ក្មេង​បាល់ទាត់​ដែល​ជាប់​ក្នុង​ល្អាង​ភ្នំ​ថៃ ចេញពី​មន្ទីរពេទ្យ​ហើយ​

650
ចែករម្លែក

​ក្មេងប្រុស​១២​នាក់​និង​គ្រូ​ជំនួយ​របស់គេ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ល្អាង​រូងភ្នំ​ភាគ​ខាងជើង​ប្រទេស​ថៃ ត្រូវ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​និង​និយាយ​​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​លើកដំបូង​។​

​ក្រុមបាល់ទាត់​”​ជ្រូកព្រៃ​” ត្រូវបាន​អនុញ្ញាតអោយ​ចេញពី​មន្ទីរពេទ្យ​មុន​កាលកំណត់​ដូច​ក្នុងការ​ប្រកាស​កាលពីមុន​មួយថ្ងៃ​និង​អាជ្ញាធរ​សង្ឃឹមថា​នឹងធ្វើ​ពិធី​ជួប​អ្នក​សារព័ត៌​​មាន​មុនពេល​ពួកគេ​ទៅផ្ទះ​ដើម្បីអោយ​អ្នកកាសែត​សួរ​សំណួរ​អោយអស់​ក្នុង​បំណង​កុំអោយ​អ្នកយកព័ត៌មាន​តាម​រំ​ខាន​ពួកគេ​បន្ទាប់ពី​ពួកគេ​បាន​វិល​ទៅកាន់​ជីវភាព​ធម្មតា​នៅឯ​ផ្ទះ​។​

​មេដឹកនាំ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​ពុធ​បាន​ទទូច​អោយមាន​ការប្រយ័ត្នប្រយែង​ក្នុងការ​សួរ​សំណួរ​មិន​សំខាន់ ដែល​អាច​បង្ការ​ប៉ះពាល់​អារម្មណ៍​។​

​ក្មេងៗ​ទាំងនេះ​ត្រូវបាន​នាំ​ចេញមកក្រៅ​ល្អាង​ក្នុង​ប្រតិបត្តិការ​ដ៏​ផ្សងគ្រោះថ្នាក់​មួយ ពាក់ព័ន្ធ​អ្នក​មុជទឹក​ថៃ​និង​បរទេស​រាប់សិប​នាក់​

​ពួក​គ្រូពេទ្យ​ក៏បាន​ណែនាំ​ក្រុមគ្រួសារ​របស់​ក្មេង​អាយុ​ពី​១១​ដល់​១៦​ឆ្នាំ​ទាំងនេះ ថា​គួរអោយ​ក្មេង​ទាំងនេះ​ជៀសវាង​អ្នកកាសែត​យ៉ាងតិច​មួយខែ​ក្រោយ​ចេញពី​មន្ទីរពេទ្យ​។​

​កិច្ចខិតខំ​អន្តរជាតិ​ដ៏​ក្លាហាន​ដឹកនាំ​ដោយ​ថៃ​ដើម្បី​សង្គ្រោះ​ក្រុម​ក្មេង​បាល់ទាត់​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទូទាំង​ពិភពលោក​ក្រោយពី​ពួកគេ​ដើរចូល​ក្នុង​ល្អាង​​កាលពី​ថ្ងៃ​២៣​មិថុនា និង​ជាប់​ចេញមកក្រៅ​មិនបាន​ដោយសារ​ទឹកភ្លៀង​ហូរ​ចូល​បិទ​រូង​។​

​ក្រោយ​ជាប់​ក្នុង​រូង​អស់​អាហារ​អស់​៩​ថ្ងៃ ពួកគេ​ត្រូវបាន​ក្រុម​មុជទឹក​អង់គ្លេស​មួយក្រុម​រកឃើញ​នៅ​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​ពី​មាត់​ល្អាង​ភ្នំ​ថាំ​លួង​៕​ដោយ​៖​វាសនា​