ក្មេង​បាក់​ទឹកចិត្ត ភាគច្រើន​បណ្តាលមកពី​

240
ចែករម្លែក

ជំងឺ​ធ្លាក់​ទឹកចិត្ត​វ័យ​ជំទង់ គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​ឲ្យ​មាន​អារម្មណ៍ ទុក្ខព្រួយ​ជាប់​ជានិច្ច និង​ការបាត់បង់​នូវចំណាប់អារម្មណ៍​នៅក្នុង​ការធ្វើសកម្មភាព​នានា​។​

​វា​អាច​ប៉ះពាល់​ដល់​ការគិត អារម្មណ៍ និង​ឥរិយាបថ ហើយ​វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហាផ្លូវ​អារម្មណ៍ មុខងារ និង​រូបរាងកាយ​។ ទោះបីជា​ជំងឺ​ផ្នែក​ផ្លូវ​អារម្មណ៍​ដូចជា ជំងឺធ្លាក់​ទឹកចិត្ត អាច​កើតមានឡើង​នៅពេល​ណាមួយ​នៅក្នុង​ជីវិត តែ​រោគសញ្ញា​អាចមានភាពខុសគ្នា​រវាង​មនុស្ស​វ័យ​ជំទង់ និង​មនុស្សពេញវ័យ​។​

​បញ្ហា​ដូចជា​សម្ពាធ​ពី​មិត្តភក្តិ និង​សម្ពាធ​ពី​ការសិក្សា​ អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​ខាង​ផ្នែករូបរាងកាយ​ដែល​អាចធ្វើ​ឲ្យ​ល្អប្រសើរ ឬ​អាចជា​រឿង​អាក្រក់​។​

​ជំងឺ​ធ្លាក់ទឹក​ចិ​ត្ត​គឺ​មិនមែនជា​ភាពទន់ខ្សោយ ឬ​ជា​អ្វីមួយ​ដែល​អាច​ជម្នះបាន​ដោយ ងាយៗ​នោះទេ វា​អាចមាន​ផលវិបាក​ធ្ងន់ធ្ងរ និង​ទាមទារ​ឲ្យ​មានការ​ព្យាបាល រយៈពេល​វែង​។​

​ចំពោះ​ក្មេង​វ័យ​ជំទង់​ភាគច្រើន​រោគសញ្ញា​ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​បន្ធូរបន្ថយ​បាន​ដោយ​ការព្យាបាល​ដូចជា​ការប្រើ​ថ្នាំ និង​ការផ្តល់​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​។​

​វា​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់លាស់​នោះទេ​នូវ​អ្វីដែល​ជាហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ មាន​កត្តា​ផ្សេងៗ​ខុសគ្នា​ជាច្រើន​ដែល​អាចទាក់ទង​ជាមួយ ដែល​ទាំងនេះ​រួមមាន​ដូចជា​៖

• កត្តា​គីមី​ជីវសាស្ត្រ​៖ សារធាតុ​បញ្ជូន​សរសៃប្រសាទ​គឺជា​សារធាតុ​គីមី​ក្នុង​ខួរក្បាល ដែល​ទំនងជា​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ នៅពេលដែល​សារធាតុ​គីមីទាំងនេះ​មិនមាន​តុល្យភាព ​វា​អាច​នាំ​ឲ្យ​មាន​រោគ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
• កត្តា​អ័រម៉ូន​៖ ការផ្លាស់ប្តូរ​នូវ​តុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​អាចជា​មូលហេតុ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
• កត្តា​ពូជ​៖ ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺ​កើតមាន​ច្រើនចំពោះ​មនុស្ស​ដែលមាន​សាច់ញាតិ​មាន​ជំងឺ​នេះ​។​
• ការ​ប៉ះ​ទ​ង្គិច​តាំងពី​កុមារភាព​៖ ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវចិត្ត​ក្នុង​វ័យ​កុមារ​ដូចជា​ការរំលោភបំពាន​ផ្នែក​រាងកាយ ឬ​អារម្មណ៍ ឬ​ការបាត់បង់​ឪពុកម្តាយ​អាច​បណ្តាលឲ្យ​មានការ​ផ្លាស់ប្តូរ​នៅក្នុងខួរក្បាល ដែល​ធ្វើឲ្យមនុស្ស​កាន់តែ​ងាយ​នឹង​ធ្លាក់​ទឹកចិត្ត​៕ ដោយៈ health.com.kh /Ha