ក្មេង​ជាប់​ក្នុង​ល្អាង​ភ្នំ​ថៃ រស់​ដោយ​ដេក​នៅ​ស្ងៀម​និង​ផឹកទឹក​ជ្រាប​ធ្លាក់​ពីលើ​រូង​

1455
ចែករម្លែក

កុមារា​បាល់ទាត់​១២​នាក់​និង​គ្រូ​ជំនួយ​របស់គេ​បាន​នៅមាន​ជីវិត​ក្នុង​ល្អាង​ភ្នំ​អស់​១០​ថ្ងៃ​ដោយសារតែ​បន្ថយ​ចលនា​របស់គេ​និង​ផឹកទឹក​ដែល​ជ្រាប​ធ្លាក់​មក​តាម​ថ្មកំបោរ​។​

​អ្នក​ជួយសង្គ្រោះ​ម្នា​ក់លោក ស៊ូ​ផាត ខាំ​ស៊ូ​អេប បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​បាន​តាមដាន​ការសន្ទនា​រវាង​ទាហាន​កងទ័ពជើងទឹក​ថៃ​និង​ពួក​​កូនក្មេង​ដែលជា​បើ​ក្នុង​ល្អាង​។​លោក​ថា កងទ័ព​បាន​សួរ​ពួកក្មេងៗ​ទាំងនោះ​ថា​តើ​ពួកគេ​រស់​ដោយ​របៀប​ណា និង​ពួកគេ​បាន​តប​ថា​ពួកគេ​បាន​ព្យាយាម​ដេក​នៅ​ស្ងៀម​​និង​ផឹកទឹក​ដែល​ស្រក់​តាម​ថ្មកំបោរ​នៅក្នុង​ល្អាង​។​

​ក្នុងពេល​ជាមួយគ្នា សមាជិកគ្រួសារ​ជនរងគ្រោះ​ទាំង​១៣​នាក់​បាន​ផ្ទុះ​ការ​ត្រក​អរ​កាលពី​យប់​ថ្ងៃ​ចន្ទ ក្រោយ​ដឹងថា​ប្រតិបត្តិ​ការសង្គ្រោះ​រយៈពេល​១០​ថ្ងៃ​នៅ​ល្អាង​ថាំ​លួង​​នៅ​ទីបំផុត​ទទួលបាន​ជោគជ័យ​។​

​ទោះជា​យ៉ាងណា លោក​ណា​រ៉ុង​សាក់ អូ​សុ​ត​តាន​ណា​ខន​អភិបាលខេត្ត​ឈៀង​រ៉ៃ កន្លែង​ដែល​ក្រុមបាល់ទាត់​បាត់​ខ្លួន បាន​និយាយថា​នៅតែ​មានការ​ប្រឈម​នៅពេល​​ខាងមុខ​ក្នុង​ការនាំ​ពួកគេ​ចេញពី​រូង​ដែល​ទឹក​ជន់​លិច​។​

​លោក​ថា ការវាយតំ​លៃ​ដំបូង​បង្ហាញថា សុខភាព​សមាជិក​ក្រុម​នេះ​មិនមាន​បញ្ហា​ទេ​។​

​ណា​រ៉ុង​សាក់ បាន​និយាយថា​” ក្នុង​វីដេអូ​ដែល​គេ​ថត​ពេល​អ្នក​មុជទឹក​អង់គ្លេស​បាន​រកឃើញ​ក្មេង​ទាំងនេះ ពួកគេ​មើលទៅ​ហាក់​ហត់​ហេវ​អស់កម្លាំង ដែល​បង្ហាញថា​ពួក​​គេ​អត់​អាហារ​និង​ទឹក​អស់​ជាច្រើន​ថ្ងៃ​”​។​

​អ្នក​មុជទឹក​នៃ​ទាហានជើងទឹក​ថៃ​១៦​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំង​ដែល​គេ​ហៅថា ចំណោត​នឺ​ន​ណុ​ម​សាវ ដើម្បី​ស្នាក់នៅ​ជាមួយ​ក្មេងៗ​និង​មើលថែ​សុខភាព​ពួកគេ​​ហើយនឹង​ត្រៀម​ការជម្លៀស​។​

​ពួក​អ្នក​មុជទឹក​ក៏បាន​នាំទៅ​ជាមួយ​នូវ​អាហារ​ពិសេស​ដូចជា ជែ​ល​ថាមពល​និង​ទឹក​សំរាប់​ពួកក្មេង​ទាំងនេះ​។​

​លោក​អភិបាលខេត្ត បាន​និយាយថា​ដំណើរការ​ជម្លៀស​កូនក្មេង​ទាំងនេះ​កំពុង​ត្រៀម​ហើយ​ត្រូវ​ចំណាយពេល​ពីរ​បី​ថ្ងៃ និង​វិធី​ល្អ​បំផុត​នៅ​ពិចារណា​នៅឡើយ​៕ដោយ៖វាសនា