសៀវ និង​នាឡិការ​ដៃ ចំនួន​មួយ​កំសៀវ​ទៀត​។ យោធា​ខ្មែរក្រហម​យក​ពេជ្រ ផ្លាក​ទីន ទៅ​ចែក​ឲ្យ​អ្នកភូមិ ដោយ ពួកគេ​គិតថា (​ពេជ្រ និង​ផ្លាក​ទីន​) មិនសូវមាន​តម្លៃ​ដូច​នាឡិកា និង​មាស​។​


​គួច សុ​ឃីម ត្រូវបាន​សុំ​យកទៅ​ច​ញ្ចឹ​ម និង​ការរស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹម​
​សុ​ឃីម មានសំណាង​បាន​រស់​ដោយសារ​មាន​ឪពុកចិញ្ចឹម​ឈ្មោះ ហុក ម្តាយ​ឈ្មោះ ធុល មិនមាន​កូនស្រី​ហើយ​បាន​សុំ សុ​ឃីម ពី​យោធា​តំបន់​ឈ្មោះ វឿន និង ឡែ​ម ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ជាមួយ​ខ្លួន​។ នៅពេលដែល​កង​យោធា​បណ្តើរ​ក្រុមគ្រួសារ ម៉ា​ញ៉េប ទៅ​សម្លាប់​នៅពេល​ព្រលប់​ថ្ងៃនោះ យោធា​ឈ្មោះ ឡែ​ម ក៏បាន​ពរ​ក្មេងស្រី​ឈ្មោះ សុ​ឃីម (​ចៅ​របស់ ម៉ា​ញ៉េប​) យកមក​ប្រគល់​ឲ្យ​បងជីដូនមួយ​របស់ខ្លួន​ឈ្មោះ ហុក ហើយ​យោធា​ផ្សេងៗ​ទៀត​ក៏បាន​បន្ត​នាំយក​ក្រុមគ្រួសារ ម៉ា​ញ៉េប ទៅ​កន្លែង​សម្លាប់​តែម្តង​។ នៅ​ខណៈ​ពេលនោះ សុ​ឃីម មាន​ជំងឺ និង​អត់បាយ​ផង​នោះ សុ​ឃីម មិនអាច​ដើរ អង្គុយ និង​និយាយស្តី​បានឡើយ គឺ​ត្រូវ​ឪពុកម្តាយ​ចិញ្ចឹម​ព្យាបាល និង​មើលថែរ​ប្រមាណ​១​ទៅ​២​ខែ ទើប សុ​ឃីម អាច​អង្គុយ ដើរ និង​និយាយស្តី​បាន ប៉ុន្តែ សុ​ឃីម ហាក់​មិន បាន​ចងចាំ​អំពី​អ្វីដែល​ខ្លួន​បានរស់នៅ​ជាមួយ​ជីដូន​ជីតា​នៅ​ភ្នំពេញ ការជម្លៀស​ពី ទីក្រុង​ភ្នំពេញ​មក​នៅ​ស្រុក​ភ្នំក្រវាញ និង​ការរត់​ភៀសខ្លួន​ចេញពី​ស្រុក​ភ្នំក្រវាញ​មកដល់​ភូមិ​វាលវែង​នេះឡើយ​។


​សុ​ឃីម មានសំណាង​ដែល​បាន​ឪពុកចិញ្ចឹម​ស្រឡាញ់ ពេល​ឪពុក​ទៅណា​មក​ណា​ភាគច្រើន​តែង​យក សុ​ឃីម ទៅជា​មួយ និង​ឲ្យ សុ​ឃីម ឡើង​ជិះ​ក​គាត់​។ សុ​ឃីម ដឹងថា ឪពុកចិញ្ចឹម សុ​ឃីម នៅ​ក្នុងសម័យ​ខ្មែរក្រហម​មិនបាន​នៅផ្ទះ​ទេ​។ គាត់​ច្រើន​ដើរ​ធ្វើការ​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម និង​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ប្រទេស​ថៃ​យកមក​ឲ្យ​ខ្មែរក្រហម​។ នៅ​ឆ្នាំ​១៩៧៧ ប្រជាជន​ទាំងអស់​នៅ​ស្រុក​វាលវែង ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញមក​រស់នៅ​ស្រុក​លាច (​ស្រុក​ភ្នំក្រវាញ​) វិញ​។ កាលនោះ​ឪពុក​ម្តាយចិញ្ចឹម សុ​ឃីម ត្រូវ​អង្គការ​ខ្មែរក្រហម​បញ្ជូន​ទៅមុន ចំណែក សុ​ឃីម ត្រូវ​រស់នៅ​ជាមួយ​យាយ​ចិញ្ចឹម​បន្ត​មួយរយៈ​ទៀត​។ សុ​ឃីម តែងតែ​ឆ្ងល់​ថា យាយ​ចិញ្ចឹម​ម៉េច​ក៏​ចេះតែ​ធ្វើបាប​គាត់ ហើយ​ពេល​គាត់​ធ្វើ​អ្វី​តែងតែមាន​កំហុស ចំណែក​ចៅៗ​ផ្សេងទៀត​មិនដែល​ត្រូវបាន​ស្តីបន្ទោស និង​ត្រូវ​រំពាត់​ដូច​ខ្លួន​ឡើយ​។ ពេល​ខ្មែរក្រហម​ជម្លៀស​មក​នៅ​ស្រុក​លាច ទើប សុ​ឃីម បាន​ជួប​ឪពុក​ម្តាយចិញ្ចឹម និង​រស់នៅ​ជាមួយ​ពួកគាត់​វិញ​។ ពេល​ស្នាក់នៅ​ស្រុក​លាច សុ​ឃីម ត្រូវបាន​អង្គការ​បាន​ចាត់តាំង​ឲ្យ​ចូល​កងកុមារ​ដើរ​កាប់​ទន្ទ្រានខែត្រ កាប់​ដី​បូក​ដើម្បី​យកទៅ​ធ្វើ​ជី​។ នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៧៨ សុ​ឃីម ឮ​ម្តាយចិញ្ចឹម​ប្រាប់ថា ឪពុក​ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ប្រទេស​ថៃ​។ ឪពុក​របស់ សុ​ឃីម តាំងពី​ចេញទៅ​បាត់​ខ្លួន​រហូត មិនឃើញ​ត្រឡប់មកវិញ​ទេ​។ សុ​ឃីម រស់នៅ​ជាមួយ​ម្តាយ​រហូតដល់​កងទ័ព​វៀតណាម​ចូលមក​នៅ​ឆ្នាំ​១៩៧៩​។​


​ជីវិត​របស់ គួច សុ​ឃីម ក្រោយ​ឆ្នាំ​១៩៧៩
​ ​ពេល​កងទ័ព​វៀតណាម​ចូល​មកដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ សុ​ឃីម និង​ម្តាយចិញ្ចឹម​មិន​រត់​ចូល​ព្រៃ​ទេ គឺ​រស់នៅ​ក្នុងភូមិ​ព្រែក​៣ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ នៅ​ឆ្នាំ​១៩៧៩ ប្រជាជន​នៅក្នុង​ភូមិ​មាន​សិទ្ធិសេរីភាព​ក្នុងការ​និយាយស្តី ហើយ​អ្នកជិតខាង​បាន​ហៅ សុ​ឃីម ថា សំណាងៗ​។ នៅ​ឆ្នាំ​១៩៨០ សុ​ឃីម បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ភូមិ​ព្រែក ពេលនោះ​មាន​មនុស្ស​ប្រុស​ពីរ​នាក់​បាន​ជិះ​កង់​មករក សុ​ឃីម ប៉ុន្តែ​សុ​ឃីម បាន​រត់គេច​ពី​បុរស​ទាំងពី​នាក់​នោះ ព្រោះ​គិតថា ប្រ​ម៉ាត់​ប្រមង់​មករក​ចាប់​កូនក្មេងៗ​។ ក្រោយមក​អ្នកគ្រូ​ឈ្មោះ កាយ បាន​ប្រាប់ថា បុរស​ទាំងពីរ​នាក់​នោះ​មករក សុ​ឃីម​។ ប៉ុន្តែ សុ​ឃីម នៅតែ​មិនដឹងថា បុរស​ម្នាក់​ក្នុង​ចំណា​ម​ពីរ​នាក់ ដែល​ជិះ​កង​មករក​ខ្លួន​នោះ​គឺជា​ឪពុក​បង្កើត​ឡើយ ពីព្រោះ​គាត់​បាន​មករក សុ​ឃីម តែម្តង ហើយក៏​បាត់​ដំណឹង​រហូត​។​


​ ​នៅ​ដើមឆ្នាំ​១៩៨០ អតីត​កង​យោធា​ខ្មែរក្រហម​ឈ្មោះ សៀ​ប ដែល​បានសម្លាប់​បងៗ យាយ និង​មីង​របស់ សុ​ឃីម បានមក​រស់នៅ​ក្នុងភូមិ​ជាមួយ សុ​ឃីម​។ សៀ​ប ជា​អ្នករក​ខ្លឹម​ចាន់​យកទៅលក់​ឲ្យ​ថៃ ហើយ សៀ​ប តែងតែ​មក​ជិត និង​ឲ្យ​លុយ សុ​ឃីម ចាយ​ជា​ហូរហែ ព្រោះ សៀ​ប ក៏​ជា​សាច់ញាតិ​ម្នាក់​របស់​ឪពុកចិញ្ចឹម សុ​ឃីម ដែរ​។


​អ្នកភូមិ​ព្រែក ដែល​ធ្លាប់​រស់នៅ​ភូមិ​វាលវែង​ជាមួយ​ឪពុកម្តាយ​ចិញ្ចឹម​របស់ សុ​ឃីម តែងតែ​និយាយ​ចំអន់​លេង​ថា ឯង​មានសំណាង​ណាស់​ដែល​បានរស់នៅ​មក​សព្វថ្ងៃនេះ​។ សុ​ឃីម ចេះតែ​ឆ្ងល់​នឹង​សំដី​អ្នកភូមិ​ដែល​និយាយ​រឿងរ៉ាវ​របស់ខ្លួន​ជា​ញឹកញាប់​។ សុ​ឃីម ក៏​ចាប់ផ្តើម​បានដឹង​រឿងរ៉ាវ​របស់ខ្លួន​ខ្លះៗ និង​បានដឹង​ច្បាស់​នៅក្នុង​ឆ្នាំ​១៩៨៦​។ ចំណែក​ម្តាយចិញ្ចឹម​របស់ សុ​ឃីម តែងតែ​ព្យាយាម​លាក់​ព័ត៌មាន​ទាំងនេះ​មិន​ឲ្យ សុ​ឃីម ដឹង​ពី​រឿងរ៉ាវ​របស់ខ្លួន​ឡើយ​។​


គួច សុ​ឃីម យល់សប្តិ​ឃើញ​យាយ និង​បានដឹង​ការ​ពី​ការសម្លាប់​ក្រុមគ្រួសារ​
​នៅ​ឆ្នាំ​១៩៨៦ សុ​ឃីម បាន​យល់សប្តិ​ឃើញ​យាយ​របស់ខ្លួន​មក​ហៅ​ឲ្យ​ទៅ​រស់ នៅ​ជាមួយ​គាត់​នៅក្នុង​ស្ទឹង​មួយ​។ នៅពេល​ព្រឹក​ថ្ងៃ​បន្ទាប់ សុ​ឃីម បាន​ដើរទៅ​ផ្ទះ​ឪពុកមា​ចិញ្ចឹម​ម្នាក់​ឈ្មោះ ហឿង ដែលជា​អតីត​យោធា​ខ្មែរក្រហម​ផ្នែក​ដឹកជញ្ជូន​តាម​ដំរី​។ សុ​ឃីម បាន​និយាយ​រៀបរាប់​ពី​ការយល់​សុបិន​ប្រាប់ ហឿង ថា ពូ​ខ្ញុំ​បាន​យល់សប្តិ​ថា យាយ​ខ្ញុំ​ស្លាប់​នៅ​ជិត​មាត់​ស្ទឹង​។ ពេលនោះ ពូ​ហឿង ភ្ញាក់ខ្លួន​ព្រឺ​ត ហើយ​សួរ​ខ្ញុំ​វិញ​ថា នរណា​និយាយប្រាប់​ឯង​? ខ្ញុំ​ឆ្លើយ​ប្រាប់ថា​ខ្ញុំ​យល់សប្តិ​ឃើញ​យាយ​របស់ខ្ញុំ ហឿង ក៏បាន​និយាយប្រាប់​ខ្ញុំ​ថា យាយ​និង​បង​ប្អូនឯង​ត្រូវបាន​យោធា​យកទៅ​សម្លាប់ ជិត​មាត់​ស្ទឹង​ប្រហែលជា​១០០​ម្រ៉ែ​ត​ពី​វត្ត​វាលវែង​ចាស់​។ ពូ​ហឿង ក៏បាន​ប្រាប់​ខ្ញុំ​អំពី​ឈ្មោះ​យោធា​ដែល​បានសម្លាប់​ក្រុមគ្រួសារ​ខ្ញុំ និង​រំលោភ​បងស្រី​ខ្ញុំ​ទៀតផង​។ យោធា​ដែល​បានសម្លាប់​និង​រំលោភ​ក្រុមគ្រួសារ​ខ្ញុំ គឺ​ភាគច្រើន​សុទ្ធតែជា​សាច់ញាតិ​ខាង​ឪពុកចិញ្ចឹម​ខ្ញុំ​។​


​ការរៀប​ការ និង​ការរកឃើញ​ឪពុកម្តាយ​បង្កើត​របស់ គួច សុ​ឃីម​
​ ​សុ​ឃីម បាន​ឈប់រៀន​នៅ​ឆ្នាំ​១៩៨៤ បន្ទាប់មក សុ​ឃីម បាន​ជួយ​ធ្វើ​ការងារ​ស្រែ ចម្ការ​ម្តាយចិញ្ចឹម និង​ស៊ីឈ្នួល​អ្នកស្រុក​អ្នកភូមិ​បាន​កម្រៃ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹមជីវិត​។ សុ​ឃីម បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ សុផាត នៅ​ឆ្នាំ​១៩៨៨​។ សុផាត មានស្រុក កំណើត​នៅ​ខេត្តតាកែវ និង​បានមក​ធ្វើ​កងទ័ព​ខាង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ប្រចាំ​នៅ​ស្រុក​ភ្នំក្រវាញ​នៅក្នុង​ឆ្នាំ​១៩៨៤-១៩៨៥​។ នៅពេល​ឈរជើង​នៅ​ភូមិ ព្រែក​នេះ សុផាត ក៏បាន​ជួប និង​ស្រឡាញ់ សុ​ឃីម​។ បន្ទាប់មក​អ្នក​ទាំងពីរ​ក៏​សម្រេចចិត្ត​រៀបការ​។ ដោយសារ​ភាពក្រីក្រ សុ​ឃីម និង សុផាត បានរៀបចំ​ពិធី​រៀបការ​តែ​បន្តិចបន្តួច ដោយមាន​សាច់ញាតិ និង​មិត្ត​ភ​ក្កិ ចូលរួម​តែ​បួនដប់​នាក់​ប៉ុណ្ណោះ​។


​ ​នៅ​ឆ្នាំ​១៩៩០ សុ​ឃីម បាន​សុំ​ឲ្យ​ម្តាយចិញ្ចឹម​និយាយ​ការពិត​ថា តើ​គាត់​មាន បានដឹងថា ឪពុកម្តាយ​បងប្អូន​បង្កើត​របស់ខ្លួន​នៅទីណា​ទេ​? បើ​គាត់​បានដឹង​សូម​ឲ្យ​គាត់​ជួយ​ស្វែងរក​ផង​។ កាលនោះ​ម្តាយចិញ្ចឹម សុ​ឃីម បានឃើញ សុ​ឃីម មានការ​លំបាក ផ្នែក​ជីវភាព​ពេក គាត់​ក៏​យល់ព្រម​ជួយ​ប្រាប់​ដំណឹង​របស់ សុ​ឃីម ទៅខាង​សាច់ញាតិ របស់ សុ​ឃីម នៅ​ខាង​ភូមិ​ព្រៃ​ស្មាច់ ឃុំ​លាច ស្រុក​ភ្នំក្រវាញ​។ នៅ​ឆ្នាំ​១៩៩០ បងប្អូន​ជីដូនមួយរ​បស់ សុ​ឃីម មានឈ្មោះ ពិសិដ្ឋ និង​ឈ្មោះ ប៉េង បានធ្វើ​ដំណើរ​មកដល់​ផ្ទះ សុ​ឃីម ហើយ​បាន​ថតរូប សុ​ឃីម ផ្ញើ​ទៅ​ឪពុកម្តាយ​បង្កើត​នៅ​ប្រទេស​អូស្ត្រាលី ។​


​ ​នៅ​ឆ្នាំ​១៩៩២ ម្តាយ​របស់ សុ​ឃីម ឈ្មោះ វួ​ច​ង៉ោ បាន​មកលេង​ស្រុក​ខ្មែរ ប៉ុន្តែ​គាត់​មិន​ហ៊ាន​មក​ស្រុកកំណើត ព្រោះ​មិនទាន់​សុវត្ថិភាព​។ ម្តាយបង្កើត​របស់ សុ​ឃីម ក៏បាន​ណាត់ សុ​ឃីម ឲ្យ​ឡើង​មកជួប​នៅ​ភ្នំពេញ​។ សុ​ឃីម បានធ្វើ​ដំណើរ​មកជា​មួយ​ប្តី និង​ម្តាយចិញ្ចឹម​។ នៅ​ខណៈពេល សុ​ឃីម បាន​ជួបនឹង​ម្តាយបង្កើត​នៅ​ភ្នំពេញ ដំបូង​ម្តាយ​ហាក់ដូចជា​នៅមាន​ការសង្ស័យ ម្យ៉ាងទៀត​មាន​សាច់ញាតិ​និយាយប្រាប់​គាត់​ថា ប្រសិនបើ សុ​ឃីម ជា​កូនស្រី​គាត់​បង្កើត​មែន​នោះ​ម្តេច​ក៏មាន​សម្បុរ​ខ្មៅ ហេតុអ្វី​សម្បុរ​ស​មិន​ដូច​គាត់​។ ទោះបីជា​ម្តាយចិញ្ចឹម សុ​ឃីម បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ក៏ដោយ ក៏​គាត់​នៅតែ​មិន​អស់ចិត្ត ហើយ​បាន​ហៅ​គ្រូពេទ្យ​នៅ​ភ្នំពេញ​ម្នាក់​ឈ្មោះ ង៉ុ​យ មក​បូម​ឈាម សុ​ឃីម យកទៅ​ពិនិត្យមើល ដោយ​កុហកថា បូម​ឈាម​យកទៅ​មើល​មេរោគ​។ នៅពេល​រសៀល ថ្ងៃ​ដដែល​នោះ គ្រូពេទ្យ​បាន​យក​លទ្ធផល​ឈាម​មក​ឲ្យ បន្ទាប់ពី​មើល​លទ្ធផល​ឈាម​ហើយ ម្តាយ សុ​ឃីម បាន​ស្ទុះ​មក​ជិត សុ​ឃីម ហើយ​យំ​ឱប​គ្នា និង​បាន​ស្នាក់នៅ​ជាមួយគ្នា​នៅ​ទីក្រុង​ភ្នំពេញ​រហូតដល់​ម្តាយ សុ​ឃីម ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​។​


​ ​នៅ​ឆ្នាំ​១៩៩៧ ឪពុក​បង្កើត​របស់ សុ​ឃីម បាន​មកលេង​ស្រុក​ខ្មែរ​ម្តង និង​បាន​ណាត់ សុ​ឃីម ឲ្យ​មកជួប​នៅ​វត្ត​ស្ទឹងមានជ័យ ទីក្រុង​ភ្នំពេញ​។ ម្តាយ សុ​ឃីម បាន​និយាយថា ឪពុក សុ​ឃីម មិន​ងាយ​ជឿន​រណា​ងាយៗ​ទេ​។ គាត់​បាន​និយាយប្រាប់ យាយៗ​នៅក្នុង​វត្ត​ថា បើ​ខ្ញុំ​ជា​កូន​គាត់​មែន គាត់​ប្រាកដជា​ស្គាល់ ពេល​ខ្ញុំ​ចុះ​ពីលើ​ឡាន ទូ​រី​សមក ឪពុក​បង្កើត​របស់ខ្ញុំ​ភ្លាត់មាត់​ថា ខ្ញុំ​ពិតជា​កូន​របស់គាត់​មែន ពេលនោះ​យាយៗ​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​នាំគ្នា​និយាយថា មិនមែន​កូន​យ៉ាងម៉េច​បើ​មុខ​ដូច​ឪពុក​ចឹ​ង​។ សុ​ឃីម បាន​ជួប​ឪពុកម្តាយ​បង្កើត​វិញ ប៉ុន្តែ សុ​ឃីម ហាក់ដូចជា​គ្មាន​ភាព​សិទ្ធិ​ស្នាល​ឪពុក​នឹង​កូន​ឡើយ ព្រោះ សុ​ឃីម បាន​បែក​ពី​ឪពុកម្តាយ តាំងពី​នៅ​តូចៗ​មកម្ល៉េះ​គឺ​តាំងពី​ជំនាន់ លន់ នល់ ជំនាន់​ខ្មែរក្រហម រហូតដល់​ស្រុក​មាន​សន្តិភាព​គឺ​មិនដែល​បានរស់នៅ​ជាមួយគ្នា​ឡើយ​។ ឪពុកម្តាយ​របស់ សុ​ឃីម បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​អំឡុង​ឆ្នាំ​១៩៨០ ហើយ​សព្វថ្ងៃ ឪពុកម្តាយ សុ​ឃីម ចាស់ជរា​ណាស់​ទៅហើយ គឺ​ម្តាយ​មាន​អាយុ​៨៩ និង​ឪពុក​មាន​អាយុ​៩៣​ឆ្នាំ មិនអាច​ធ្វើដំណើរ​មក​លេង​ប្រទេស​កម្ពុជា​បាន​ដូច​មុន​ទៀតឡើយ​។ សព្វថ្ងៃ សុ​ឃីម ទាក់ទង​និយាយ​ទៅកាន់​ឪពុកម្តាយ​តែ​តាមរយៈ​ទូរ​សព្ទ​ប៉ុណ្ណោះ​។
ឯកសារយោងៈ

​.មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ វ៉ាន់ វឿន (​អ្នកភូមិ​វាលវែង ដែល​បានដឹង​រឿងរ៉ាវ​ក្មេងស្រី​រងគ្រោះ​គួច សុ​ឃីម​) នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩

.មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ គួច សុ​ឃីម (​ក្មេងស្រី​រងគ្រោះ​) នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩

.មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ យុង ខេង (​ប្អូនស្រី​បង្កើត​របស់​ឪពុកចិញ្ចឹម គួច សុ​ឃីម​) នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩

.មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ យុង ហ៊ំ (​ប្អូនប្រុស​បង្កើត​របស់​ឪពុកចិញ្ចឹម គួច សុ​ឃីម និង​ជា​កងឈ្លប​នៅ​ភូមិ​វាលវែង​) នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩

​.មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ត្រក នី (​ត្រូវជា​សាច់ញាតិ​ខាង​ម្តាយបង្កើត​របស់ គួច សុ​ឃីម​) នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ មាស ឡែ​ម (​យោធា​ខ្មែរក្រហម​ដែល​ចូលរួម​ចាប់ និង​សម្លាប់​ក្រុមគ្រួសារ​ក្មេងស្រី គួច សុ​ឃីម និង​ជា​ប្អូនជីដូនមួយ​របស់​ឪពុកចិញ្ចឹម​របស់ គួច សុ​ឃីម​) នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩

.មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ភាស​ជាមួយ ពះ ជប់ (​អតីត​យោធា​ខ្មែរក្រហម​ប្រចាំ​នៅ​ទួល​ម្កាក់ និង​ប្អូនជីដូនមួយ​របស់​ឪពុកចិញ្ចឹម​របស់ គួច សុ​ឃីម​) នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩