ក្មេង​ជំទង់​ធ្ងន់​បំផុត​លើ​ពិភពលោក​ទទួល​ការវះកាត់​សម្រក​ទម្ងន់ ដើម្បី​ចាប់ផ្តើម​ជីវិត​ធម្មតា​

896
ចែករម្លែក

​មី​ហៀ ចា​អ៊ី​ន អាយុ ១៤ ឆ្នាំ​ជា​ក្មេង​ជំទង់​ធ្ងន់​បំផុត​នៅលើ​ពិភពលោក ឥឡូវនេះ​អាច​ដើរ​ដោយ​មិនចាំបាច់​មាន​អ្នក​ជួយ​គ្រា​ដូច​មុន បន្ទាប់ពី​ការវះកាត់​ដ៏​អព្ភូតហេតុ​បាន​ជួយ​ឱ្យ​រូបគេ​ស្រក ៦៥ គីឡូក្រាម​។ ចា​អ៊ី​ន មកពី​តំបន់​អ៊ូ​ត​តាំ​ណាហ្គា ក្នុង​ទីក្រុង​ដេលី គឺជា​ក្មេង​ជំទង់​ទី​១ ដែល​បានធ្វើ​ការវះកាត់​ក្រពះ​ដើម្បី​សម្រក​ទម្ងន់​។ ឥឡូវនេះ​រូបគេ​មាន​ទម្ងន់ ១៧២ គីឡូក្រាម​។​

​ការវះកាត់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ដឹកនាំ​ដោយ​លោក ប្រា​ឌី​ប ជូ​បេ ប្រធាន​វះកាត់​សម្រក​ទម្ងន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ទីក្រុង​ដេលី​។ ក្រុមគ្រូពេទ្យ​បាន​ចំណាយពេល ២ ម៉ោង​កន្លះ​ដើម្បី​ធ្វើការ​វះកាត់​ក្រពះ ដែល​ក្នុងនោះ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវបាន​កែតម្រូវ​ឡើងវិញ​ទាំងអស់​ដើម្បីឱ្យ​អាហារ​ឆ្លងកាត់​ទៅ​ក្រពះ​ភាគច្រើន ដែល​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ឆ្អែត ពេល​ញ៉ាំ​អាហារ​តិចតួច​។​

​លោក​វេជ្ជបណ្ឌិត ប្រា​ឌី​ប ជូ​បេ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​ថា “​វា​ជាការ​ប្រឈម​មួយ​សម្រាប់​ខ្ញុំ ព្រោះ​មី​ហៀ​មាន​ទម្ងន់​ធ្ងន់​ខ្លាំងណាស់ ដល់​ទៅ ២៣៧ គីឡូក្រាម​។ ប៉ុន្តែ​យើង​អាច​វះកាត់​បាន​ដោយ​ជោគជ័យ​ហើយ​ឥឡូវនេះ​គាត់​មាន​ស្ថាន​ភាពល្អ​ហើយ​អាច​ដើរ​បាន​វិញ​ហើយ​។ យើង​កំពុង​តាមដាន​ដិតដល់​លើ​របប​អាហារ​របស់គាត់ ហើយ​គាត់​នៅតែ​បន្ត​ទទួល​ការពិនិត្យ​ជា​ទៀងទាត់​”​។

​មី​ហៀ ចា​អ៊ី​ន បានកើត​មកជា​ក្មេង​ធម្មតា​ដែលមាន​ទម្ងន់ ២,៥ គីឡូក្រាម ប៉ុន្តែ​ចាប់​ផ្តើមឡើង​ទម្ងន់​ក្នុង​ល្បឿន​មួយ​គួរឱ្យ​ព្រួយបារម្ភ ហើយ​នៅ​អាយុ ៥ ឆ្នាំ រូបគេ​មាន​ទម្ងន់​ដល់​ទៅ ៥០ គីឡូក្រាម​៕ ដោយ៖ កញ្ញាដាលីស

មី​ហៀ ចា​អ៊ី​ន ឥឡូវ​អាច​ដើរ​បាន មិនចាំបាច់​មាន​គេ​ជួយ​គ្រា​ដូច​មុន​ឡើយ