ក្មេង​ម្នាក់​ស្លាប់​ម្នាក់​ជួយសង្គ្រោះ​ទាន់ពេល​ដោយ​លង់់​ទឹកស្រះ​នៅ​ស្រុក​រមាសហែក​

2022
ចែករម្លែក

ដោយ​: វ៉ៃ​កូ ស្វាយរៀង​: មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ក៏ដូចជា​ក្រុមគ្រួសារ​នាំគ្នា​ជួយសង្គ្រោះ​ក្មេងប្រុស​២​នាក់ ខណៈ​លង់​ទឹកស្រះ​ខាងក្រោយ​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​សង្គ្រោះ​ទាន់ពេល​ដឹក​មកកាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​រមាសហែក​។ ហេតុការណ៍​លង់ទឹក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្រញូង ឃុំ​មុខដា ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​លង់ទឹក​ស្លាប់​នោះ មានឈ្មោះ វ៉ាន់ សា​វាន អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ អ៊ុក សា​វន អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ មាន​ម្តាយ​ឈ្មោះ ប៉ុល ស៊ីណា អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ក្មេងប្រុស​ដែល​ជួយសង្គ្រោះ​ទាន់ពេលវេលា​មានឈ្មោះ ប៉េះ ភាន អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ ប៉េះ សេន អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ មាន​ម្តាយ​ឈ្មោះ ខែ​ក ស៊ីណា​អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​តាម​អ្នកភូមិ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​ក្មេងប្រុស​២​នាក់ បាននាំគ្នា​រត់​ប្រឡែង និង​ចុះ​មុជ​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ប្រមាណ​ជា​១៥​នាទី ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល និង​ស្រែកហៅ​អ្នកភូមិ​ជួយសង្គ្រោះ​រូប​ខ្លួន ទើប​ឮ​ដល់​ក្រុមគ្រួសារ​នាំគ្នា​ជួយ​អន្តរាគមន៍ ប្រញាប់ប្រញាល់​ចុះ​មុជ​រកឃើញ និង​លើក​មក​ដាក់​លើគោក និង​ធ្វើ​ចលនា​ដៃជើង ប៉ុន្តែ​អកុសល​ក្មេងប្រុស​ឈ្មោះ វ៉ាន់ សា​វាន ដោយ​សភាព​ធ្ងន់​ពេក​ក៏បាន​បាត់បង់​ជីវិត ម្នាក់ទៀត​សង្គ្រោះ​ទាន់ពេល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​។​

​ក្រោយពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​មូលដ្ឋាន​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្ដុកក្ដួល​បំផុត​៕ ល​