ក្មេង​ជំទង់​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយថា នាង​ចង់​ធ្វើការ​ដើម្បី​សេរីភាព​របស់​ស្ត្រី​គ្រប់រូប​លើ​ពិភពលោក​

396
ចែករម្លែក
  • 81
    Shares

​ក្មេងស្រី​ជំទង់​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​ដែល​ការហោះហើរ​គេច​ចេញពី​គ្រួសារ​ដ៏​ហិង្សា​របស់​នាង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​សកល​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​មករា​បាន​និយាយថា នាង​ចង់​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​សេរីភាព​របស់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​នៅ​ច្រើន​ឆ្នាំ​តទៅ​មុខ​។​

​នាង រ៉ា​ហា​ហ្វ ម៉ូ​ហា​ម៉េ​ត (Rahaf Mohammed) ក៏បាន​ទទួលយក​ជីវិត​រស់នៅក្នុង​ប្រទេស​កាណាដា​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ ដោយ​និយាយថា នៅពេល​នាង​ដឹងថា​នាង​នឹង​ទទួលបាន​សិទ្ធិ​ជ្រកកោន “​ភាព​តានតឹង​ដែល​ខ្ញុំ​មាន​កាលពី​សប្តាហ៍​មុន​បាន​រលាយ​បាត់អស់​ទៅហើយ​”​។​

​ក្មេងស្រី​អាយុ ១៨ ឆ្នាំនេះ​ក៏បាន​ទុកចោល​អតីតកាល​របស់​នាង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​បាន​យ៉ាង​រហ័ស​ផងដែរ ដោយ​បោះបង់ចោល​ឈ្មោះ​របស់​គ្រួសារ​អាល់​គូ​ណាន់ (Alqunun) ដែល​បាន​កាត់កាល់​នាង​។​

​នៅក្នុង​ការបង្ហាញ​មុខ​ជា​សាធារណៈ​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អ​.​ស​.​ប និង​អង្គ​ការជួយ​ជនអន្តោប្រវេសន៍ នាង​បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ម្នា​ក់ថា អាទិភាព​ទីមួយ​គឺ​ត្រូវ​រៀន​ភាសា​អង់គ្លេស​។​

​ក្មេងស្រី​រូបនេះ​បាន​មកដល់​ប្រទេស​កាណាដា​កាលពី​ចុង​សប្តាហ៍​បន្ទាប់ពី​ការហោះហើរ​ពី​ស្រុកកំណើត​របស់​នាង​។ នាង​បាន​ភៀសខ្លួន​ចេញពី​គ្រួសារ​របស់​នាង ខណៈពេលដែល​នាង​ទៅលេង​នៅ​កូ​វ៉ែត​និង​ជិះ​យន្តហោះ​ទៅ​ទីក្រុង​បាងកក​។ នៅពេលនោះ​នាង​បាន​បង្ខាំង​ខ្លួន​នាង​នៅ​សណ្ឋាគារ​របស់​ព្រលានយន្តហោះ​ដើម្បី​បញ្ចៀស​ការ​និរទេស​ខ្លួន​និង​បង្ហោះ​លើ Twitter អំពី​ស្ថានភាព​របស់​នាង ដោយ​ទទួលបាន​ការអាណិតអាសូ​រ​ជា​អន្តរជាតិ​និង​ជំ​រុញឱ្យ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អ​.​ស​.​ប​ស្វែងរក​ផ្ទះមួយ​សម្រាប់​នាង​។​

​នាង​បាន​និយាយថា “​ថ្ងៃនេះ​និង​សម្រាប់​ឆ្នាំ​ទៅមុខទៀត ខ្ញុំ​នឹង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​សេរីភាព​របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​។ គឺ​សេរីភាព​ដូចគ្នា​ដែល​ខ្ញុំ​បាន​ជួបប្រទះ​នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បានមក​ដល់​ប្រទេស​កាណាដា​”៕ ដោយ៖ កញ្ញាដាលីស

នាង រ៉ា​ហា​ហ្វ ម៉ូ​ហា​ម៉េ​ត និយាយ​ជា​សាធារណៈ​លើកដំបូង​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ​របស់​កាណាដា​កាលពី​ថ្ងៃ​អង្គារ